បទល្មើសនេសាទនៅតំបន់ចុងឃ្នៀស កើតឡើងដូចផ្សិតសមត្ថកិច្ចសំងំឈឹង

ចែករំលែក៖

ខេត្តសៀមរាប ៖ សកម្មភាពបទល្មើសនេសាទដែលប្រើឧបករណ៍ខុសច្បាប់មានដូចអ៊ុយ,ប័រ,អូសអ៊ួន,រុញស៊ីបនិងឆ្នុកជាដើម ដែលកំពុងធ្វើចរាចរណ៍ នេសាទល្មើសច្បាប់ជារៀងរាល់ថ្ងៃនៅតំបន់ភូមិសាស្ត្រ ចុងឃ្នៀសក្នុងក្រុងសៀមរាប ដែលករណីនេះគេបានដាក់ការសង្ស័យថាសមត្ថកិច្ច ជំនាញជាអ្នកនៅពីក្រោយខ្នងនៃការបើកភ្លើងខៀវឱ្យមានបទល្មើសទាំងនេះកើតឡើងជាថ្នូរ និងការមិនចុះបង្ក្រាប ។

ប្រភពបានឱ្យដឹងថាបទល្មើសនេសាទជាច្រើនប្រភេទនៅតែបន្តកើតមានយ៉ាងច្រើនកុះករដដែលដោយគ្មានខ្លាចញញើតសមត្ថកិច្ចជំនាញណា១សោះឡើយ ។ ប្រភពបន្តថាក្រុមអ្នកនេសាទជនជាតិវៀតណាមនៅតំបន់ចុងឃ្នៀសបានចុះរុញស៊ីបរាល់យប់ដោយបានបង់លុយឱ្យមន្ត្រីជំនាញនៅទីនោះរាប់លានរៀលក្នុងមួយយប់ៗ ។ ចំណែកក្រុមអ្នកដាក់អ៊ុយ,ប័រ លបរ៉ាវវិញកើតមានពេញផ្ទៃទឹកគ្មានឃើញជំនាញចុះបង្ក្រាបនោះទេយូរៗទៅវាក្លាយជារឿង ដដែលទៅហើយ ។ ប៉ុន្តែគេក៏បានឃើញ អាជ្ញាធរមូលដ្ឋានចុះបង្ក្រាបខ្លះៗដែរ តែមិនស៊ីជម្រៅដោយគេសង្ស័យថាគ្រាន់តែដេញត្រីឱ្យចូលស៊ងតែប៉ុណ្ណោះ ។ ជាមួយគ្នានោះ ការបង្ក្រាបបទល្មើស ហាក់ដូចជាវ៉ៃព្រៃ បង្អើលពស់ប៉ុណ្ណោះ ពោលបង្ក្រាបជនខិលខូចណាដែលមិនផ្ដល់កម្រៃដល់សមត្ថកិច្ចជាថ្នូរមិនបង្ក្រាប ។

បើទោះបី លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបធ្លាប់ប្រាប់សមត្ថកិច្ចជំនាញទាំងអស់នៅក្នុងអង្គប្រជុំរួចហើយ បើមានរឿងសមត្ថកិច្ចទៅស៊ុំគ្រលំជាមួយបទល្មើសនេសាទពិតយ៉ាងដូច្នេះមែន អាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន ។ លោកបន្តថា ចំពោះករណីនេសាទ ខុសច្បាប់នេះផងដែរ លោកបានឱ្យខាង សង្កាត់ចុះផ្ទាល់ទៅណែនាំដល់បងប្អូន ប្រជាពលរដ្ឋជាញឹកញាប់ទៅតាមការដែលយើងអាចធ្វើទៅបាន ។ លោកសន្យាថា លោកនឹងបន្តចុះផ្ទាល់ទៅដល់មាត់ទឹកបឹងទន្លេសាបតែម្តង ដើម្បីឱ្យឃើញជាក់ស្តែង ព្រោះជួនកាល មានមន្ត្រីមួយចំនួនរាយ ការណ៍កុហកថ្នាក់លើក៏អាចថាបានដែរ ។

ជុំវិញករណីខាងលើ លោក និត សារ៉ាវុធ នាយសង្កាត់រដ្ឋបាលជលផលភ្នំក្រោម មិនអាចរកការបំភ្លឺបានទេនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារទូរស័ព្ទហៅ ចូលស្ថិតនៅក្រៅតំបន់សេវា ។ ចំណែកក្រុមមន្ត្រី ជំនាញបាននិយាយថាការយកលុយពីបទល្មើសជាថ្នូរនិងការមិនចុះបង្ក្រាប បែបនេះវាគឺជារឿងខុសច្បាប់ដែលមិនអាចលើកលែងបាន ។ មន្ត្រីដដែល បន្តថា ករណីនេះសាមីក្រសួងត្រូវតែយកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យទៅលើមន្ត្រីថ្នាក់ក្រោមកុំចេះតែបណ្តោយឲ្យមានបន្តទៅទៀតនិងបញ្ចប់ឈប់ឱ្យមានជនខិលខូចប្រព្រឹត្តខុសច្បាប់តទៅទៀត បើមិន ដូច្នោះទេមច្ឆាជាតិនិងរលាយសាបសូន្យនៅពេលខាងមុខនេះជាក់ជាមិនខាន ។

សូមរំឭកថា បទល្មើសនេសាទកើតមានច្រើនជាងគេបំផុតនៅក្នុងខេត្តសៀមរាបនោះគឺបន្ទាប់ពីមានការគ្រប់គ្រងផ្ទាល់របស់លោកព្រិន្ទ សាវិន បានឡើងជានាយខ័ណ្ឌ រដ្ឋបាលជលផលអស់រយះពេលជិត១០ឆ្នាំកន្លងមកនេះ ដែលបណ្តែតបណ្តោយឱ្យកូនចៅក្រោមឱវាទមួយចំនួនទៅឃុបឃិតជាមួយអ្នកប្រព្រឹត្តបទល្មើស ជាថ្នូរនិងការមិន ចុះបង្ក្រាប ។

ទន្ទឹមគ្នានេះពលរដ្ឋសង្ឃឹមថាប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងលោកអភិ បាលខេត្តសៀមរាប និងចុះត្រួតពិនិត្យមើលមន្ត្រីមួយចំនួនដែលមានភារះកិច្ចការពារនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាបផងដើម្បីឱ្យផលត្រីកើនឡើងសមស្របទៅនឹងតម្រូវការហូបចុករបស់បងប្អូនប្រជាពលរដ្ឋ ព្រោះពីដើមត្រីចិញ្ចឹមមនុស្ស តែឥឡូវដល់មនុស្សចិញ្ចឹមត្រីទើបបានហូប ៕  ដោយ ៖ជានិរន្ដរ៍

...

sr rs

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print