បែកធ្លាយរឿងលិចទូកទេសចរណ៍នៅខេត្តកំពតសម្លាប់មនុស្ស៤នាក់ដោយសារផ្ទុះធុងហ្គាស

ចែករំលែក៖

ខេត្តកំពត៖ អ្នកដំណើរមួយគ្រួសារដែលអះអាងថាជិះនៅលើដំបូលទូកដែលជួបឧបទ្វេហេតុលិចទូកសម្លាប់មនុស្ស៤នាក់ថ្មីៗនេះឲ្យដឹងថា ករណីបណ្តាលឲ្យលិចទូក ហើយមានអ្នកដំណើរស្លាប់នោះគឺមុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះចេញពីចំណុចចង្រ្កានចម្អិនអាហារផ្នែកខាងក្រោយនៃទូកធ្វើឲ្យអ្នកដំណើរជ្រួលច្របល់ និងបណ្តាលឲ្យទុកផ្អៀង និងបែករយះទូកលិចសន្សឹមៗតែម្តង។ ចំនែកក្រុមគ្រួសាររបស់គាត់មានសមាជិកប្រមាណជាង៣០នាក់អាចរួចផុតពីគ្រោះថ្នាក់លិចទូកនេះដោយសារនៅផ្នែខាងលើ ហើយបានអូប័រមកជួយសង្រ្គោះទាន់។

ប្រភពពីអ្នកដំណើរទេសចរណ៏មើលសត្វអំពិលអំពែកនៅព្រៃកោងកាងខាងលើនេះបានបន្តថា នៅលើទូកទេសចរណ៏ដតូចនេះមានអ្នកជិះប្រមាណជា១០០នាក់ទើបពេលមានហេតុការណ៏កើតឡើងធ្វើឲ្យអ្នកដំណើរស្លន់ស្លោ ជ្រួលច្របល់ហើយបណ្តាលឲ្យមានអ្នកស្លាប់បែបនេះ។

អ្នកដំណើរសូមមិនបញ្ជេញឈ្មោះរូបនេះបញ្ជាក់ថា ពួកគាត់បានចំណាយប្រាក់ម្នាក់១មឺុនរៀល ដើម្បីទិញសំបុត្រ ប៉ុន្តែថៅកែទូកមិនមានពោងសម្រាប់ឲ្យអ្នកដំណើរពាក់ការពារសុវត្ថិភាពកើតឡើងជាយថាហេតុនោះទេ ហើយនៅថ្ងៃកើតហេតុបើសិនជាអ្នកដំណើរគ្រប់គ្នាមានពោងពាក់ការពារ ម្លេះមិនមានអ្នកដំណើរណាម្នាក់ស្លាប់ឡើយ ព្រោះព្រែកកំពង់បាយតូចដែលអាចឲ្យជនរងគ្រោះបណ្តែតខ្លួនទៅរកច្រាំងបាន។

ករណីលិចទូកទេសចរណ៏សម្លាប់អ្នកដំណើរ៤នាក់លើកដំបូងនេះដែរប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរណ៏ជាតិ និងអន្តរជាតិដែលទៅកម្សាន្តនៅទីនោះបានរិះគន់ដល់ប្រធានមន្ទីរទេសចរណ៏ខេត្តកំពតថា មិនបានចាត់មន្ត្រីឲ្យមានការពិនិត្យចំនួនអ្នកដំណើរដែលត្រូវដាក់ឲ្យត្រូវចំណុះទូកដែលអាចផ្ទុកបានទើបធ្វើឲ្យមានគ្រោះថ្នាក់ស្លាប់មនុស្សបែបនេះ។

ជុំវិញព័ត៌មានលិចទូកសម្លាប់អ្នកដំណើរដោយសារផ្ទុះធុងហ្គាសនេះ ស្នងការនគរបាលខេត្តកំពតលោក ម៉ៅ ច័ន្ទមធុរិទ្ធបានប្រាប់នគរវត្តតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាថា ករណីលិចទូកស្លាប់មនុស្ស៤នាក់ដែលថា ជាការផ្ទុះធុងហ្គាសនោះជាព័ត៌មាន និងពាក្យចរចាមអារាមប៉ុណ្ណោះ។ ប្រសិនបើផ្ទុះធុងហ្គាសមែននោះ ទូកប្រាកដជាឆេះ តែនេះជាការដឹកលើសចំណុះមានមនុស្សជិះដល់ទៅ ៧០-៨០ នាក់។ លោកបញ្ជាក់ថា តាមចំណុះទូកអាចដឹកបានពី ៤០-៥០នាក់ប៉ុណ្ណោះ តែដោយសារថ្ងៃបុណ្យទានម្ចាស់ទូកចេះតែញាត់មិនគិតពីបញ្ហាគ្រោះថ្នាក់ ហើយគ្រោះថ្នាក់នេះកើតឡើងដោយសារទូកគឿងព្រោះដាក់លើសចំណុះ។

លោកបានឲ្យដឹងទៀតថាថៅកែទូកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការរួចហើយ ពាក់ព័ន្ធនឹងបទធ្វេសប្រហែសធ្វើឲ្យមានអ្នកដំណើរបាត់បង់ជីវិត។

គួររំលឹកថាកាលពីព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ មានទូកដឹកភ្ញៀវទេសចរណ៏មួយគ្រឿងបានលិចនៅខាងត្បូងស្ពានព្រែកកំពង់បាយ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត បណ្តាលឲ្យអ្នកដំណើរ៤នាក់បានស្លាប់។ អ្នកដំណើរដែលស្លាប់ ត្រូវបានគេស្គាល់ទី១ ឈ្មោះ ផាន់ យីវ ភេទស្រី អាយុ៧២ឆ្នាំ, ទី២ឈ្មោះ លឹម អាង ភេទស្រី អាយុ៤៧ឆ្នាំ ជាកូន បង្កើតឈ្មោះ ផាន់ យីវ (ជនរងគ្រោះទី១), ទី៣ឈ្មោះ សាន សុខហេង ភេទប្រុស អាយុ៩ឆ្នាំ ជាកូនរបស់ឈ្មោះ លឹម អាង (ជនរងគ្រោះទី២) ទាំង៣នាក់រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុង-ខេត្តកំពត និង ទី៤ឈ្មោះសុខ សុខុម ភេទស្រី អាយុ៦១ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទូកដែលត្រូវបានចាប់ខ្លួនឈ្មោះ សុខ លី ភេទប្រុស អាយុ៤៤ ឆ្នាំ មានទីលំនៅភូមិ-សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត រីឯអ្នកបើកទូកឈ្មោះ រស់ ស្មាន់ ភេទប្រុស អាយុជាង៥០ ឆ្នាំ រស់នៅភូមិកំពង់កណ្តាល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោយកើតហេតុបានរត់គេចខ្លួន ហើយសមត្ថកិច្ចបាននឹងកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសផងដែរ៕

kompott-8 8 ddd-29 sd kompott-1 er aa-27 3 ff 4 2 1

...

ដោយ៖ លី ហ៊ាង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print