មហាសេដ្ឋី Farhad Moshiri ដែលជា ម្ចាស់ក្លិប Everton បានសន្យាថានឹងជួយគាំទ្រដល់អ្នកចាត់ការទូទៅលោក Koeman ដើម្បីទិញកីឡាករបន្ថែមយកមកពង្រឹងក្លិប ក្នុងខែមករាខាងមុខហើយថែមទាំងជំរុញ ឲ្យគម្រោងសាងសង់កីឡដ្ឋានថ្មីកាន់តែឆាប់ហើយ ។
លោក Farhad Moshiri បានថ្លែង ប្រាប់សារព័ត៌មាន Talk SPORT ថា “ខ្ញុំគ្មានការកំណត់ទឹកប្រាក់ដើម្បីចាយនោះទេ។ អ្នកចាត់ការទូទៅមានការតាំងចិត្តខ្ពស់ណាស់ប្រសិនបើកីឡាករណាមិនអាចធ្វើដូចគម្រោងការនោះយើងនឹងប្រើប្រាស់ កីឡាករផ្សេងទៀត។ ការងាររបស់ម្ចាស់ក្លិបនិងប្រធានក្លិបគឺទិញនិងបណ្តេញអ្នកចាត់ការទូទៅហើយអ្នកដទៃទៀតគឺនៅក្រោយអ្នកចាត់ការទូទៅ។ ពេលយើងជួលគាត់ មកធ្វើការគឺយើងគាំទ្រគាត់ហើយគាត់ មានសមត្ថភាព ហើយយើងទុកចិត្តគាត់។”
មហាសេដ្ឋីសញ្ជាតិអង់គ្លេសកាត់អៀរឡង់ Farhad Moshiri បានថ្លែងបន្តទៀតថា “ដើម្បីប្រកួតប្រជែងជាមួយនឹងក្លិបដទៃទៀតនៅក្នុងតំបន់ក្លិប Everton ត្រូវតែមាន តារាល្បីៗ។ ហេតុដូចនេះ ហើយយើងបាន ជួលលោក Koeman ដែលធ្លាប់ឈ្នះពាន រង្វាន់ Champions League ២សម័យកាល ពីនៅជាកីឡាករ។ ដើម្បីឲ្យក្លិបយើងប្រកួតប្រជែងជាមួយនឹងក្លិបដែលដឹកនាំដោយ (Pep) Guardiola, (Jose) Mourinho, (Juergen) Klopp នៅអង់គ្លេសដូចគ្នា យើងត្រូវការលោក Koeman”។
លោក Farhad Moshiri ក៏បានបញ្ជាក់ចំពោះអ្នកគាំទ្ររបស់ក្លិប Everton ថាពួក គេនឹងមានកីឡដ្ឋានថ្មីដើម្បីតបស្នងនឹងការស្មោះស្ម័គ្រគាំទ្ររបស់ពួកគេ។ក្លិប Everton លេងនៅក្នុងកីឡដ្ឋាន Goodison Park ចាប់ពីឆ្នាំ១៨៩២មកម្ល៉េះ៕
ដោយ៖ ដេវីត