មេបនល្បែងនិងជើងកាង៤នាក់ កំពុងរៀបចំជើងព្រួលយកលុយទប់ទល់ស្ថាប័នបង្រ្កាបល្បែងស៊ីសង

ចែករំលែក៖

ភ្នំពេញ៖ ខណៈដែលសម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យ អាជ្ញាធរ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មានវិធានការបង្ក្រាប បនល្បែងស៊ីសងគ្រប់ប្រភេទឲ្យខាងតែបាន ហើយក្នុងនោះគ្រោងបង្កើតឲ្យមាននាយកដ្ឋាន បង្ការបង្រ្កាប ល្បែងស៊ីសងផងនោះ ស្រាប់តែថ្មីៗនេះ ក្រុមមេបននិងអ្នកកាងបនល្បែងក្នុងរាជធានីភ្នំពេញ៤នាក់ កំពុងជ្រួលជ្រើមរត់ការទប់ជើងគ្រែឲ្យមេៗបនល្បែងកន្ទុយលេខជាច្រើនក្នុងរាជធានីបានលេងតាមសម្រួលជាថ្នូរនឹង លុយរាប់ម៉ឺនដុល្លារ ដោយពួកគេអះអាងថា គេយកលុយនេះទៅរត់ការជាមួយសមត្ថកិច្ច ថ្នាក់លើ ជាពិសេសសមត្ថកិច្ចរាជធានីភ្នំពេញតែម្តង ព្រោះក្រុមខ្លួនជាមនុស្សស្និទ្ធិនឹងថ្នាក់លើទាំងនោះ ។

ប្រភពព័ត៌មានសម្ងាត់មួយបានឲ្យដឹងថា មេបនល្បែង កន្ទុយលេខទាំងនោះអ្នកខ្លះក្លាយជាឧកញ៉ាដោយសារតែបើកទីតាំងកត់កន្ទុយ លេខពេញរាជធានីភ្នំពេញ ក្នុងនោះរួមមាន ទី១-ឈ្មោះ ភក្ត្រ បើកកន្ទុយលេខនៅ ចំណុចផ្សារឈូកមាស ស្ថិតនៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ និងពង្រាយកូនកញ្ច្រែងរបស់ខ្លួនជាច្រើនរាប់ភ្លេច និងមួយកន្លែងទៀតស្ថិតនៅម្តុំសង្កាត់ព្រែកឯង ហើយក៏ត្រូវបានសមត្ថកិច្ច បង្ក្រាបកូនចៅរបស់ពួកគេថ្មីៗនេះរួចមកហើយត្រង់ចំណុចទីតាំងភោជនីយដ្ឋាន វាលស្បូវ។ ទី២-មេបនល្បែងឈ្មោះ ព្រីង ហៅឧកញ៉ា ព្រីង មានទីតាំងកត់កន្ទុយលេខ ដ៏ធំបំផុតនៅខាងក្រោយមណ្ឌលសុខភាពទឹកថ្លាម្តុំជីនណាន ស្ថិតក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ ៣-មេបនល្បែងកន្ទុយលេខ ឈ្មោះ លីន ប៉ាវ ផ្តាច់មុខដើម្បីឲ្យកូន កញ្ច្រែងកត់កន្ទុយលេខនៅក្នុងដែនរដ្ឋបាលខណ្ឌឫស្សីកែវ និងទី៤- មេកាងប៉ាវល្បែងស៊ីសងលើមនុស្សទាំង៣នាក់ខាងលើទៅទៀតនោះ គឺឈ្មោះខឹល ហៅ ផេង ដែលមានកូនជឹងជំនិតម្នាក់ទៀតឈ្មោះ គីម ហ័ង ជាអ្នករត់ការជាមួយថ្នាក់លើ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ប៉ុន្មានថ្ងៃមុននេះ ឈ្មោះ គីម ហ័ង ជាអ្នកកាងនិងរត់ការជាមួយថ្នាក់លើបានរាយការណ៍ប្រាប់មេល្បែងកន្ទុយលេខធំៗនៅភ្នំពេញថា ខ្លួនគេធានារត់ការជាមួយសមត្ថកិច្ច ដោយនិយាយថា« ឲ្យតែមានលុយខ្ញុំធានាឲ្យ ទាំងអស់ អង្គុយចាំតែកត់ទៅ ប៊ិចនិងក្រដាសខ្ញុំជាអ្នកចេញ។ ចំពោះអ្នកកាសែត ៥ពាន់ មួយម៉ឺនរៀលយើងចេញឲ្យគេទៅ ។ ដោយឡែកសមត្ថកិច្ចក្រុង ខ្លួនគេ(គីម ហ័ង)ជាអ្នកធានាទាំងអស់ កុំភ័យ ! »
នេះជាល្បិចរកស៊ីរបស់មេបនល្បែងនិងអ្នកប៉ាវល្បែងស៊ីសងទាំងនេះបន្ទាប់ពីពួកគេ ចាត់ទុកថា ជាមេបនល្បែងចំណាត់ថ្នាក់កំពូលនិងជាប្អូនធម៌មេៗសមត្ថកិច្ចនិងជាកូនធម៌មេៗ អាជ្ញាធរ នៅក្នុងរាជធានីមួយចំនួន ដើម្បីកើបលុយពីល្បែងស៊ីសង ជាពិសេសល្បែងកន្ទុយលេខក្នុងមួយខែៗ រាប់សឹបម៉ឺនដុល្លារនោះ។
ពេលបានដឹងនូវចំណាត់ការរបស់មេបននិងអ្នកកាងល្បែងយ៉ាងនេះ ទើបគេចាត់ទុកថា បទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង អាចនឹងគ្មានប្រសិទ្ធភាពប្រសិនបើអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់មូលដ្ឋានទាំងនោះកំពុងប្រឹងប្រមូលប្រយោជន៍ពីមេបនល្បែងទាំងនេះ និអាចបង្កើតឲ្យមានបទល្មើសនៅ ក្នុងមូលដ្ឋានដូចជាករណី ឆក់ ប្លន់ បាញ់ សម្លាប់ អំពើហិង្សាលួចកាប់សម្លាប់ដោយ សារសកម្មភាពបទល្មើសទាំងនេះផ្តើមចេញពីប្រភពនៃបនល្បែងស៊ីសង ក៏ដូចជាប៉ះពាល់គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ដែលទើបនឹងដាក់ថ្មីៗនេះ។
ទាក់ទិននឹងប្រភពព័ត៌មានខាងលើនេះ នគរវត្ត មិនអាចសុំការបំភ្លឺ ពីមេបន និងអ្នក កាងល្បែងទាំងនេះបានទេ កាលពីម្សិលមិញនេះ ព្រោះគ្មានលេខទូរស័ព្ទ ៕ ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print