ឪពុកលោតតោងរថយន្តកុំឲ្យបើកចេញពីផ្ទះ កូនមិនស្តាប់បើកបុករះម៉ូតូ២គ្រឿង ប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ជាឪពុកបានលោតតោងពីមុខរថយន្តកូនដើម្បីឲ្យរថយន្តឈប់ តែអ្នកបើកបរជាកូនមិនព្រមបញ្ឈប់រថយន្តឡើយ គឺសុខចិត្តបន្តបើកទៅមុខរហូតធ្លាក់ឪពុករបួសធ្ងន់។ មិនតែប៉ុណ្ណោះ កូនចិត្តភ្លើងរូបនេះថែមទាំងបន្ថែមល្បឿន រថយន្តទាំងបែកកង់ទៅបុករះម៉ូតូគេ២គ្រឿងតាមផ្លូវ ទើបអ្នកឃើញហេតុការណ៍នេះនាំគ្នាជួយឃាត់បានក្នុងចម្ងាយជាង៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និ២០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាំងពីចំណុចមុខស្តុបសណ្ឋាគារ.ស តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រហូតដល់ចំណុចផ្លូវលេខ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទើបឃាត់បាន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែលលោតតោងពីមុខរថយន្តនោះគឺជាឪពុករបស់អ្នកបើករថយន្តដែលទើបតែមកពីធ្វើការនៅប្រទេសថៃ ហើយកូនកំហូចនេះ បានលួចយករថយន្តទៅជិះទើបគាត់តាមឃាត់មិនឲ្យជិះ តែកូនប្រុសរបស់គាត់មិនព្រមឈប់រថយន្តឡើយ ដោយបន្តបើកគេចពីឪពុករហូតបុករះម៉ូតូ២គ្រឿងទើបប្រជាពលរដ្ឋតាមចាប់ខ្លួនដោយយកដុំថ្មគប់បែកកញ្ចក់រថយន្តនិងបាននាំគ្នាវាយទ្រមខ្លួន គ្រាដែលរថយន្តបែកកង់ទៅមុខលែងរួច។

តាមសម្តីឪពុកម្តាយជនបង្កបានឲ្យដឹងថា មុនពេលកើតហេតុដោយសារតែកូនប្រុសរបស់គាត់ទើបតែមកពីប្រទេសថៃ ហើយក្លាយខ្លួនជាមនុស្សខិលខូច ទើបគាត់មិនអនុញ្ញាតឲ្យយករថយន្តជិះ។ ប៉ុន្តែកូនប្រុសរបស់គាត់នៅតែលួចយករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-1961 បើកចេញក្រៅផ្ទះទាល់តែបានតាំងពីព្រឹកមកម្ល៉េះ ។

ឪពុកម្តាយជនបង្កបានឲ្យដឹងទៀតថាពេលនោះដោយសារតែរថយន្តគាត់មានបំពាក់ ប្រព័ន្ធតាមដាន GPS ទើបគាត់ទាំង២នាក់ប្ដីប្រពន្ធក៏បានមើលតាមប្រព័ន្ធនោះ ទើបដឹងថារថយន្តនៅចំណុចខាងលើទើបគាត់ជាឪពុកបានរត់ទៅពាំងពីមុខរថយន្តដើម្បីឃាត់កូនកុំឲ្យជិះទៅមុខទៀត តែកូនប្រុសកំហូចម្នាក់នេះមិនព្រមឈប់ទេ គឺបើកទៅមុខទៀត ធ្វើឲ្យគាត់ទ្រាំមិនបាន ក៏បានលោតតោងលើមុខកញ្ចក់រថយន្តបានប្រមាណជា២០០ម៉ែត្រ ទើបគាត់ធ្លាក់ចុះមកដី។ពេលឃើញដូច្នេះប្រជាពលរដ្ឋ ស្មានថារថយន្តបុកគេតាំងពីណាមក ក៏បាននាំគ្នាបើកម៉ូតូដេញតាមព្រមទាំងស្រែកថា ចោរៗ ធ្វើឲ្យកូនប្រុសគាត់ដែលជាអ្នកបើករថយន្តភ័យបើករថយន្តរេពេញថ្នល់រួចជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ទ 8184 ជិះដោយបុរស២នាក់បណ្ដាលឲ្យរបួសស្រាល តែភ្លាមនោះរថយន្តមិនបានឈប់ទេ គឺបានបន្តដំណើរហូតដល់ស្ពានអាកាស៧មករា ក៏បានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ុយគីលែត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-9994 ជិះដោយបុរស៣នាក់បណ្ដាលឲ្យរងរបួសស្រាលទៀត។បន្ទាប់មក រថយន្តនៅតែមិនព្រមឈប់ទៀត រហូតដល់ប្រជាពលរដ្ឋដេញតាមដល់ចំណុចផ្លូវលេខ៣៣៧ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទើបអាចឃាត់រថយន្តបានពេលរថយន្តបែកកង់ទៅមុខលែងរួច។ ស្របពេលនោះ ប្រជាពលរដ្ឋមិនអាចទប់កំហឹងបាន ក៏យកដុំថ្មគប់រថយន្តបណ្ដាលឲ្យបែកកញ្ចក់ខ្ទេច រីឯកូនប្រុសគាត់វិញ រងរបួសបែកក្បាល ។

ប្រភពព័ត៌មានពីមន្រី្តនគរបាលខណ្ឌទួលគោកបានឲ្យថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកបានចុះមកដល់រំដោះនិងនាំខ្លួនជនបង្កជាម្ចាស់រថយន្តខាងលើចេញពីកណ្តាប់ដៃប្រជាពលរដ្ឋទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់១ ព្រមទាំងយករថយន្ត និងម៉ូតូទាំងអស់ ព្រមទាំងម្ចាស់រថយន្តបង្ក នាំយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានី រង់ចាំការដោះស្រាយតាមច្បាប់ ៕

%e1%9e%9b%e1%9e%bd%e1%9e%85%e1%9e%a1%e1%9e%b6%e1%9e%93%e1%9e%aa bk-2 bk-3 bk-5 bk-1 bk-4

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print