ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក

ចែករំលែក៖

ភ្នំពេញ៖ យោងតាមឯកសាររបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបានឱ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរមបុរាណយូរលង់ មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេសក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។

តាមសៀវភៅជ័យវរ្ម័នទី៧មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមាន ចែងថានៅក្នុងសម័យអង្គរនា គ.ស.សតវត្សរ៍ទី១២ប្រទេសកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ដោយព្រះបាទ ជ័យវរ្ម័នទី៧ស្តេចយាងធ្វើសង្គ្រាមជើងទឹកដើម្បីបង្ក្រាបពួកចាមដោយកងទ័ពទូកជា ចម្បាំងរំដោះក្រុងកម្ពុជាឱ្យរួចផុតស្រឡះពីខ្មាំងសត្រូវ(គ.ស.១១៧៧ -១១៨១) រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងបន្ទាយឆ្មារ ។ ក្នុង ចម្លាក់នោះមានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍ព្រះបាទជ័យ វរ្ម័នទី៧ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ក្នុង ចំណោមកងទ័ពទូកទាំងឡាយ។

ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀម ទម្លាប់លេខ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំងកម្ពុជាក្រោមមានចែងថាសម័យលង្វែក ព.ស. ២០៧១ គ.ស. ១៥២៨ ព្រះបាទអង្គចន្ទទី១ទ្រង់តែងតាំងពញាតាតងារជាស្និទ្ធភូបាលជាស្តេចត្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។

ស្តេចត្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចខាងក្រោមនេះ ៖ ទាហានជើងទឹកចែកជា៣ក្រុម ក្រុមទី១ ហៅទ័ពស្រួចហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ និងក្រុមទី៣ ហៅ ទ័ពបាសាក់គឺទូកធំមានដំបូល មានចែវ មានក្តោងមានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជា ទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។ របៀបបង្ហាត់ចម្បាំង “តាមទំនៀមស្តេច ត្រាញ់កម្ពុជាក្រោម” ស្រេចលើមន្ត្រី៤ទិស “ចតុស្តម្ភ” ដែលមាននៅក្នុងឱវាទស្និទ្ធភូ បាលស្តេចត្រាញ់គ្រប់ជំពូកដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក។ល។ កំណត់ថ្ងៃពេញ បូណ៌ មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើង គោក “សមយុទ្ធ” ១ថ្ងៃ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំងដ្បិតទីនោះមានទីប្រជុំទឹកគ្រប់ខេត្តទៅមកបានស្រួល។

តាមសៀវភៅនិងឯកសារជាប្រភព ទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែនិងមានពិធីហ្វឹកហ្វឺនពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតមកហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។ ឯកសារខ្លះបានសរសេរថាព្រះរាជពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុបដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាង ជិតស្និទ្ធទៅនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់ ប៉ុន្តែ ការបកស្រាយមួយដែលអាចយកជាការ គ្រប់គ្រាន់គឺក្នុងបំណង”ដឹងគុណព្រះគង្គានិង ព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅនិងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱ្យកករល្អក់”។ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្របនឹងស្ថានភាពភូមិសាស្ត្រជាក់ ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ យើង។ ព្រះរាជពិធីបុណ្យ អុំទូក ប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែហើយបានធ្វើឱ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយហើយក៏បញ្ជាក់ទៀតថាពេលនោះស្រូវក្នុងស្រែកំពុងតែ ទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គ លិចជន់ “សីហា-វិច្ឆិកា” ទឹកជំនន់ដ៏សន្ធឹកសន្ធាប់បានចូលចាក់ស្រោចស្រពបឹងបួរ តាមរយៈទន្លេសាបដែលហូរពីត្បូងទៅ ជើង។ ដល់រដូវទឹកស្រកដែលចាប់ផ្តើម នៅខែវិច្ឆិកាទឹកបឹងបួហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។

ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួមានប្រភពមកពីប្រទេសចិនដ៏សែនឆ្ងាយបានផ្តល់នូវជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបាន ដោយសារទឹកជំនន់នៃទន្លេបឹងបួទាំងឡាយបានធ្វើឱ្យដីមានជីជាតិបង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ ដំណាំ ទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃ ទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើនរាំង ស្កាត់នូវគ្រោះទុរ្ភិក្សនិងផ្តល់នូវសុភមង្គល។ ដូច្នេះហើយបានជាដល់រដូវទឹកស្រកបុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មីខែកត្តិកជារៀងរាល់ឆ្នាំ រៀបចំពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណ ទន្លេមេគង្គនិងទន្លេសាបដែលបានផ្តល់ជី ជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធី បុណ្យនេះតែងតែប្រារព្ធក្នុង រយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប៕

...

water-feet

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print