រ៉ឺម៉កម៉ូតូជាង១ម៉ឺនគ្រឿងធ្វើចរាចរណ៍នៅភ្នំពេញកំពុងរងការចោទប្រកាន់ពាក់ព័ន្ធបញ្ហាកកស្ទះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក កន្លងមកថ្មីៗនេះម៉ូតូកង់៣ប្រភេទឡំប្រឺតា ឬម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើចរាចរណ៍នៅ រាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា បង្កការកកស្ទះចរាចរណ៍ដោយសារ ការ បើកបរ និងពេលឈប់ឬចតមិនមាន សណ្តាប់ធ្នាប់ ចំណែកឯសមត្ថកិច្ច និងអាជ្ញាធរហាក់មិនមានការចាប់អារម្មណ៍ឡើយ ។

ក្នុងដំណើរកម្សាន្តពេលយប់នៃព្រះរាជពិធីបុណ្យអុំទូកខណៈត្រឡប់ទៅផ្ទះវិញ ត្រង់ចំណុចច្រកចេញ ដែលបិទបារាស់ ដោយសមត្ថកិច្ចនោះប្រជាពលរដ្ឋបាន និយាយថា នៅភ្នំពេញរាល់ថ្ងៃនេះជួប បញ្ហាកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ ដែល បង្កដោយរថយន្តធំ រថយន្តទេសចរណ៍ និងមួយផ្នែកគឺក្រុមរ៉ឺម៉កម៉ូតូឬម៉ូតូសណ្តោង រ៉ឺម៉ក និងមួយផ្នែកទៀតការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ តាមពិតទៅម៉ូតូកង់៣និងម៉ូតូសណ្តោងរ៉ឺម៉ក ខ្លះមានទំហំ ចង់ធំ ប៉ុនរថយន្ត តែសមត្ថកិច្ចក៏ដូចអាជ្ញាធរមានសមត្ថកិច្ចហាក់មើលរំលង ដោយមាន ការចាប់អារម្មណ៍តែរថយន្តធុនធំ ។

លោក ជា ប៊ុនធឿន ប្រធានអង្គភាពចុះបញ្ជីទោចក្រយានយន្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹង នៅថ្ងៃទី១៨ វិច្ឆិកានេះថា នៅរាជធានីភ្នំពេញ មានក្រុមម៉ូតូកង់បីនិងរ៉ឺម៉កម៉ូតូឬម៉ូតូ សណ្តោងរ៉ឺម៉ក ដែលបានចុះបញ្ជី និងមានស្លាកលេខត្រឹមត្រូវមានចំនួនសរុប ១១.៨៨០គ្រឿង ក្នុងនោះរ៉ឺម៉កម៉ូតូ មាន ចំនួន៥.៦៧០គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉កមានចំនួន៦.២១០គ្រឿង ។

លោកបានបន្តថា បច្ចុប្បន្ន ម៉ូតូកង់បី និងម៉ូតូសណ្តោងរ៉ឺម៉កបាន និងកំពុងធ្វើ ចរាចរណ៍ក្នុងរាជធានីភ្នំពេញមានប្រមាណ ១ម៉ឺន៣ពាន់គ្រឿង ដោយគិតទាំងមិនទាន់ចុះបញ្ជីប្រមាណជាង១០ភាគរយផងដែរ ។

