ប្រជាពលរដ្ឋឃុំត្រើយស្លារិះគន់ចំពោះការសាងសង់ស្ពានព្រែកឃ្លោកមានការយឺតយ៉ាវបង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋរស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បាននិយាយរិះគន់ថា ដំណើរការសាងសង់ស្ពានព្រែកឃ្លោក នៅក្បែរផ្សារព្រែកឃ្លោក តាមបណ្តោយផ្លូវជាតិលេខ១១០ ត្រើយខាងកើតដងទន្លេបាសាក់ ស្ថិតក្នុងភូមិថ្កុល-ភូមិព្រែកបាឡាត់ឆឹង មានការយឺតយ៉ាវ ។ ម្យ៉ាងទៀតផ្លូវវាងជង្ហុកដកទឹកបែកផុកវ៉ល់ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា ស្ពានព្រែកឃ្លោកចាស់ គឺជាស្ពានថ្មសាងសង់ឡើងអស់រយៈកាលជាច្រើនឆ្នាំមកហើយ ថ្មីៗនេះបានរងការខូចខាតបាក់ស្រុត ។ ទើបមន្ត្រីជំនាញ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ចុះមកធ្វើការសិក្សាធ្វើការសាងសង់ថ្មីឡើងវិញ ។ ស្ពានចាស់ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តបិទមិនឲ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរការឆ្លងកាត់តាំងពីដើមខែតុលា ឆ្នាំ២០១៦ និងបានប្រើប្រាស់គ្រឿងចក្រវាយកម្ទេចចោលខ្លះៗ ស្រាប់ជាប់គាំឈប់ដំណើរការទៅវិញ ។

ដោយឡែកផ្លូវវាងដែលមន្ត្រីជំនាញ នៃមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្ត ស្ថាបនាឡើងសម្រាប់ឲ្យយានយន្តធ្វើដំណើរឆ្លងកាត់ពុំបានធ្វើតាមស្តង់ដារ ក្លាយជាជង្ហុកបែកផុកវ៉ល់ ជាហេតុធ្វើឲ្យរថយន្តធុនធំដឹកទំនិញជាប់ផុងទៅមុខមិនរួច បង្កឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ ។ ការកកស្ទះចរាចរណ៍នេះបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់ត្រើយខាងកើតដងទន្លេបាសាក់ ខាតបង់ប្រាក់ និងពេលវេលាថែមទៀតផង ។

ពលរដ្ឋឃុំត្រើយស្លានិយាយថា មន្ត្រីជំនាញដែលចុះមកធ្វើការសិក្សាជំនាញដំណើរការសាងសង់ស្ពានព្រែកឃ្លោក ហាក់ដីដូចជាពុំសូវយល់ដឹងពីផលប៉ះពាល់នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ស្ពានព្រែកឃ្លោកនេះអាចនៅធ្វើដំណើរឆ្លងកាត់បាន តែបែរជាចុះមកបិទចរាចរណ៍រួចវាយកម្ទេចចោលយកដែកលក់អេតចាយ ហើយមិនប្រញាប់ធ្វើឡើងវិញ ។ បើគិតពីថ្ងៃវៃកម្ទេចរហូតមកដល់ពេលនេះមានរយៈពេលជាង១ខែមកហើយ ដំណើរការសាងសង់ស្ពានមិនទៅមុខសោះ ។ ពួកគាត់ពុំដឹងថា ការសាងសង់ស្ពាននេះខ្វះលុយសម្រាប់សាងសង់ឬយ៉ាងណានោះទេ ទើបបានជាជាប់គាំយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់លោក ម៉ឹង យូរឡែង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល ពិសេសឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត មេត្តាចាត់វិធានការចំពោះដំណើរការសាងសង់ស្ពានព្រែកឃ្លោក នេះឲ្យបានលឿនផងទាន ៕

img_3079 fullsizerender img_3066

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print