ពេជ្រ អាវីហ្សា ខ្លាចដល់ថ្នាក់មិនហ៊ានប្តឹងអតីតសង្សារជាប្អូនថ្លៃអ្នកឧកញ៉ា ទ្រីភាព

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង ពេជ្រ អាវីហ្សា ហៅម៉ី ដែលទើបនឹងប្រកាសបញ្ចប់ចំណងស្នេហាជាមួយនឹងប្អូនថ្លៃអ្នកឧកញ៉ាល្បីឈ្មោះមិនទាន់បានបាត់ហុយផ្សែងផង ស្រាប់តែលេចចេញនូវជម្លោះហិង្សាយ៉ាងព្រៃផ្សៃពីអតីតសង្សារ។ ទោះបីជាហិង្សាក្នុងក្លឹបកម្សាន្តនៅលើទឹកដីខេត្តព្រះសីហនុដែលធ្វើឲ្យល្បីខ្ទរខ្ទារពេញផ្ទៃប្រទេសក្តីក៏តារាសម្តែងសាច់សខ្ចីរូបនេះនៅមិនហ៊ានដាក់ពាក្យបណ្តឹងទៅកាន់តុលាការទាមទាររកយុត្តិធម៌នៅឡើយ ព្រោះតែនាងនៅតែខ្លាចរអារនឹងការយាយីពីសំណាក់អតីតគូស្នេហ៍ខាងលើ។

ករណីបង្កហិង្សារហូតបែកមុខមាត់ និងបន្សល់ស្នាមរបួសស្ទើរពេញរាងកាយចំពោះតារាសម្តែង ពេជ្រ អាវីហ្សាបានក្លាយជាប្រធានបទថ្មីនិងបង្កើតឲ្យមានប្រតិកម្មជាខ្លាំងក្នុងចង្កោមអ្នកសិល្បៈ មិនចាញ់ករណីអតីតពិធីការិនីសាសានោះទេ។ ទោះបីជារងការជេរប្រមាថ វាយដំដូចសត្វធាតុក្តីក៏តារាសម្តែងស្រីល្បីខាងសាច់ខ្ចីដើមទ្រូងធំរូបនេះនៅតែបន្តមិនហ៊ានតតាំងផ្នែកផ្លូវច្បាប់ជាមួយនឹងអតីតគូស្នេហ៍ដែលគេដឹងថា ធ្លាប់អាងលុយកាក់ និងអំណាចបងថ្លៃមានងារជាអ្នកឧកញ៉ាល្បីឈ្មោះនោះដែរ។ សង្សារនាងត្រូវបានគេស្គាល់ថាឈ្មោះ គៀង ហេង ហៅហ៊ាហេង ជាប្អូនថ្លៃនិងជាមនុស្សជំនិតអ្នកឧកញ៉ាទ្រីភាព ដែលកន្លងមកធ្លាប់មានបញ្ហាទំនាស់ជាញឹកញាប់ទាំងជាមួយអ្នកសិល្បៈ ព្រោះតែការប្រចណ្ឌជ្រុលហួសហេតុនោះ។ លោក គៀង ហេងក៏ត្រូវបានគេស្គាល់ដែរថា ជាបុរសដែលជាន់ផ្អៀងនៅខេត្តព្រះសីហនុ បានប្រើប្រាស់អំពើហិង្សាមកលើសង្សារ នាងពេជ្រ អាវីហ្សា ហៅអាម៉ី រហូតបែកមុខមាត់មើលស្ទើរលែងស្គាល់នៅក្នុងក្លឹបកម្សាន្តស្កាយ។

ព្រឹកថ្ងៃទី១៥ខែវិច្ឆិកានេះគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ជាថ្មីពីសំណាក់តារាសម្តែងពេជ្រ អាវីហ្សាបាននៅឡើយទេ ខណៈដែលទូរស័ព្ទរោទិ៍ជាច្រើនដងប៉ុន្តែនាងមិនទទួល។ ប៉ុន្តែបើតាមការបញ្ជាក់ពីអ្នកជិតដិតនាងបានលើកឡើងថា ពេជ្រ អាវីហ្សាទំនងជាខ្លាចរអានឹងការធ្វើបាបពីសំណាក់អាតីតគូស្នេហ៍ជាថ្មីប្រសិនបើនាងហ៊ានដាក់ពាក្យបណ្តឹង។ ប្រភពបន្តថា ការមិនដាក់ពាក្យបណ្តឹងនេះក៏ត្រូវបានគេទម្លាយដែរថា មានការសម្របសម្រួលពីសំណាក់អ្នកឧកញ៉ាទ្រីភាពដែរ ព្រោះតែអ្នកឧកញ៉ា មិនចង់ឲ្យទំនាស់កាន់តែរីកធំ និងឆ្លងកាត់ផ្លូវច្បាប់នោះទេ។ អ្នកសិល្បៈរូបនេះលើកឡើងថា តាមពិតទៅកន្លងមកពេជ្រ អាវីហ្សា ធ្លាប់បានសុំបែកពីសង្សារជាច្រើនលើកច្រើនសារ ព្រោះតែសង្សារនាងគឺជាបុរសកំពូលប្រចណ្ឌដែលសូម្បីតែនាងស្និទ្ធស្នាលជាមួយបងប្អូនមិត្តភក្កិក៏មិនបានដែរ។ ប្រភពបន្តទៀតថា កន្លងមកតារាស្រីរូបនេះក៏ធ្លាប់រងនូវអំពើហិង្សាជាហូរហែរពីសំណាក់គូស្នេហ៍ ប៉ុន្តែនាងព្យាយាមលាក់បាំង។ មានការលើកឡើងដែរថា ជម្លោះដែលកើតឡើងនៅក្លឹបកម្សាន្តស្កាយ នៅខេត្តព្រះសីហនុនោះក៏កើតឡើងពីការប្រចណ្ឌដែរ ប៉ុន្តែមិនមែនជាការស្ទាក់ទៅតាមវាយនោះទេគឺ តារាសម្តែងពេជ្រ អាវីហ្សា និងហ៊ាហេងនោះរួមដំណើរទៅកម្សាន្តជាមួយគ្នាតែប៉ុណ្ណោះ។ អ្នកសិល្បៈដែលដឹងរឿងបញ្ជាក់ថា ពេជ្រ អាវីហ្សាបានសុំសង្សារបែកជាច្រើនដង ប៉ុន្តែសង្សារនាងហាក់មិនព្រមបើកឲ្យនាងមានសេរីភាព រហូតពេលខ្លះនាងព្យាយាមចាកចេញទៅស្នាក់នៅប្រទេសថៃមួយរយៈពេលដើម្បីព្យាយាមផ្តាច់ស្នេហានេះក៏ដោយ ហើយដោយសារខ្លាចរអារនឹងការគំរាមកំហែងទើបនឹងព្រមត្រូវរ៉ូវគ្នាវិញ។

