សម្តេចតេជោ ហ៊ុន សែន ជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំទ្វេភាគីជាមួយ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅឯសណ្ឋាគារអប្សរាផាឡែស ខេត្តសៀមរាប។ នៅក្នុងជំនួបទ្វេភាគី នេះនាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាមួយចំនួន រួមទាំងបញ្ហាព្រំដែនដែលប្រមុខដឹកនាំទាំងពីរបានលើកឡើងថា មកដល់ពេលនេះគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ពុំទាន់បានជួបគ្នាជាបន្តទៀតនៅឡើយទេក្នុងពេលកន្លងមក។ នៅក្នុងខែមិថុនា ឆ្នាំ២០១៦ ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវមកកម្ពុជាគឺបានឯកភាពគ្នាឲ្យគណៈកម្មការព្រំដែននៃប្រទេសទាំងពីរជួបគ្នាឲ្យបានឆាប់ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានធ្វើកំណត់ទូតតាំងពីខែកក្កដា ដើម្បីជម្រុញការងារនេះអោយបានដំណើរការទៅឆាប់រហ័ស។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនភាគីឡាវត្រូវខិតខំជំរុញនិងដោះស្រាយ ១).តំបន់តាងឿន ២). ការបើកច្រកព្រំដែនចំនួន០៣ ដែលកន្លងមកបានចាត់ឲ្យគណៈកម្មការចម្រុះព្រំដែន អាជ្ញាធរខេត្ត និងមន្ត្រីកុងស៊ុលធ្វើការជាមួយគ្នា។ ដោយឡែកមានច្រកព្រំដែនអន្តរជាតិមួយកន្លែងទៀត ដែលចំនឹងកន្លែង សង់ស្ពានឆ្លងកាត់ព្រែកល្ពៅ និងច្រកអូស្វាយ-វឿនខាំ និងច្រកទ្វារតំបន់កោះឬស្សី និងច្រកលេខ៤៨ខាងឡាវ។ តំបន់ទាំងនេះ គឺមិនទាន់ឈានដល់ការសម្រេច ដើម្បីបើកច្រកទាំង០៣នេះនៅឡើយទេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យគណៈកម្មការចម្រុះព្រំដែនសម្រេចអោយបានឆាប់ដើម្បីឈានដល់ការបើកច្រកទាំងនេះអោយបានជាស្ថាពរ។

ចំពោះគម្រោងសាងសង់ស្ពានព្រែកល្ពៅ កន្លងមកគឺភាគីទាំងពីរ បានធ្វើការត្រួតពិនិត្យរួចរាល់អស់ហើយ ប៉ុន្តែពេលនេះ មានបញ្ហាប្រែប្រួលមួយចំនួនដែលទាមទារឲ្យភាគីទាំងពីរសម្រួលការងារបន្ថែមទៀត។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីការប្រើប្រាស់ប័ណ្ណឆ្លងកាត់តាមព្រំដែន ដើម្បីសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋ ជាពិសេសខេត្តដែលមានព្រំប្រទល់ជាប់គ្នា។ ប្រទេសទាំងពីរបានឯកភាពឲ្យប្រើប្រាស់ប័ណ្ណនេះ ចាប់ពីថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ។

ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីគម្រោងរៀបចំសម្ពោធច្រកអន្តរជាតិត្រពាំងក្រៀល-ណងនុឃឿន ជាច្រកមួយដ៏សំខាន់ដែលភាគីទាំងពីរបានចរចាគ្នារួចហើយ។ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរបានឯកភាពនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ទន្ទឹមនឹងនេះ ដែរ ប្រមុខដឹកនាំទាំងពីរក៏បានឯកភាពគ្នាលើវិធានការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសទាំងពីរ បន្ទាប់ពីបញ្ហានេះត្រូវបានពិភាក្សាគ្នារួចមកហើយនោះ។

ពាក់ព័ន្ធនឹងតំបន់វារីអគ្គីសនីដនសាហុង គឺក្រោយពីភាគីកម្ពុជាបានពិនិត្យស្ថានភាពនៅទីនោះរួចហើយ គឺមិនមានបញ្ហាលើគម្រោងអភិវឌ្ឍនេះឡើយ។ ចំពោះការព្រួយបារម្ភរបស់កម្ពុជាអំពីកង្វះខាតទឹក ឬចលនារស់រានរបស់ត្រីក៏មិនមានការប៉ះពាល់ដែរ។ នៅពេលនេះ ឡាវបានចាប់ដំណើរការសាងសង់ គម្រោងវារីអគ្គីសនីនេះហើយ។ សម្តេចតេជោនាយរកដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះភាគីឡាវ ដែលបានសន្យាលក់អគ្គីសនីមកអោយបណ្តាខេត្តរបស់កម្ពុជាដែលជាប់ព្រំដែនជាមួយនឹងតំបន់វារីអគ្គិសនីនេះក្នុងតម្លៃថោក។

ប្រមុខដឹកនាំប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការតម្លើងចំនួនអាហារូបករណ៍ពី១០ទៅ១៥កន្លែង និងបានឯកភាពតម្លើងប្រាក់ឧបត្ថម្ភអាហាររូបករណ៍ ពី១៥០ដុល្លារ ដល់១៨០ដុល្លារ សម្រាប់និស្សិតដែលផ្លាស់ប្តូរការសិក្សារវាងប្រទេសទាំងពីរដែលនឹងចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំក្រោយ។

កិច្ចប្រជុំនៃប្រមុខដឹកនាំប្រទេសទាំងពីរបានពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងកម្ពុជា-ឡាវ ដើម្បីជម្រុញការអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្ររវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរអោយកាន់តែឆាប់និងមានប្រសិទ្ឋិភាព។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នាបន្ថែមទៀតក្នុងក្របខណ្ឌ CLV ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរកម្ពុជា-ឡាវ៕

22 23 24 25 26 27 28

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print