គ្រួសារ​នៃ​សព​ដង្ហោយ​រក​យុត្តិធម៌ពី​សម្តេច​តេជោ​​ ខណៈ​គ្លីនិក​ “​ វេជ្ជ​បុត្រ​ “​ មិន​ទទួល​ខុស​ត្រូវ​ ហើយ​ថែម​ទាំង​ប្រមាថ​ដោយ​សម្តី​អសុរោះ​​

ចែករំលែក៖

ភ្នំពេញ៖ គ្រួសារនៃសពបុរសម្នាក់ដែលស្លាប់ដោយសារស្នាដៃគ្រូពេទ្យគ្លីនិក ” វេជ្ជបុត្រ ” ដង្ហោយរកយុត្តិធម៌ពីសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាផ្តល់យុត្តិធម៌ដល់ពួកគេផង ខណៈគ្លីនិកគ្មានក្រមសីលធម៌វិជ្ជាជីវៈមួយនេះ ធ្វេសប្រហែសបណ្តាលឲ្យជនរងគ្រោះស្លាប់ហើយ ថែមទាំងបានប្រមាថដោយសម្តីអសុរោះជាច្រើនដូចជា ” ឪហ្អែងស្លាប់ហើយចង់ស្លាប់តាមឪ ហ្អែងឬ ” ។

ការដង្ហោយរកយុត្តិធម៌ នាពេលនេះ បន្ទាប់ពីគ្លីនិក “វេជ្ជបុត្រ” នៅពុំទាន់មានជំហរដំណោះស្រាយណាមួយនៅឡើយជាមួយគ្រួសារនៃសព ។ ប៉ុន្តែ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមរំលែកនូវមរណទុក្ខ ហើយបានចាត់មន្ត្រីឲ្យស៊ើបអង្កេតករណីនេះផងដែរ ។

បុរសម្នាក់ឈ្មោះ ព្រំុំ ប៊ុនថន អាយុ៥៤ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ។ គ្រួសារនៃសព ចោទប្រកាន់គ្រូពេទ្យនៃគ្លីនិក “វេជ្ជបុត្រ” មានទីតាំងស្ថិតនៅ ផ្ទះលេខ១៨៩ ផ្លូវ៤៣២ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន ផ្លូវបំបែកជា៥ទល់មុខហ្គាសរ៉ាសសាំងតូតាល់ ខាងលិចផ្សារទួលទំពូង ចម្ងាយ៥០០ម៉ែត្រ ជាដើមចមដែលធ្វើឲ្យជនរងគ្រោះស្លាប់ ។ ។

ក្នុងពិធីបុណ្យសព កាលពីថ្ងៃទី២១ ខែវិច្ឆិកា កូនប្រុសនៃសព គឺ លោក ព្រុំ ចាន់ដារ៉ា បានរៀបរាប់ទាំងទឹកភ្នែក ថា បន្ទាប់ពីគ្រោះអកុសលចំពោះឪពុករួចហើយ ទាំងប្រធានគ្លីនិក ឈ្មោះ ស្រ៊ុន និង ប្រពន្ធ បានប្រមាថនូវពាក្យអសុរោះជាច្រើន ។

លោក ព្រុំ ចាន់ដារ៉ា បញ្ជាក់ថា ” ម៉េច ឪហ្អែងទើបតែងាប់ហើយ ឪហ្អែងសល់កេរ្តិ៍ច្រើនប៉ុន្មាន ដែលហ្អែងចែកគ្នាមិនដាច់ ហ្អែងតិចទៀតឪហ្អែងមកយកហ្អែងទៀតហើយ ” ។

ដោយឡែកកូនស្រីនៃសពម្នាក់ទៀត ឈ្មោះ ព្រុំ ធារី បានរៀបរាប់ពីដំណើររឿងថា ដំបូងឡើងឪពុកមានជំងឺបន្តិចបន្តួច ក៏នាំទៅគ្លីនិក “វេជ្ជបុត្រ” ដោយគ្មានអាការៈធ្ងន់ធ្ងរអ្វីនោះទេ ។

ពេលទៅដល់ពេទ្យ គ្រូពេទ្យចេះតែព្យួរសេរ៉ូម ទោះបី ឪពុកប្រាប់ថា មកពីផ្ទះបានចាក់ថ្នាំពីរបីម្ជុលរួចហើយ ។ ក្រោយមក ឪពុកមានអាការៈហើមពោះ យ៉ាងខ្លាំង តែគ្រូពេទ្យនៅតែឲ្យព្យួរសេរ៉ូម ។ ឪពុកមានការឈឺចាប់ ក៏បម្រុងដោះសេរ៉ូមចេញពីដៃ តែគ្រូពេទ្យជាច្រើននាក់បានមកចាប់ដៃបង្ខំឲ្យព្យួរសេរ៉ូម ។ ទីបំផុត ឪពុកមានអាការៈធ្ងន់ធ្ងរ គ្លីនិកចង់គេចវេះពីការទទួលខុសត្រូវ ក៏ត្រៀមបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី តែឪពុកបានស្លាប់បាត់ទៅហើយ ។

គ្រួសារនៃសពទាំងអស់ បានដង្ហោយរកយុត្តិធម៌ពីសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី សូមជួយដល់ពួកគេផង ។

ពាក់ព័ន្ធករណីនេះ ពុំអាចទំនាក់ទំនងសុំការបញ្ជាក់ពីគ្លីនិក”វេជ្ជបុត្រ” បាននៅឡើយទេ ដោយសារទូរស័ព្ទពុំមានអ្នកទទួល ៕

...

 

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print