ប្រជាពលរដ្ឋស្រុកមង្គលបុរីកំពុងរស់នៅក្នុងភាពភ័យខ្លាចដោយសារការដ្ឋានវាយបំបែកថ្ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ នៅស្រុកមង្គលបុរីជាច្រើនគ្រួសារបាន អះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មលក់នៅភ្នំធំបានបំផ្ទុះថ្មឮសំឡេងខ្លាំង និងខ្ទាតដុំថ្មប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។ ប្រជាពលរដ្ឋព្រួយបារម្ភខ្លាចក្រែងក្រុមហ៊ុនធ្វើអាជីវកម្មថ្មយូរៗទៅនឹងរលាយអស់ភ្នំពីផែនដី ហើយធ្វើឲ្យកូនចៅជំនាន់ក្រោយមិនស្គាល់ភ្នំធំ និងបង្កឲ្យមានគ្រោះ ធម្មជាតិផ្សេងៗកើតឡើងនៅតំបន់នោះ ។

ប្រជាពលរដ្ឋរស់នៅចង្កេះភ្នំធំស្រុក មង្គលបុរីលើកឡើងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធនៅតែបណ្ដោយឲ្យក្រុមហ៊ុនធ្វើ អាជីវកម្មវាយបំបែកថ្មលក់ដោយសេរីបន្តទៅទៀត បញ្ហានេះនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងដល់ការរស់នៅរបស់ពួកគាត់ជា ពុំខាន ។

លោក អ៊ុច ដន ពលរដ្ឋម្នាក់រស់នៅ ចង្កេះភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ថ្លែងថា ក្រុមហ៊ុនចំនួន៤ ធ្វើអាជីវកម្មវាយបំបែកថ្មលក់នៅភ្នំធំ មានរយៈពេលប្រហែល ៥ឆ្នាំហើយ ដែលបានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនោះ ។ លោកអះអាង ថា នៅពេលដែលក្រុមហ៊ុនវាយបំបែកថ្ម ម្ដងៗមានសំឡេងលាន់ឮដូចរន្ទះបាញ់ ហើយធ្វើឲ្យរង្គោះរង្គើផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះ និងសាលារៀនប្រេះស្រាំ អស់ជាច្រើនខ្នង ។ ក្រៅអំពីនេះលោកថានៅពេលក្រុមហ៊ុនវាយបំបែកថ្ម ពេលខ្លះ កម្ទេចថ្មខ្ទាតចម្ងាយរាប់រយម៉ែត្រមកត្រូវ ដំបូលផ្ទះរបស់ពួកគាត់ធ្លុះធ្លាយស្ទើររៀង រាល់ថ្ងៃ ។ ប៉ុន្តែពុំមានអាជ្ញាធរ ឬក្រុមហ៊ុនណាចេញមកទទួលខុសត្រូវសងសំណងខូចខាតផ្ទះរបស់ពួកគាត់ឡើយ ។

នៅភ្នំធំ ស្រុកមង្គលបុរី មានក្រុមហ៊ុនធំៗដែលធ្វើអាជីវកម្មវាយបំបែកថ្មលក់ចំនួន ៤កន្លែង រួមមានក្រុមហ៊ុន អុិត លឿ ក្រុមហ៊ុន គោ ណៃ ក្រុមហ៊ុន នុក ទូច និងក្រុមហ៊ុន លឹម សេង។ នៅចង្កេះភ្នំនេះ មានពលរដ្ឋរស់នៅប្រមាណ ៤០០គ្រួសារ ហើយប្រជាពលរដ្ឋភាគច្រើនព្រួយបារម្ភ អំពីក្រុមហ៊ុនវាយបំបែកថ្មធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ។

