កសិករខេត្តបាត់ដំបងប្រមូលផលស្រូវប្រាំងតែតម្លៃស្រូវបន្តធ្លាក់ចុះ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាកសិករនៅខេត្តបាត់ដំបងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះកំពុងមមាញឹកបន្តប្រមូលផលស្រូវប្រាំងជាលើកទី២ ដោយតម្លៃស្រូវត្រូវបានប្រជាកសិករប្រាប់ឱ្យដឹងថានៅតែបន្តចុះថោក ឈ្មួញទិញរើសយកតែស្រូវល្អៗលេខ១ ។ ចំណែកស្រូវខ្លះត្រូវបានឈ្មួញបង្អាប់បន្ថោកទិញតម្លៃថោកតាមតែអំពើចិត្តហើយជួនកាលចាក់ស្រូវមើលហើយដើរចេញមិនទិញ ទៀតផង ។ ទន្ទឹមនោះក៏គេមើលឃើញទៀត ថានៅតាមបណ្តារោងម៉ាស៊ីនកិនស្រូវមួយចំនួននៅពេលកសិករដឹកតាមគោយន្តយកទៅលក់ដល់រោងម៉ាស៊ីនផ្ទាល់ ស្រូវខ្លះត្រូវបានម្ចាស់រោងម៉ាស៊ីនទិញ ស្រូវមួយចំនួន ទៀតឈ្មួញមិនទិញដោយបង្ខំចិត្តឱ្យប្រជាកសិករដឹកស្រូវត្រឡប់មកផ្ទះវិញក្នុងចម្ងាយផ្លូវវែងឆ្ងាយ។ម្ចាស់រោងម៉ាស៊ីននិយាយថា ស្រូវដែលគេមិនទិញដោយសារស្រូវមិនល្អ ។

ការធ្វើស្រូវប្រាំងរបស់ប្រជាកសិករលើកទី២ ភាគច្រើនពួកគាត់ធ្វើស្រូវពូជផ្ការំដួល ជាប្រភេទពូជស្រូវកិនជាអង្ករមានរសជាតិឈ្ងុយឆ្ងាញ់និងមានតម្លៃប្រហាក់ប្រហែលស្រូវសែនក្រអូបនោះផងដែរ ។

កសិករនៅស្រុកបវេល កាលពីព្រឹកថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រាប់អ្នកយកព័ត៌មានថាការប្រមូលផលស្រូវប្រាំងលើកទី២នេះ ស្រូវទទួលបានទិន្នផលធ្លាក់ចុះបន្តិច ចំណែកតម្លៃស្រូវប្រភេទលេខ១ ឈ្មួញកណ្តាលទិញ ១គីឡូក្រាមពី៧៥០រៀលទៅ៨០០រៀល។រីឯស្រូវខ្លះត្រូវបានឈ្មួញបន្ថោកតម្លៃតាមតែអំពើចិត្តថាពណ៌ខ្មៅសើមខ្លាំងពេកហើយទិញក្នុងតម្លៃពី ជាង៥០០រៀលទៅជាង៦០០រៀល ។ បើ ប្រៀបធៀបកាលពីឆ្នាំមុនស្រូវល្អទិញក្នុងតម្លៃ១គីឡូក្រាម១ពាន់រៀលស្រូវប្រភេទ លេខ២ទាបណាស់តម្លៃ៨រយរៀល ។

កសិករប្រាប់ឱ្យដឹងទៀតថា ឈ្មួញ កណ្តាលដែលមកទិញស្រូវអ្នកខ្លះទិញនាំចេញទៅប្រទេសវៀតណាម និងឈ្មួញ ខ្លះទៀតទិញចូលទៅរោងម៉ាស៊ីន ខេត្តបាត់ ដំបង និងខេត្តពោធិ៍សាត់ ។

ប្រជាកសិករសំណូមពរឱ្យរាជរដ្ឋាភិបាលមេត្តាទប់ស្កាត់ទៅលើឈ្មួញដែលដើរទិញស្រូវចេះតែដាក់តម្លៃខ្លួនឯង ។ រដ្ឋាភិបាល ត្រូវតែកំណត់តម្លៃជាក់លាក់ណាមួយដែលប្រជាកសិករអាចទទួលយកបាន បើមិន ដូច្នេះទេឈ្មួញដើរបំពុលទីផ្សារស្រូវតាម អំពើចិត្តហើយអ្នកដែលខាតបង់គឺកសិករ ។

ពាក់ព័ន្ធបញ្ហានេះ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងប្រាប់ ឱ្យដឹងថា ប្រជាកសិករដាំដុះស្រូវប្រាំង លើកទី២នៅខេត្តបាត់ដំបងជាង៧ម៉ឺនហិកតា ទិន្នផលជាមធ្យមក្នុង១ហិកតា៤តោន២០០គីឡូក្រាម ។ លោកថាតម្លៃស្រូវបច្ចុប្បន្ននៅក្នុង១គីឡូក្រាមពីជាង៧បាតតម្លៃនេះ បើប្រៀបធៀបស្រូវនៅប្រទេសថៃមានតម្លៃ ជាង៦បាតប៉ុណ្ណោះ តម្លៃស្រូវលើពិភពលោកក៏មានការធ្លាក់ចុះដូចគ្នាផងដែរ ។ លោកប្រាប់ឱ្យដឹងទៀតថា ស្រូវដែលឈ្មួញទិញក្នុងតម្លៃថោកដោយសារស្រូវ ខ្លះខ្វះគុណភាព ។

សូមបញ្ជាក់ថា ខណៈដល់រដូវប្រមូលផលស្រូវរបស់ប្រជាកសិករ គឺឈ្មួញតែង តែទិញក្នុងតម្លៃថោក ។ បើកាលណាស្រូវចុងដៃប្រមូលជិតអស់នៅសល់តិចតួចគេឃើញឈ្មួញចាប់ផ្តើមទិញស្រូវក្នុងតម្លៃ ខ្ពស់ ដូចជាក្នុងដំណាក់កាលរដូវប្រមូល ផលស្រូវសែនក្រអូបលើកទី១ស្រូវចុងដៃជិតអស់គឺឈ្មួញទិញក្នុងតម្លៃខ្ពស់ទៅវិញ ៕

img_2514 img_2517 img_2519 img_2518

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print