ស្ត្រីឈឺពោះសម្រាលកូនតាមផ្លូវពីយប់មានសុខភាពល្អ និងអំពាវនាវឲ្យសប្បុរសជនជួយរូបគាត់ផង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ឈឺពោះសម្រាលកូនហើយបានជិះម៉ូតូឌុបទៅមន្ទីរ ខណៈពោះកាន់តែឈឺកាន់តែខ្លាំងធ្វើឲ្យម្តាយទ្រាំមិនបានក៏សម្រាលនៅតាមផ្លូវទាំងមេឃរលឹមស្រិចៗតែម្តង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីសម្រាលកូនពាក់កណ្តាលផ្លូវឈ្មោះ យ៉េន ស៊ីលាន អាយុ៤២ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៩នាក់ ស្នាក់នៅផ្ទះជួលជាមួយបងស្រីនៅភូមិព្រៃសណ្តែកថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ មានប្តីឈ្មោះ ហ៊ន សាម អាយុ៤៤ឆ្នាំ តែលែងលះគ្នាហើយ ។

តាមសម្តីរបស់ស្ត្រីខាងលើបានឲ្យដឹងថា ប្អូនស្រីរបស់គាត់មានជីវភាពក្រីក្រណាស់ ហើយមានកូនដល់ទៅ៩នាក់ទៀត (ស្រី៦នាក់ ប្រុស៣នាក់) ។

ស្ត្រីខាងលើបានបន្តថា ប្តីរបស់គាត់ជាមនុស្សចូលចិត្តផឹកស៊ីប្រើអំពើហិង្សាលើប្រពន្ធកូនជាញឹកញាប់ រហូតដល់គាត់ទ្រាំលែងបានក៏បានសុំលែងលះ រួចហើយរត់មករស់នៅជាមួយគាត់ទាំងមិនបានដឹងថា ខ្លួនផ្ទៃពោះផង ។ លុះមុនពេលកើតហេតុប្អូនស្រីគាត់ក៏ចាប់ផ្តើមឈឺពោះសម្រាលកូន រូបគាត់បានជួលម៉ូតូឌុបក្នុងតម្លៃ២ម៉ឺនរៀលបំណងឲ្យជួយដឹកទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ប៉ុន្តែពេលជិះម៉ូតូឌុបជាមួយគាត់មកដល់ចំណុចខាងលើ ស្រាប់តែឈឺពោះខ្លាំងពេកក៏សម្រាលកូនលើម៉ូតូឌុបតែម្តង ទើបប្រាប់ឲ្យម៉ូតូឌុបឈប់ចិញ្ចើមផ្លូវទាំងមេឃកំពុងរលឹមស្រិចៗ ឃើញបែបនេះនគរបាលចរាចរដែលប្រចាំការនៅជិតនោះបានយកឆ័ត្រមកបាំងឲ្យ និងបានហៅរថយន្តសង្គ្រោះរបស់សម្ភោពចោមចៅមកជួយកាត់ទងសុក និងដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

ស្ត្រីជាបងស្រីបានបន្តទៀតថា រថយន្តសង្គ្រោះរបស់គ្លីនិកចោមចៅបានយកថ្លៃឈ្នួលកាត់ទងសុក និងថ្លៃដឹកចំនួន៣០ដុល្លារ តែគាត់មិនមានប្រាក់បង់ទេ បានធ្វើកិច្ចសន្យាជំពាក់សិនពេលមានប្រាក់នឹងសងវិញ ។ ខណៈពេលទៅដល់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទាំងកូននិងម្តាយមានសុខភាពធម្មតាទេ ទារិកាដែលបង្កើតនៅលើម៉ូតូឌុបនេះមានទម្ងន់២,២ខាំ បច្ចុប្បន្នកំពុងតែសម្រាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដោយមិនមានប្រាក់កាសសម្រាប់បង់ថ្លៃពេទ្យ និងទិញបាយហូបចុកទេ ។

ស្ត្រីសម្រាលកូនសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់រូបគាត់ផង ៕

image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print