កងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឈើប្រណីតធ្នង់ជាង១រយសន្លឹកនិងច្រើនម៉ែត្រគូបបម្រុងឆ្លងដែនទៅវៀតណាម

ចែករំលែក៖

ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង១គ្រឿងក្នុងចំណោម៩គ្រឿង ដែលប៉ុនប៉ងដឹក ជញ្ជូនឈើប្រណីតឆ្លងដែនចេញពីខេត្ត ក្រចេះទៅប្រទេសវៀតណាមត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់ចាប់បានដោយសារការដឹកជញ្ជូនឈើនេះគ្មានលិខិតស្នាមអនុញ្ញាតត្រឹមត្រូវ និងបានយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ។

ឈើប្រណីតប្រភេទឈើធ្នង់ដែលគេអារផែជាសន្លឹកធំៗ មានចំនួន១១២សន្លឹក ស្មើនឹងជាង៤ម៉ែត្រគូប ត្រូវបានរឹបអូសជាមួយរថយន្តសាំយ៉ុងពណ៌ស១គ្រឿង កាល ពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១២ ខែវិច្ឆកា នៅលើ កំណាត់ផ្លូវជាតិ លេខ៧ ក្នុងទីប្រជុំជន ស្រុកស្នួល ខេត្តក្រចេះ ខណៈដែលរថយន្តដឹកឈើទាំងនេះបម្រុង ចរាចរឈើល្មើសច្បាប់ចេញទៅប្រទេស វៀតណាមតាមច្រករបៀងជាច្រើនកន្លែងនៅស្រុកស្នួល ។

មិនទាន់មានព័ត៌មានជាក់លាក់ពីអត្តសញ្ញាណម្ចាស់ឈើឬអ្នកបើកបររថយន្តដឹកឈើនៅឡើយដោយសារតែអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្តបានរត់គេចខ្លួន ខណៈក្រុមសមត្ថកិច្ចស្ទាក់ឃាត់រថយន្ត ដឹកឈើល្មើសច្បាប់នេះ ។ ប៉ុន្តែបើតាមការអះអាងពីសមត្ថកិច្ចនៅក្នុងខេត្តក្រចេះ បានបង្ហើបឱ្យដឹងថា រថយន្តដឹកឈើដែលសមត្ថកិច្ចចាប់បង្ក្រាបនេះជារបស់មេឈ្មួញម្នាក់ឈ្មោះធីកាប៉ូមានទីលំនៅក្នុងភូមិកាប៉ូ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

សមត្ថកិច្ចបាននិយាយទៀតថា កាល ពីរាត្រីម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃ ទី១២ខែវិច្ឆកា ឈ្មោះ ធីកាប៉ូ បានដឹកជញ្ជូន ឈើប្រណីតប្រភេទធ្នង់តាមរយន្តធុនតូច,ធំ ចំនួន៩គ្រឿង ក្នុងនោះរថយន្តសាំងយ៉ុង ៦គ្រឿងរថយន្តកាមរីបាឡែន២គ្រឿង និង តាមរថយន្តកាមរីហើម១គ្រឿងចេញពី ខេត្តស្ទឹងត្រែង តាមផ្លូវជាតិលេខ៧ចូល មកខេត្តក្រចេះ ដើម្បីយកទៅលក់នៅ ប្រទេសវៀតណាម ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីរថយន្តដឹកឈើល្មើសច្បាប់របស់ ឈ្មោះ ធីកាប៉ូទាំង៩គ្រឿង បានរត់បន្តកន្ទុយគ្នា ពាសពេញផ្លូវឆ្លងកាត់ខេត្តក្រចេះហើយនោះ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ក៏បានចាំស្ទាក់ចាប់នៅក្នុងទីប្រជុំជនស្រុកស្នួល បាន១គ្រឿង ចំណែក៨គ្រឿងទៀតត្រូវក្រុមឈ្មួញបើករត់គេចឆ្ពោះទៅប្រទេសវៀតណាមតែម្តង ។

ទាក់ទិនករណីបង្ក្រាបនេះដែរ នាយ សង្កាត់រដ្ឋបាលព្រៃឈើស្នួល លោក ឡាយ ធុចបាននិយាយថារថយន្តដឹកជញ្ជូនឈើប្រណីតនេះមិនមានលិខិតអនុញ្ញាតនាំចេញទើបមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយជំនាញរដ្ឋបាលព្រៃឈើចាប់ទុក ដើម្បីស្វែងរកអត្តសញ្ញាណម្ចាស់ឈើឲ្យ មកទទួលខុសត្រូវចំពោះមុខច្បាប់ ។

លោកនាយសង្កាត់បន្តថា ឈើដែលផ្ទុកនៅក្នុងរថយន្តសាំយ៉ុងដែលក្រុមឈ្មួញ បម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាមនោះ គឺមានចំនួន១១២សន្លឹក សុទ្ធសឹង ជាឈើប្រណីតប្រភេទធ្នង់ ស្មើនឹងជាង ៤ម៉ែត្រគូប ហើយពេលនេះមន្ត្រីជំនាញ កំពុងតែបំពេញបែបបទឯកសារបញ្ជូន សំណុំរឿងបន្តមកតុលាការ ។

ពាក់ពន្ធនឹងការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីតបម្រុងឆ្លងទៅប្រទេសវៀតណាមនេះពលរដ្ឋនៅក្នុងស្រុកស្នួលបានសាទរលើការបង្ក្រាបនេះនិងសុំឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់រកជនពាក់ព័ន្ធជំនួញឈើខុសច្បាប់នេះមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ពលរដ្ឋបានបន្តថា កន្លងទៅការដឹកជញ្ជូនឈើប្រណីតឆ្លងដែនទៅប្រទេសវៀតណាមគឺធ្វើឡើងគ្រប់រូបភាពតាមរយៈប្រជាពលរដ្ឋដឹកជញ្ជូនតាមម៉ូតូតាមរយៈ រថយន្តតូច,ធំជាដើម ចំណែកសមត្ថកិច្ចនៅ ក្នុងខេត្តក្រចេះនេះវិញ គឺមិនមានចំណាត់ការចាប់បង្ក្រាបនោះទេ គឺឃើញតែក្រុមសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន្តបពង្រាយកម្លាំងចាំរាប់ ក្បាលរថយន្តគិតលុយប៉ុណ្ណោះ ៕

img_4943 img_4951 img_4952 img_4954

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print