យុវជនសម្លាប់សង្សារបុគ្គលិកក្លិប៥៥ ប្រឈមជាប់គុកមួយជីវិត

ចែករំលែក៖

ភ្នំពេញ ៖ យុវជនដែលសម្លាប់សង្សារជាបុគ្គលិកក្លិប៥៥ យ៉ាងសាហាវព្រៃផ្សៃនោះ ត្រូវបាន បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីរង់ចាំការស៊ើប អង្កេតបន្តទៀត ។

យុវជនវ័យក្មេងរូបនេះ ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ពីបទ ” ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ លោក អ៊ី ថាវរៈ ចៅក្រម ស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទរូបនេះ។

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានរៀបរាប់នូវដំណើររឿងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់ ត្រូវបានគេសម្លាប់យកទៅផ្លុងចោល ក្នុងគំនរសំរាម តាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

បន្ទាប់ពីទទួលបានព័ត៌មានអាវុធហត្ថខណ្ឌសែនសុខ និងកម្លាំងជំនាញអាវុធហត្ថរាជធានី ភ្នំពេញ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញបានធ្វើការស្រាវជ្រាវស្គាល់ អត្តសញ្ញាណជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លិប៥៥ ស្នាក់នៅភូមិតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន   ជ័យ ។

បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមដានជាបន្តបន្ទាប់ពីកន្លែងមួយ ទៅកន្លែងមួយ រហូតដល់ស្រុកកោះធំខេត្តកណ្តាល ទើបចាប់ឃាតកបាន ដោយមានការសហ ការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល ។

តាមចម្លើយសារភាពរបស់ឃាតក ឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ បានឲ្យដឹងថា ខ្លួននិងនារីរងគ្រោះជាអ្នកស្គាល់គ្នាយូរហើយ នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ឃាតកបានខ្ចីសោរផ្ទះមិត្តភក្តិម្នាក់ដែលចាំផ្ទះឲ្យបងប្អូនក្នុងបូរីប៉េងហួត ស្ថិតនៅផ្លូវឧកញ៉ាម៉ុងឬទ្ធី ដោយប្រាប់ថានាំស្រីមកដេក។ បន្ទាប់មកឃាតកបានតេរកជនរងគ្រោះ ឲ្យរកលុយលោះទូរស័ព្ទ អាយហ្វូនខ្លួនយកទៅប្រើ ដោយខ្លួនបានដាក់បញ្ចាំ៣០ដុល្លារ តែមិនមានលុយលោះយកវិញ។

ឃាតកបានឆ្លើយសារភាពទៀតថា នៅវេលាម៉ោងប្រហែល៤៖០០នាទីល្ងាច ជនរងគ្រោះចេញពីកន្លែងធ្វើការ ក៏បានទៅជួបឃាតកនៅម្តុំផ្សារឃ្លាំងរំសេវ ហើយឃាតកបានប្រាប់ថា អ្នកទទួលបញ្ចាំឲ្យទៅយកទូរស័ព្ទ នៅផ្ទះឯបុរីប៉េងហួត ផ្លូវឧកញ៉ាម៉ុងឬទ្ធី ជនរងគ្រោះក៏បានជូនឃាតកទៅទីនោះ ពេលទៅដល់ពួកគេបានចូលក្នុងផ្ទះ ហើយឃាតកក៏បានយកខ្សែរភ្លើង រឹតករជនរងគ្រោះសម្លាប់ និងយកខ្សែពួរចងដៃចងជើង បត់ទៅក្រោយ រួចយកភួយមករុំ និងចងខ្សែរពីក្រៅមួយជាន់ទៀត បន្ទាប់មកច្រកចូលក្នុងថង់ធំ រួចលើដាក់លើតួម៉ូតូខាងមុខរបស់ជនរងគ្រោះ ដឹកយកទៅទម្លាក់ចោលនៅគំនរសំរាម ក្នុងភូមិសាស្ត្រខាងលើម៉ោងប្រហែលជិត ៦៖០០នាទីល្ងាច បន្ទាប់មកយកម៉ូតូជនរងគ្រោះទៅបញ្ចាំ ដើរលេងជក់ថ្នាំជាមួយមិត្តភក្តិពេញមួយយប់មួយថ្ងៃ ទើបទៅសម្រាកនៅផ្ទះជីដូនឋិត នៅផ្លូវវេងស្រេងមួយយប់ លុះព្រឹកឡើងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឃាតកនៅមិនសុខ ខ្លាចសមត្ថកិច្ចចាប់បានក៏គេចខ្លួន  ទៅផ្ទះជីដូនខាងឳពុកចុងម្នាក់ទៀត នៅស្រុកកោះធំ ខេត្តកណ្តាល តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមទៅចាប់បាននៅទីនោះតែម្តង។

អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជាក់ទៀតថា ឃាតកបានឆ្លើយដោយក្លាហានបន្ថែមថា ដោយសារកន្លងមកខ្លួន ជំពាក់លុយគេ២០០ដុល្លារផង និងដោយសារប្រើប្រាស់គ្រឿងញៀនជាប់ជាប្រចាំផង ទើបធ្វើឲ្យខ្លួនគិតអីមិនចេញ ក៏ដាច់ចិត្តសម្លាប់ជនរងគ្រោះ ដើម្បីប្លន់យកទ្រព្យសម្បត្តិយ៉ាងដូច្នេះតែម្តងទៅ ៕

970fc6c9-f8ac-49e7-8e7b-bcb9c7327bd3 2277b042-c953-4d57-9743-210855989eb1

...

ដោយ ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print