មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅទទួលយកឈើក្រញូងពីនគរបាលខេត្តកណ្តាលទាំងមិនសប្បាយចិត្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ពេលចុះទៅទទួលយកឈើក្រញូងទម្ងន់១.១៧៤គីឡូក្រាម និងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងពីសមត្ថកិច្ចនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គេសង្កេតឃើញទឹកមុខមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះ ។ ទឹកមុខបង្ហាញឲ្យឃើញនៅពេលចុះទៅទទួលយកបទល្មើសព្រៃឈើនេះ ទំនងជាសមត្ថកិច្ចនគរបាលខេត្តកណ្តាលចាប់ប៉ះចំស្រូវជង្រុករបស់មន្ត្រីជំនាញ ។

គួរបញ្ជាក់ថា រថយន្តដឹកឈើក្រញូងខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្ទាក់បង្រ្កាបបាននៅលើកំណាត់ផ្លូវលេខ១១៥ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ គ្រាដែលរថយន្តមួយគ្រឿងនេះបើកបរពីកំណាត់ផ្លូវជាតិលេខ២១B ក្នុងគោលបំណងឆ្ពោះទៅផ្លូវជាតិលេខ២តាមគល់ស្ពានព្រែកហូរ បន្តដំណើរទៅឯខេត្តតាកែវ ដើម្បីយកទៅលក់ទៅឲ្យក្រុមឈ្មួញនៅប្រទេសវៀតណាម ។

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាលបានឲ្យដឹងថា រថយន្តដឹកបទល្មើសព្រៃឈើដែលត្រូវបានសមត្ថកិច្ចបង្រ្កាបបាននោះ ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ១.៥តោន ពណ៌ខៀវ ឃ្លុបពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពត2A-0034 មានផ្ទុកឈើក្រញូងសរុបទម្ងន់១.១៧៤គីឡូក្រាម ។ ចំពោះអ្នកបើកបររថយន្តដឹកបទល្មើសព្រៃឈើខាងលើនេះ ពុំត្រូវបានចាប់ខ្លួននោះទេ ព្រោះជនល្មើសដឹងសមត្ថកិច្ចដេញ ក៏ឈប់រថយន្តចុះគេចខ្លួនបាត់ ៕

kadal1-4 kadal1-5 kadal1-3 kadal1-2 kadal1-1

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print