លោក ជា ប៊ុនធឿន បានឲ្យដឹងទៀតថា បច្ចុប្បន្នទាំងម៉ូតូកង់បី និងម៉ូតូសណ្តោង រ៉ឺម៉កបាន និងកំពុងកែច្នៃដោយយកម៉ូតូ អត់ពន្ធទៅចាប់រ៉ឺម៉កពីក្រោយ ដើម្បីបន្លំឲ្យ រួចការបង់ពន្ធឬធ្វើស្លាកលេខ ដែលនៅ សល់ប្រមាណជាង១០ភាគរយនៃរ៉ឺម៉កម៉ូតូដែលបានបង់ពន្ធត្រឹមត្រូវ ។ ប្រធានអង្គភាពចុះបញ្ជីទោចក្រយានយន្តបានអំពាវនាវ សុំឲ្យសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះ អប់រំណែនាំ និងសុំឲ្យជាងកែច្នៃម៉ូតូកង់បី និងម៉ូតូសណ្តោងរ៉ឺម៉កបញ្ឈប់ឲ្យមានការកែច្នៃតទៅទៀត ព្រោះការកែច្នៃបែបនេះ មិនមានគុណភាពទេ គឺវាអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរផងដែរ ។ ជាក់ស្តែងនាពេលកន្លងមកយើងទាំងអស់គ្នាតែងទទួលព័ត៌មានថា មានរ៉ឺម៉កដឹកកម្មករឬដឹកអីវ៉ាន់ ផ្សេងៗបានក្រឡាប់ឬចាប់ហ្វ្រាំងមិនស៊ីជាដើម ។

ចំណែកមន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់រាជធានី ភ្នំពេញកាលពីមុន ដោយសារសេវាដឹក ជញ្ជូនមានការខ្វះខាត ដែលធ្វើឲ្យការដឹកជញ្ជូនដោយម៉ូតូឌុប និងរ៉ឺម៉កម៉ូតូ ឬម៉ូតូ សណ្តោងរ៉ឺម៉កមានប្រជាប្រិយ៍ភាព និងបានដើរតួនាទីយ៉ាងល្អសម្រាប់សេវាដឹកជញ្ជូន ។ ប៉ុន្តែ បច្ចុប្បន្នដោយសាររថយន្តនិងប្រព័ន្ធដឹក ជញ្ជូនមានច្រើនប្រភេទ គឺរ៉ឺម៉កម៉ូតូនិងម៉ូតូឌុបមានការលំបាក តែមានចំនួនកាន់ តែកើនឡើង គឺលើសពីតម្រូវការដែលធ្វើ ឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។ មន្ត្រីដដែលបានបន្តថា មកដល់ពេលនេះ អាជ្ញាធរមិនទាន់មានផែនការឬវិធានការអ្វីទាំងអស់ ប៉ុន្តែសម្រាប់ទិសដៅខាងមុខអាចត្រូវរៀបចំកម្រិតនៃការធ្វើចរាចរណ៍ដូចជាការកំណត់ពេលវេលា និងទីតាំងដែលត្រូវ ចត ឬមិនគួរឲ្យចត តែបញ្ហានេះត្រូវសិក្សាលម្អិតជាមុនសិន ។ ម្យ៉ាងត្រូវទប់ស្កាត់កុំ ឲ្យមានការបង្កើតបន្ថែមទៀត តែបញ្ហានេះ មានការលំបាក ដែលគេបានផលិត និង នាំចូលពីខេត្ត តែសម្រាប់ភ្នំពេញ អាចទប់ ស្កាត់បាន ។

មន្ត្រីរូបនោះបានបញ្ជាក់ថា សម្រាប់ការកែច្នៃពុំមានការធានាខុសត្រូវផ្នែកបច្ចេកទេសឬត្រូវធានាសម្រាប់ការដឹកអ្នកដំណើរទេ ។ នេះជាចំណុចដែលយើងខ្វះខាតតាំងពីដើមទីមកដែលបញ្ហានេះ អាជ្ញាធរកំពុង យកចិត្តទុកដាក់ និងព្យាយាមរកវិធានការ ណាមួយសមស្របចំពោះការធ្វើចរាចរណ៍ដូចបងប្អូនរាល់ថ្ងៃនេះក៏មិនទាន់ត្រូវដែរ ដូច្នេះបញ្ហានេះអាជ្ញាធរនឹងត្រូវពិភាក្សាឲ្យបានម៉ត់ចត់ជាមុនសិន ៕

a1-1 a1-2

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print