លោក ថាវ ស៊ីណែត លើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនវាយបំបែកថ្មនៅភ្នំនេះបានប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់នឹងមានទំហំធំធេងកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ជាពិសេសរយៈពេល ប្រមាណ២ឆ្នាំកន្លងទៅនេះ ។ លោកអះអាង ថា កន្លងទៅមានកម្មករធ្វើការនៅក្នុងក្រុមហ៊ុនខ្លះ ត្រូវកម្ទេចថ្មខ្ទាតទៅលើធ្វើឲ្យបាក់ជើងនិងរងរបួសជាច្រើននាក់ ប៉ុន្តែខាងក្រុមហ៊ុនតែងបិទបាំងរឿងទាំងអស់នេះ ដោយ មិនបញ្ចេញឲ្យសាធារណជនបានដឹងឡើយ គឺព័ត៌មានចេញទៅខាងក្រៅបាននៅពេល ណាដែលមានមនុស្សស្លាប់ច្រើននាក់ ដែល មិនអាចលាក់បាំងបានប៉ុណ្ណោះ ។ លោក ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ក្រុមហ៊ុន វាយបំបែកថ្មនៅភ្នំធំទាំងអស់ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់នៅជុំវិញចង្កេះភ្នំនេះ ។

ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តបន្ទាយ មានជ័យ លោក សុត វឌ្ឍនា មានប្រសាសន៍ ថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មនៅភ្នំធំចំនួន៤កន្លែងនោះ មានច្បាប់អនុញ្ញាត ពីក្រសួងរ៉ែ និងថាមពល ។ ទោះជាយ៉ាង នេះក្ដីលោកថាចំពោះផលប៉ះពាល់ដោយសារក្រុមហ៊ុនវាយបំបែកថ្មទៅលើប្រជាពលរដ្ឋនោះ គឺខាងមន្ទីរមិនហ៊ានសម្រេចឲ្យ បញ្ឈប់ក្រុមហ៊ុនធ្វើអាជីវកម្មបាននោះទេ ។

កាលពីរសៀលថ្ងៃទី១៦ ខែតុលា ផ្ទាំងថ្មបានមធ្លាក់សង្កត់ខូចអេស្កាវ៉ាទ័រចំនួន២គ្រឿង និងស្លាប់មនុស្សចំនួន៣នាក់ រួមមានលោក លឹម ប៊ុនឡុង អាយុ២៦ឆ្នាំ លោក ហែម គឹមឡេង អាយុ៥២ឆ្នាំ និង លោក ថន រដ្ឋា អាយុ៣៦ឆ្នាំ ដែលអ្នក ទាំង៣កំពុងធ្វើការនៅកន្លែងកើតហេតុនៅភូមិភ្នំធំត្បូង ឃុំប្រាសាទ ស្រុកមង្គលបុរី ។ ក្រោយមកអាជ្ញាធរខេត្តបន្ទាយមានជ័យបានផ្អាក ក្រុមហ៊ុន លឹម សេង មិនឲ្យធ្វើអាជីវកម្មថ្មភ្នំបណ្ដោះអាសន្ន រហូតមកទល់ពេលនេះមិនទាន់ដំណើរការនៅឡើយ ។ ចំណែកក្រុមហ៊ុនវាយបំបែកថ្ម៣ផ្សេងទៀតនៅបន្តសកម្មភាពរបស់ខ្លួនដដែល ។

រដ្ឋធម្មនុញ្ញមាត្រា៥៩ចែងថា រដ្ឋត្រូវ រក្សាការពារបរិស្ថាន និងតុល្យភាពនៃភោគ ទ្រព្យធម្មជាតិ ហើយត្រូវចាត់ចែងឲ្យមានផែនការច្បាស់លាស់ក្នុងការគ្រប់គ្រង មាន ជាអាទិ៍ ដីធ្លី ទឹក អាកាស ខ្យល់ ប្រព័ន្ធ អេកូឡូស៊ី រ៉ែ ថាមពល ប្រេងកាត និង ឧស្ម័ន ថ្ម និងខ្សាច់ ត្បូងថ្ម ព្រៃឈើ និង អនុផលព្រៃឈើ ពពួកសត្វព្រៃ មច្ឆជាតិ និងធនធានធម្មជាតិជាដើម ៕

btb

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print