ប្រជាពលរដ្ឋចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦ រយៈពេល២ថ្ងៃនេះ ប្រមាណ១លាន៧សែននាក់ 

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦  រយៈពេល២ថ្ងៃនេះ ប្រមាណ១លាន៧សែននាក់ បន្ទាប់ពី ព្រះរាជពិធីបុណ្យអុំទូកដែលកម្ពុជាបានខកខានអស់រយៈពេល៤ឆ្នាំ (២០១១,២០១២,២០១៣  និង២០១៥ មកនោះ នៅឆ្នាំ២០១៦នេះ  ត្រូវបានប្រារព្ធធ្វើឡើងវិញ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ វិច្ឆិកានេះ ។  ផ្អែកតាមតាមរបាយការណ៍របស់ សាលារាជធានីភ្នំពេញថា ៖ នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែនេះ មានអ្នកចូលរួមទស្សនាផ្ទាល់ចន្លោះពី៦០ទៅ៧០ម៉ឺននាក់ប៉ុណ្ណោះ ។ ដោយឡែកនៅថ្ងៃទី០២ មានចំនួន៧០មឺុនទៅ៨០មឺុននាក់។ ចំណែកករណីលួចវិញមានតែ៣ករណីប៉ុណ្ណោះ ក្នុងនោះជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន។

ដោយឡែកលើករណីប្រណាំងទូកវិញ មានទូកតែ២គ្រឿងប៉ុណ្ណោះបានលិច ហើយកីឡាករអុំទូកទាំងអស់ត្រូវបានជួយសង្គ្រោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតកីឡាករអ្វីឡើយ ។

តាមប្រភពដ៏ដែលបានបញ្ជាក់ថា៖ នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកនេះ ត្រូវបានគេវាយតម្លៃដែរថា បានប្រព្រឹត្តទៅដោយរលូនក្រោមការការពារពីកងកម្លាំងសន្តិសុខជាង១០០៣២ នាក់ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំនួនអ្នកចូលរួមទស្សនាដោយផ្ទាល់ពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានចំនួនកើនឡើងនៅឡើយ បើធៀបទៅនឹងបណ្តាឆ្នាំ២០១៤ ។

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានសន្និដ្ឋានថា ៖ ការកើនឡើងចំនួនអ្នកចូលរួមទស្សនានៅថ្ងៃទី១ ,២ នៃពិធីបុណ្យជាតិឆ្នាំនេះ ទំនងជាប្រជាពលរដ្ឋកម្ពុជាមួយចំនួនមិនមានការភ័យខ្លាច ចំពោះព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ កាលពីឆ្នាំ២០១០ នោះឡើយ ។

ចំណែកលោក អាង គឹមអ៊ាង  អតីតប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជា បានកត់សម្គាល់ដែរថា ការខកខានប្រារព្ធពិធីបុណ្យប្រពៃណីជាតិជាច្រើនលើកបានធ្វើឲ្យចំនួនអ្នកមកទស្សនាពិធីបុណ្យអុំទូកនេះកើនឡើង ហើយចំនួនទូកដែលចូលរួមប្រណាំងក៏បានកើនឡើងដែរ។

សូមបញ្ជាក់ដែរថា៖ ព្រះរាជពិធីបុណ្យ បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ត្រូវបានកម្ពុជាប្រារព្ធធ្វើឡើងវិញ បន្ទាប់ពីខកខានចំនួន៤លើក ចាប់តាំងពីមានព្រឹត្តិការណ៍រត់ជាន់គ្នានៅកោះពេជ្រ កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១០មក គឺនៅឆ្នាំ២០១១ម្តង ដោយសារកម្ពុជាជួបគ្រោះទឹកជំនន់, ឆ្នាំ២០១២និងឆ្នាំ២០១៣ម្តងទៀត ដោយសារប្រជាពលរដ្ឋកម្ពុជាត្រូវកាន់មរណទុក្ខព្រះបរមរតនកោដ្ឋ និងចុងក្រោយនៅឆ្នាំ២០១៥ ម្តងទៀត។ មូលហេតុកាលនោះ គឺដោយសារតែទឹក រ៉ាក់ពេកមិនអាចអុំបាន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសខ្វះទឹកប្រើប្រាស់ ៕

samrith-5 samrith-4 samrith-7 samrith-6 samrith-1 samrith-2 samrith-3

ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print