ស្របពេលនាងមិនហ៊ានតតាំងជាមួយជនដៃដល់ភ្លាមៗ នៅក្នុងសង្គមសិល្ប:ទាំងមូលតារាជាច្រើនបានសម្តែងប្រតិកម្ម និងកំហឹងជុំវិញករណីប្រើហិង្សាបុរសមានកម្លាំងបាយរឹងមាំ បែរមកវាយមនុស្សស្រីទន់ខ្សោយ ហើយវាគឺជាអំពើដែលសង្គមស្អប់ខ្ពើម និងស្នើឲ្យស្ថាប័នពាក់ព័ន្ធជួយចេញការពារតារាសម្តែងខាងលើផងដែរ។

អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករស្ម័គ្រចិត្តជួយសង្គម បានថ្លែងក្នុងគណនីយហ្វេសប៊ុករបស់អ្នកនាងថា ក្នុងនាមបុរសជាឪពុកដែលមានឋានៈតូចទាប ត្រូវឈរមើលមនុស្សប្រុសដែលត្រូវជាសង្សារកូនស្រីរបស់គាត់បានវាយកូនស្រីខ្លួនដោយមិនហ៊ានតតាំង បានត្រឹមតែឃាត់ដោយប្រយោលព្រោះខ្លាចអំណាចគេ តើឈឺចាប់និងខ្លោចផ្សារប៉ុណ្ណា ? តាមដឹងព័ត៌មានគួរយកជាការ គឺខាងប្រុសវាយប្រតាយប្រតប់ក្នុងឡាន ហើយឪពុកអាវីសាបានត្រឹមតែឈរយំនិងឃាត់ តែគ្មានអ្នកស្តាប់ បើជាការពិតមែនគឺឈឺហួសថ្លែង។

តារាសម្តែងជើងចាស់រូបនេះលើកឡើងថា ”ខ្ញុំចង់សួរទៅមនុស្សប្រុសមួយចំនួនថាហេតុអី ? មុននិងអ្នកលើកដៃវាយមនុស្សស្រីអ្នកមានគិតថា នាងលះបង់អ្វីខ្លះដើម្បីអ្នក ? កិត្តិយស គ្រួសារ និងខ្លួនប្រាណ ហេតុអីក៏ពួកអ្នកធ្វើបាបមនុស្សស្រីដូចសត្វយ៉ាងនេះ ? ខ្ញុំមិនដឹងថា តើអូន ពេជ្រអាវីសា គាត់មានកំហុសធ្ងន់ប៉ុណ្ណាទេ ខ្ញុំគ្រាន់តែដឹងថា ពិភពលោកទាំងមូលកំពុងតែលប់បំបាត់អំពើហិង្សាដែលកើតឡើងតាមប្រទេសនីមួយៗ ជាពិសេសអំពើហិង្សាពីបុរសមកលើស្ត្រី ពួកអ្នកគិតថាមនុស្សស្រីគឺជាបាវសាក់សំរាប់អ្នកបញ្ចេញកំហឹងឬ ? ទោះជាយ៉ាងណានាងប្រកាសផ្តល់មេធាវីជួយដល់តារាសម្តែងពេជ្រ អាវីហ្សា ប្រសិនបើនាងចង់បាន ហើយអ្វីដែលនាងចង់បានដែរនោះគឺការជួយអន្តរាគមពីសំណាក់ប្រមុខរដ្ឋាភិបាលឲ្យជួយរកយុត្តិធម៌សម្រាប់នាង។

គួរបញ្ជាក់ដែរថា យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាបានចែងអំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាការប្រាក់ពី៤.០០០.០០០(បួនលានរៀល) ទៅ ១០.០០០.០០០(ដប់លានរៀល) កាលបើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្តដោយសហព័ទ្ធ ឬដោយអនីតិសង្វាសជន របស់ជនរងគ្រោះ។

គេនៅមិនទាន់ដឹងនៅឡើយទេថា តើករណីលោក គៀង ហេង នេះនឹងត្រូវបានគេបញ្ចប់នៅក្រៅរបងតុលាការបានដែរឬយ៉ាងណានោះទេ៕

vyza-3 vyza vyza-5 image vyza-6 image image vyza-4 vyza-2 vyza-1image image

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print