ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីរថយន្តរបស់លោកផ្កាយ៣ម្នាក់ត្រូវក្រុមក្មេងស្ទាវបើករថយន្តទៅប៉ះ ហើយបង្កការឈ្លោះប្រកែកជាមួយក្មេងស្ទាវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏នៅខណ្ឌដូនពេញកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមការអោយដឹងពីលោកឧត្តមសេនីយ៍ឯក នន្ទ សុខា បានប្រាប់ នៅក្រោយកើតហេតុភ្លាមៗថា មុនពេលកើតហេតុ រថយន្តរបស់ជនបង្កហេតុ បានបើកថយហើយពេលនោះប៉ះរថយន្តរបស់លោក ដោយលោកក៏ចុចសីុផ្លេ។ ស្រាប់តែជនបង្កដែលជាក្រុមក្មេងស្ទាវ ទើបតែមានអាយុជាង២០ឆ្នាំ ក៏ស្រាប់តែចុចកញ្ចក់ចុះ រួចស្រែកជេររូបលោកយ៉ាងចាស់ដៃថា «ឡានអញបុកឡានហ្អែងនៅ បើបុកអញសង ហ្អែងដឹងថា អញកូននរណាគេទេ? ចាំមើលអញបើកបុកឡានហ្អែង!»។
មិនទាន់ស្រែកចប់ផង ស្រាប់តែជននោះបានបើករថយន្តទៅបុករថយន្តរបស់លោកមួយទំហឹងថែមទៀត ហើយបើករត់ពេលនោះ លោកបើករថយន្តដេញតាម រហូតទាន់និងដកកាំភ្លើងភ្ជង់ ឲ្យឈប់ដើម្បីដោះស្រាយគ្នា ភ្លាមនោះកម្លាំងអាវុធហត្ថខណ្ឌដូនពេញទៅដល់ ក៏ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះយកមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដើម្បីចាត់ការតាមច្បាប់ ។
ក្រោយកើតហេតុ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា ក៏បានអំពាវនាវ និងទទូចថា សូមកុំឲ្យមានការអន្តរាគមន៍អោយសោះ ព្រោះករណីនេះ សូមទុកអោយសមត្ថកិច្ច និងតុលាការចាត់ការតាមនីតិវិធី ដើម្បីកុំឲ្យជនដែលមានអំណាចទាំងនោះមកគៀបសង្កត់ជនទន់េខ្សាយផងដែរ ៕
ដោយ៖ ស តារា