សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរដែនដី និងត្រូវធ្វើជាបុគ្គលជាទីគោរព

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។ សម្ដេចតេជោបានសំណូមពរដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរដែនដី និងត្រូវធ្វើជាបុគ្គលជាទីគោរព ។

មានអាចារ្យ អាចារិនីចំនួន ៨៥៧៥ ហើយដែលបានទទួលការអប់រំបណ្តុះបណ្តាលចំណេះដឹងលើផ្នែកអាចារ្យ។ មកទល់សព្វថ្ងៃនេះ តម្រូវការរបស់ពុទ្ឋបរិស័ទលើអាចារ្យគឺនៅតែជាតម្រូវការធំ។

រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា និងជំនឿរបស់ប្រជាជន ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សានៅគ្រប់កម្រិតជំរុញការសិក្សាស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយគម្ពីរដីការ ក្បួនតម្រា និងក្បួនច្បាប់សម្រាប់ប្រតិបត្តិធម្មវិន័យ។

ទាក់ទងនឹងការលើកកម្ពស់សមត្ថភាពយល់ដឹងអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្ដេចតេជោ បានណែនាំឱ្យក្រសួងធម្មការ និងសាសនា បន្តរៀបចំកម្មវិធីជួបជុំជាប្រចាំឆ្នាំដើម្បីបង្កលក្ខណៈឱ្យអាចារ្យ អាចារិនី ទាំងអស់នៃ សមាគមអាចារ្យខ្មែរ មានឱកាសផ្លាស់ប្តូរមតិយោបល់ និងចែករំលែកចំណេះដឹងផ្សេងៗ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ បានមានប្រសាសន៍រំលឹកដល់អាចារ្យអាចារិនីទាំងអស់អោយយកចិត្តទុកដាក់ និងគោរពប្រតិបត្តិទៅតាមទំនៀមទំលាប់ និងជំនឿនៅតាមតំបន់មួយចំនួនដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរយើងមួយចំនួននៅប្រតិបត្តិតាមនៅឡើយ។ អាចារ្យ អាចារិនីមិនត្រូវចាប់បង្ខំគេឱ្យគោរពតាមទាំងស្រុងនោះទេ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តនិងជំរុញដល់អាចារ្យ អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រងឯកសារ គម្ពីរទាំងឡាយទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយក៏ដូចជាសម្រាប់ជាកេរ្តិ៍ដំណែល និងជាមរតក ជាតិ និងសម្រាប់ផ្សព្វផ្សាយ។

ក្នុងរបប ប៉ុល ពត ប្រទេសយើងបានបាត់បង់ក្បួនច្បាប់តម្រាស្ទើរទាំងស្រុង។ ក្រោយពេលពីប្រទេស ជាតិយើងត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ហើយ គឺយើងបានខិតខំស្រាវជ្រាវប្រមូលចងក្រងរក្សាទុកនូវស្នាដៃទាំងឡាយជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាដែលើអាចអោយយើងថតរក្សាទុកនូវឯកសារទាំងអស់នោះទុកបានយូរអង្វែង។

សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសំណូមពរដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរដែនដី ដោយមិនត្រូវប្រកាន់បក្សពួក ហើយអាចារ្យ អាចារិនី ត្រូវធ្វើជាបុគ្គលជាទីគោរព។ សព្វថ្ងៃនេះវត្តអារាមមានច្រើន ការធ្វើបុណ្យទានកាន់តែច្រើន តម្រូវការអាចារ្យក៏កាន់តែច្រើន ដូច្នេះហើយទើបទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សផ្នែក អាចារ្យ អាចារិនី នេះឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ។ អាចារ្យ អាចារិនី ត្រូវបន្តពង្រីកចំណេះដឹង និងខិតខំស្រាវជ្រាវក្បួនខ្នាតដើម្បីរួមចំណែកកសាងឯកសារគោលសម្រាប់បោះពុម្ពផ្សាយជាប្រយោជន៍សង្គម និងត្រូវធ្វើគំរូល្អប្រកបដោយសីលធម៌ ចរិយាធម៌ល្អ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សានៅក្នុងសង្គមជាតិផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងលើកកម្ពស់គុណភាពអាចារ្យ អាចារិនី ដើម្បីរួមគ្នាថែរក្សា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិរបស់យើងឲ្យកាន់តែរីកចម្រើន និងស្ថិតស្ថិរគង់វង្សយូរអង្វែង៕

...

sp1 sp2 sp3 sp4 sp5 sp6 sp7 sp8 sp9 sp10

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print