ប្រជាពលរដ្ឋច្រើនគ្រួសារបានប្រតិកម្មទៅលើទីតាំងផលិតប្រហុកបង្ហូរទឹកសម្អុយជះក្លិនប៉ះពាល់ដល់ការរស់នៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពល រដ្ឋរស់នៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណ៣០ ទៅ ៤០គ្រួសារ រស់នៅក្បែរទីតាំងផលិតប្រហុក ផ្អកមួយកន្លែងបាន ប្រតិកម្មនិងចោទប្រកាន់ទៅលើម្ចាស់ទីតាំងឈ្មោះ តាំង កំពុងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរដោយបង្ហូរទឹកសម្អុយពីការធ្វើប្រហុក ផ្អកហូរលើថ្នល់ និងពាសវាលពាសកាល បង្កក្លិនស្អុយប៉ះពាល់ដល់សុខភាពនិងការរស់របស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋប្រាប់ អ្នកយកព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឱ្យដឹងថា ទីតាំងផលិតប្រហុកផ្អកនេះមានម្ចាស់ឈ្មោះតាំង បានដំណើរ ការជាង១០ឆ្នាំមកហើយ។ ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះបានទទួលក្លិនស្អុយជាង១០ឆ្នាំមកហើយដែរ។ គ្រួសារខ្លះមានសមាជិកក្មេងចាស់បានធ្លាក់ខ្លួនឈឺជា បណ្តើរៗហើយកន្លងមកពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធជា ច្រើនលើកឲ្យចុះមកជួយដោះស្រាយជូន ដល់ពួកគាត់ ប៉ុន្តែមន្រ្តីជំនាញ និងអាជ្ញាធរ ហាក់បីដូចជាគ្មានឆន្ទៈអនុវត្តឱ្យមានប្រសិទ្ធភាពច្បាស់លាស់ជួយដល់ពលរដ្ឋឲ្យបានពិតប្រាកដនោះទេ។ពោលគឺទីតាំងផលិតប្រហុកនោះនៅតែបន្តសកម្មភាព បង្កទុក្ខលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាដដែល ។

លោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ខាង មន្រ្តីមន្ទីរបរិស្ថាន និងអាជ្ញាធរក្រុងសិរី សោភ័ណ បានចុះទៅត្រួតពិនិត្យ និងដោះ ស្រាយជូនប្រជាពលរដ្ឋនោះហើយ ។ មន្រ្តី ជំនាញនិងអាជ្ញាធរបានតម្រូវឱ្យម្ចាស់ទីតាំងផលិតប្រហុកផ្អកកែតម្រូវបច្ចេកទេសដោយជីកអាងចម្រោះស្តុកទឹកសម្អុយ កាកសំណល់ពីការផលិតប្រហុកឱ្យបានត្រឹមត្រូវ ទើប អនុញ្ញាតឱ្យបង្ហូរទឹកចូលតាមប្រព័ន្ធលូទឹកនោះវិញ ។

លោកប្រាប់ឱ្យដឹងទៀតថា កិច្ចការងារ នេះមន្រ្តីបរិស្ថាននិងអាជ្ញាធរក្រុងបន្តតាមដានជាប្រចាំទៅលើម្ចាស់ទីតាំងផលិត ប្រហុកនោះថាតើបានអនុវត្តត្រឹមត្រូវតាមការណែនាំរបស់មន្រ្តីជំនាញបរិស្ថាន និង អាជ្ញាធរក្រុងបានហើយឬនៅ? ៕

buntheymenchey-4 buntheymenchey-2 buntheymenchey-3 buntheymenchey-6 buntheymenchey-5

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print