អាជ្ញាធរជាតិអប្សរាបដិសេធថា មន្ដ្របស់ខ្លួនកាប់ដើមគ្រញូងនៅតំបន់អង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ លោកឡុង កុសល ប្រធាននាយករដ្ឋាននៃ អាជ្ញាធរជាតិអប្សរា បានបដិសេធចំពោះការលើកឡើងថា មន្ដ្រីរបស់ខ្លួនជាអ្នកកាប់បំផ្លាញដើមគ្រញូងមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ ស្ថិតនៅតំបន់អង្គរធំ កាលពីថ្ងៃទី៥ ខែវិច្ឆិកានេះទេ ដោយថា មន្ដ្រីអប្សរាកាប់ផ្ដាច់ ដើមឈើប្រណីតនោះ ដោយមានជនខិលខូចលួចកាប់ជិតដាច់ ។

កាលពីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នំា២០១៦ ដើមឈើគ្រញូងទំហំមុខកាត់៨តឹក ស្ថិតនៅតំបន់ប្រាសាទអង្គរធំ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានជនមិនស្គាល់មុខលួចកាប់បំផ្លាញ ប៉ុន្ដែប្រជាពលរដ្ឋនៅតំបន់នោះ បានចោទប្រកាន់ទៅក្រុមមន្ដ្រីអាជ្ញាធរជាតិអប្សរា ជាអ្នកប្រព្រឹត្តបទល្មើសនេះ។

លោក ស៊ឹម ឈីវឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាប ឲ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ថា តាមការបំភ្លឺពីប្រជាពលរដ្ឋនៅតំបន់នោះ អះអាងថា ដើមឈើប្រណីតនេះ គឺមន្ដ្រីអាជ្ញាធរជាតិអប្សរាប្រមាណ៥នាក់ ដឹកនាំដោយប្រធានផ្នែកការិយាល័យបរិស្ថាន នៃអគ្គនាយកដ្ឋានគ្រប់ព្រៃឈើលោក ចេវ ផល មន្ដ្រីអាជ្ញាធរ អ្នកកាប់ដោយ លោកបន្ដតាមសំដីពលរដ្ឋថា ក្រុមមន្ដ្រីទាំងនោះ បានប្រើរណាយន្ដពីរគ្រឿង និងប្រេងសាំងពីរកាដុង ដើម្បីផ្ដួលដើមឈើនោះ ។ ប៉ុន្ដែលោក មន្ទីរបរិស្ថានមិនទាន់មានវិធានការនៅឡើយទេ ដោយលោកថា មន្ទីរនឹងរៀបចំឯកសារប្ដឹងទៅតុលាការ ដើម្បីចាតិវិធនការតាមផ្លូវច្បាប់ស្ដីពីការពារបរិស្ថាន។

លោកបានបន្ដថា អ្នកកាប់ហ្នឹងតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅក្បែរហ្នឹងនៅភូមិនគរក្រៅហ្នឹងណាគេថា ក្រុមខាងអប្សរា ប៉ុន្ដែមែនមិនមែន ខ្ញុំអត់ដឹងទេ នេះជាប្រសាសន៍របស់គាត់ ដែលខ្ញុំចុះទៅសាកសួរបំភ្លឺព័ត៌មានពី គាត់ជាមួយខាងប៉េអឹមក្រុងមិញហ្នឹង តាមច្បាប់បរិស្ថានទោសធ្ងន់ គឺទោសឧក្រិដ្ឋកាប់បំផ្លាញព្រៃឈើ។

ប៉ុន្ដែករណីនេះ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានបដិសេធ ការចោទប្រកាន់នេះ។

លោកបន្ដថា ដើមឈើប្រណីតនេះ មានទំហំមុខកាត់៨តឹក ត្រូវបានជនមិនស្គាល់មុខលួចកាប់បំផ្លាញ កាលពីល្ងាចទី៤ ខែវិច្ឆិកាអស់ទំហំមុខកាត់៤តឹក នៅសល់មុខពីរតឹក ទើបមន្ដ្រីអាជ្ញាធរជាតិអប្សរា សម្រេចកាត់ផ្ដាច់បន្ថែម ដោយស្ថាប័ននេះបារម្ភខ្លាចដើមឈើនោះ ខ្យល់បក់ប៉ះចំដួលរលំបង្កគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ ដែលនាំឲ្យមានការស្ដីបន្ទោសដល់អាជ្ញាធរជាតិអប្សរា ប៉ុន្ដែលោកមិនបានជូនដំណឹងដល់ពលរដ្ឋជាមុនឡើយ ។ លោកថា ការបាត់បង់ដើមឈើដ៏កម្រនេះ ទុកឲ្យនគរបាលយុត្ដិធម៌ជាអ្នកចាត់វិធានការទៅលើជនខិលខូច ។

