តុលាការកំពូលបើកសវនាការរឿងក្ដី មន្ត្រីអាដហុកនិងមន្ត្រីគ.ជ.ប ថ្ងៃ២៣ វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីតុលាការកំពូលមួយរូប ថ្លែងថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការសំណុំរឿងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ។

សវនាការនេះដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។ កម្មវត្ថុនៃសវនាការនេះ គឺ បណ្តឹងសុំមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ ។

គួររំលឹកថា មន្ត្រីអាដហុក៤រូបនិងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ។

ក្រុមជនត្រូវចោទទាំង៥នាក់ ត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក យី សុខសាន្ត អនុប្រធានសមាគមអាដហុក លោក ណៃ រ៉ង់ដា អនុប្រធានសមាគមអាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី ជាន់ខ្ពស់សមាគមអាដហុក ត្រូវបានលោកព្រះរាជអាជ្ញារង គុជ គឹមឡុង ចោទពីបទ សូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ។ ដោយឡែកលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី តាមមាត្រា២៩ និង មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ ។ ជាមួយគ្នានេះ លោក សឺន សាលី ជាមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ផង ដែរ ។បទល្មើសសូកប៉ាន់សាក្សី កំណត់ការផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ ។

កន្លងមក តុលាការរកឃើញថា ក្រុមជនត្រូវចោទទាំង៥រូប មានតម្រុយពិរុទ្ធភាព ពាក់ព័ន្ធការលួងលោម ឬ បញ្ចុះបញ្ចូល ដោយផ្តល់ថវិកាជូនអ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យនិយាយការពិតប្រាប់សមត្ថកិច្ចចំពោះរឿងអាស្រូវផ្លូវភេទរបស់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕

neat1 neat2 neat3 neat4

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print