ខ្សឹបដាក់ត្រចៀក៖ មន្ត្រីនគរបាល២នាក់រកស៊ីរត់ពន្ធបារីទៅវៀតណាម

ចែករំលែក៖

គេខ្សឹបខ្សៀវថា មានមន្ត្រីនគរបាល២នាក់ នៅខេត្តរតនគិរីជាប់ជំពាក់នឹងរបររកស៊ីរត់ពន្ធបារីទៅប្រទេសវៀតណាម ។ មន្ត្រីនគរបាលការពារព្រំដែនគោកលេខ៦២៣ ជាអ្នករកស៊ីរត់ពន្ធបារី Z និងបារី ESSER ទៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម និងច្រករបៀងភូមិឡំ ។ ច្រករបៀងនេះ អាចដឹកទំនិញតាមរថយន្តធុនតូចបានដោយស្រួល ។ ហេតុដូច្នេះហើយ វាបានបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនបារីគេចពន្ធទាំងនោះ ។

ប្រភពបានឲ្យដឹងថា មន្ត្រីនគរបាលទាំងពីររូប មានឈ្មោះ យ៉ាត ជាប្រធានប៉ុស្តិ៍ច្រករបៀងភ្នំក្រហម និងម្នាក់ទៀតឈ្មោះ ពៅ សំអ៊ាន អនុប្រធាប៉ុស្តិ៍ច្រករបៀងភូមិឡំ ចំណុះឲ្យវរៈការពារលេខ៦២៣ ។ ករណីនាំបារីម៉ាក Z និងម៉ាក ESSER ទៅប្រទេសវៀតណាមត្រូវគេរាយការណ៍ថា បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែវាជារឿងផលប្រយោជន៍របស់សមត្ថកិច្ចគ្រប់ស្ថាប័ននៅទីនោះ ។ មន្ត្រីទាំងពីរនាក់នេះ ត្រូវគេអះអាងថា មិនខ្វល់អំពីការងាររបស់រដ្ឋដែលប្រគល់ឲ្យនោះទេ ប៉ុន្តែគាត់ខ្វល់តែពីរឿងបារីប៉ុណ្ណោះ ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះឲ្យដឹងថា ដោយសារតែមន្ត្រីនគរបាលរកស៊ីដឹកជញ្ជូនបារីគេចពន្ធ ស្ថានភាពផ្លូវកាន់តែលំបាក ។ គឺគេទុកឲ្យផ្លូវលំបាកដើម្បីបន្លំភ្នែកថ្នាក់លើថា ផ្លូវលំបាកយ៉ាងនេះ នរណាដឹកជញ្ជូនទំនិញគេចពន្ធម្តេចកើត ។ ការពិតមន្ត្រីទាំងពីរនាក់នេះ បានប្រព្រឹត្តអំពើពុករលួយ រកស៊ីដឹកបារីគេចពន្ធជាយូរឆ្នាំណាស់មកហើយ ។ គេមិនប្រាថ្នាឡើងតំណែង ឬត្រូវចាកចេញពីតំបន់នោះឡើយ ។ គឺសុំនៅកន្លែងដដែលងាយស្រួលរកស៊ី ។ មិនដឹងថា ថ្នាក់លើរបស់ពួកគេទទួលបានផលប្រយោជន៍ដែរ ឬយ៉ាងណានោះទេ ៕

...

171

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print