លោកបន្ដថា វាចឹងអត់មានថា ធ្វើឡើងដើម្បីទៅកាត់អាហ្ចឹងយកទៅលក់ដូរដើម្បីផលចំណេញអត់មានទេ អាហ្នឹងដើម្បីបញ្ជៀសពីគ្រោះថ្នាក់ ម៉្យាងយើងដឹងស្រាប់ហើយវា នៅសល់តែពីរតឹកហ្នឹងទុកម៉េច បាក់បាត់បង់ជីវិតមនុស្ស បាត់បង់ទ្រព្យសម្បត្ដិ ហ្នឹងខឹងអាជ្ញាធរជាតិអប្សរាទៀតឡូវហើយ ។

ទោះជាយ៉ាងណា កញ្ញា ខាន់ យ៉ង់ ជាបុក្គលិកធនាគារមួយរូប រស់នៅភូមិក្បែដើមឈើនោះ ឲ្យដឹងថា កញ្ញាក៍ដូចជាពលរដ្ឋនៅភូមិនគរក្រៅ យល់ឃើញថា ការអះអាងថា របស់អាជ្ញាធរជាតិអប្សរានេះ គ្រាន់ជាល្បិចកលដូច ស្វាស៊ីបាយលាបមាត់ពពែប៉ុណ្ណោះ ដោយថា នៅតំបន់នោះ គ្មានជនខិលខូចណាម្នាក់ហ៊ានលួចកាប់បំផ្លាញដើមឈើនៅតំបន់អង្គរបានឡើយ ក្រៅពីមន្ដ្រីស្ថាប័ននោះ ព្រោះមានអ្នកជំនាញគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាយាមកាមយ៉ាងតឹងតែងបំផុត ។ កញ្ញាសម្ដែងការសោកស្ដាយដើមឈើដែលមានតម្លៃដ៏មហាសាលមួយដើមនោះ ដោយទទួចឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការស្វែងរកចាប់ជនខិលខូចផ្ដន្ទាទោសតាមច្បាប់ និងរក្សាទុកដើមឈើដ៏មានតម្លៃនេះនៅកន្លែងសុវត្ថិភាព ។

កញ្ញាបន្ដថា៖ ខ្ញុំឃើញមានតាំងពីដើមអត់មានអ្នកហ៊ានលួចកាប់ដើមឈើនៅតំបន់អង្គរទេ មិនថា ដើមធំទេ សូម្បីដើមតូច ក៍អត់ហ៊ានកាប់ដែរ ព្រោះអប្សរាគាត់តាមឈឹបៗម៉ង ។ មានតែគេមានគោលបំណងគេទៅកាប់ ។ មតិយោបល់នៅក្នុងភូមិគាត់គិតថា គ្មានជនខិលខូចមកពីណាទេ និយាយទៅ គាត់ដាក់សង្ស័យទៅលើអប្សរាហ្នឹងម៉ង ចឹងបានគាត់អត់ឲ្យអប្សរាដឹកទៅ ។

កាសែតនគរវត្ដមិនអាចទាក់ទងលោក គឹម ឆៃហៀង អភិបាលរងខេត្ដសៀមរាបទទួលបន្ទុកបរិស្ថាន ដើម្បីសាកសួរករណីនេះដែរ ដោយលោកចុចផ្ដាច់ទូរស័ព្ទ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ប្រជាពលរដ្ឋបានតវ៉ាមិនឲ្យដឹកចេញពីតំបន់នោះទេ ដោយទាមទារឲ្យទុកនៅកន្លែងដដែល ដើម្បីទុកជាកេរ្តិ៍ដំណែល ប៉ុន្ដែសមត្ថកិច្ចបរិស្ថានបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើនៅស្រុកបន្ទាយស្រីទៅវិញ ហើយមកដល់ពេលនេះ ការកាប់ដើមឈើគ្រញូ្ងងនេះ មានភាពប្រទះប្រទើសគ្នា ទាំងស្ថាប័នរដ្ឋបាលព្រៃឈើ និងបរិស្ថាន ចំណែក អាជ្ញាធរជាតិអប្សរា ក៏មិនហ៊ានប៉ះពាល់ដល់ដើមគ្រញូងនេះដែរ ដោយទម្លាក់អាជ្ញាធរមួលដ្ឋានជាអ្នកទទួលខុសត្រូវទៅវិញ ៕

svay-1 svay-2 svay-3

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print