ព្រះរាជអាជ្ញារងតុលាការខេត្តកណ្ដាល ចោទប្រកាន់បទល្មើសខុសអង្គហេតុ ពាក់ព័ន្ធរំលោភសេពសន្ថវៈក្មេងអាយុ១៤ឆ្នាំ

ចែករំលែក៖

កណ្ដាល៖ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់បុរសម្នាក់ពីបទ “រំលោភសេពសន្ថវៈ ” តាមមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ។ ជនសង្ស័យ សារភាពថា ខ្លួនបានរំលោភសេពសន្ថវៈរហូតបានសម្រេចចំនួន៣លើក ។

អ្នកច្បាប់មួយរូប បញ្ជាក់ថា ការចោទប្រកាន់នេះ ហាក់មិនត្រឹមត្រូវនោះឡើយ ព្រោះអង្គហេតុនៃបទល្មើស គឺ រំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ដែលជាអនីតិជនស្ថិតក្នុងស្ថានទម្ងន់ទោស ។ ប៉ុន្តែ លោក សេង រិទ្ធី អះអាងថា ការសម្រេចនេះ គឺ ត្រឹមត្រូវតាមផ្លូវច្បាប់ ។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា បានបញ្ជូនជនសង្ស័យឈ្មោះ ឆុន សុខនៅ អាយុ២០ឆ្នាំ មកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១៤ឆ្នាំ ។

ក្រោយការសាកសួរ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានចោទប្រកាន់ជនសង្ស័យពីបទ”រំលោភសេពសន្ថវៈ”តាមមាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល រួចបញ្ជូនសំណុំរឿងនិងជនត្រូវចោទ ទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។ ក្រោយមក លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារបណ្តោះអាសន្ន ។

មាត្រា២៣៩នៃក្រមព្រហ្មទណ្ឌ ចែងថា ” គ្រប់អំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ ឬ បញ្ចូលឧបករណ៍ណាមួយ ទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នាឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬ ដោយការឆ្មក់ឱកាស គឺ ជាបទរំលោភសេពសន្ថវៈ ។ បទរំលោភសេពសន្ថវៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។

ដោយឡែកមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ បទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ កាលបើអំពើនេះ ប្រព្រឹត្តទៅលើត្រង់ចំណុចទី១ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ ។

ពាក់ព័ន្ធករណីនេះ លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បញ្ជាក់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ថា ការសម្រេចចោទប្រកាន់នេះ គឺ ត្រឹមត្រូវ ទោះជនរងគ្រោះពិតជាមានអាយុ១៤ឆ្នាំក៏ដោយ ។ លោកថា ពេលនេះ ករណីនេះបច្ចុប្បន្នកំពុងបន្តនីតិវិធីនៅចៅក្រមស៊ើបសួរ ។

របាយការណ៍សមត្ថកិច្ច បង្ហាញថា មុនពេលកើតហេតុស្ត្រីជាម្តាយបានប្រើកូនស្រីឲ្យទៅទិញទឹកបរិសុទ្ធតែម្នាក់ឯង ។ គ្រាដែលក្មេងស្រីរងគ្រោះដើរត្រឡប់មកផ្ទះវិញ ស្រាប់តែជនសង្ស័យស្ទុះចូលទៅស្ទាក់ផ្លូវក្មេងស្រីរងគ្រោះចាប់គំរាមខ្ទប់មាត់ អូសចូលទៅក្នុងព្រៃស្ងាត់ធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចបំណងចំនួន៣លើក ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបាននិយាយគំរាមក្មេងស្រីរងគ្រោះកុំឲ្យប្រាប់នណា ទើបដើរត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ ពេលទៅដល់ផ្ទះក្មេងស្រីរងគ្រោះមិនបានប្រាប់ស្ត្រីជាម្តាយឲ្យបានដឹងនោះទេ ។

ជារឿងចៃដន្យស្ត្រីជាម្តាយឃើញឈាមប្រលាក់ជើង និងគូថខោក្មេងស្រីរងគ្រោះក៏ជជីកសួរនាំ ទើបដឹងរឿងនាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បាលបានចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យតែម្តង ៕

neart neart1

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print