បើករថយន្តប្រដេញគ្នាពេញផ្លូវជ្រុលបុកម៉ូតូរបួសធ្ងន់២នាក់ ហើយបន្តបុកទូATM ប្រាសាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត៣គ្រឿងបើកប្រដេញគ្នាពេញផ្លូវបានជ្រុលទៅបុកម៉ូតូមួយគ្រឿងហើយរថយន្តមិនព្រមឈប់ដោះស្រាយទេបានបន្តបើករត់គេចរហូតទៅបុកម៉ាស៊ីនដកប្រាក់របស់គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ខូតខាត់ទាំងរថយន្តទៅមុខលែងរួច កាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៦៣កែងផ្លូវលេខ១៧២ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-8647 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ 1C-2685 ជិះឌុបគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់ ។

តាមសាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត៣គ្រឿង ១គ្រឿងម៉ាកកាមរីបាឡែន និង២គ្រឿងទៀតមិនចាំម៉ាកបើកប្រដេញគ្នាយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៦៣ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កែងផ្លូវលេខ២១៤ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរឌុបគ្នាក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យបុរសអ្នកឌុបរងរបួសធ្ងន់បាក់ជើងឆ្វេង ចំណែកស្ត្រីអ្នកជិះពីក្រោយរបួសរលាត់ដៃជើងធ្ងន់គួរសមដែរ ។

សាក្សីបន្តទៀតថា បន្ទាប់ពីបុកម៉ូតូហើយរថយន្តបង្កមិនបានឈប់ដោះស្រាយទេគឺបានបន្ថែមល្បឿនបើករត់រហូតដល់ផ្លូវលេខ១៧២រថយន្តបានបត់ស្តាំ តែដោយសារល្បឿនរថយន្តលឿនទើបធ្វើឲ្យរថយន្តជ្រុលទៅបុកម៉ាស៊ីនដកប្រាក់ «ប្រាសាក់» ដែលនៅក្បែរនោះបែកកញ្ចក់ខូចខាតស្ទើរទាំងស្រុង រីឯរថយន្តក៏ខូតខាតខ្ទេចទៅមុខលែងរួច ។ ភ្លាមៗនោះគេឃើញអ្នកបើកបរចុះពីក្នុងរថយន្តរត់ឡើងជិះរថយន្ត២គ្រឿងផ្សេងទៀតដែលបើកដេញគ្នានោះគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិចឯកជន ចំណែករថយន្តនិងម៉ូតូត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕

image1 image2 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print