វាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តនៅស្ថានីយប្រេងសាំង ស្លាប់ជាង​១០០នាក់ នៅអ៊ីរ៉ាក់

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស ១០០នាក់ស្លាប់ និងជាង៤០នាក់រងរបួស ក្រោយពេលរថយន្តមួយគ្រឿងផ្ទុកទៅដោយគ្រាប់រំសែនបានផ្ទុះនៅស្ថានីយប្រេងសាំងជិតទីក្រុងHilla ប្រទេសអ៊ីរ៉ាក់។ ភាគច្រើនជនរងគ្រោះជាជនជាតិអ៊ីរ៉ង់ ។

ក្រុមភេរវកម្មIS បានចេញមុខទទួលស្គាល់ថាជា សកម្មភាពវាយប្រហាររបស់ខ្លួន កាលពីថ្ងៃទី២៤ខែវិច្ឆិកា។ បណ្តាញព័ត៌មានNBC News បានផ្សាយថា ជនរងគ្រោះភាគច្រើនជាអ្នកធ្វើព្យុះយ៉ាត្រាទៅកាន់ព្រះវិហារ Kerbala ដែលជាតំបន់ស័ក្តសិទ្ធរបស់ជនជាតិ ស៊ីអីត នៅអ៊ីរ៉ាក់។

រថយន្តក្រុមភេរវករបានចតនៅមុខស្ថានីយប្រេងសាំងដែលមានភោជនីយដ្ឋាននៅក្បែរនោះស្ថិតនៅតំបន់Hilla។ ទីតំាងជាកន្លែងឈប់សម្រាកកាយរបស់ក្រុមអ្នកធ្វើព្យុះយ៉ាត្រា ។ រថយន្តក្រុង៥គ្រឿងឆាបឆេះ ក្រោយពេលរថយន្តផ្ទុកគ្រាប់បែកផ្ទុះឡើង ក្រៅពីនេះស្ថានីយប្រេងនិងភោជនីយដ្ឋានខាងលើក៏ឆេះខ្ទេចផងដែរ។

រថយន្តដឹកទំនិញផ្ទុកសារធាតុ Ammonia Nitrate និងសារធាតុផ្ទុះផ្សេងទៀត មិនគិតប្រេងសាំងពេញធុង។ ចំណែករថយន្តក្រុងក៏មានសាំងពេញផងដែរ ទាំងនោះហើយធ្វើឲ្យកម្លាំងផ្ទុះកាន់តែខ្លាំងនិងបំផ្លាញគ្រប់យ៉ាងនៅទីនោះ។

សូមបញ្ជាក់ផងដែរថា ក្រុមIS ត្រូវបានឡោមព័ទ្ធនៅទីក្រុងម៉ូស៊លប្រទេសអ៊ីរ៉ាក់ ក្រោយពេលកម្លាំងទាហានអ៊ីរ៉ាក់បើកការវាយប្រហារជាទ្រងទ្រាយធំ ទៅលើទីតាំងចុងក្រោយរបស់ក្រុមនេះ។ ក្រុមIS តែងតែបើកការវាយប្រហារនៅតំបន់ផ្សេងទៀត ជាការសងសឹកនៅនឹងកម្លាំងទាហានអ៊ីរ៉ាក់ដែលបានវាយប្រហារពួកគេ។

ពាក់ព័ន្ធនៅក្នុងសង្គ្រាមវាយប្រហារទៅលើក្រុមភេរវកម្មIS អ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រតិបត្តិការយោធាជាង ១ខែនៅក្នុងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់ មានពលរដ្ឋអ៊ីរ៉ាក់នាពេលបច្ចុប្បន្ននេះ ៦៨០០០នាក់បានផ្លាស់ទីលំនៅ (ភៀសខ្លួន) ចេញពីទីក្រុង និងបណ្ដាស្រុកដែលនៅជិតទីក្រុងម៉ូស៊ុល ដោយសារតែសង្គ្រាមបន្ដហែកហួរមិនចេះចប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានលើកឡើងថា “កាលពី៤ថ្ងៃមុនភ្ញាក់ងារបានប្រាប់ថា ចំនួនអ្នកផ្លាស់ទីលំនៅ សរុបបានកើនឡើងថែម ៨៣០០នាក់ទៀត ដូចដែលដំណើរការប្រយុទ្ធនៅទីក្រុងម៉ូស៊ុលត្រូវបានកំណត់ ហើយមានពលរដ្ឋច្រើនណាស់ ត្រូវបង្ខំចិត្តផ្លាស់ទីលំនៅ” ។

លោកបន្ថែមទៀតថា មូលហេតុចម្បងដែលបណ្ដាលឲ្យ មានការផ្លាស់ទីលំនៅចេញពីទីក្រុង និងស្រុកមួយចំនួននោះ គឺដោយសារតែសង្គ្រាម  ហើយស្ទើរតែ៩៨ភាគរយនៃអ្នកភៀសខ្លួនបច្ចុប្បន្ន កំពុងរស់នៅក្នុងអាណាខេត្ត Ninewa ហើយបច្ចុប្បន្ននេះប្រយុទ្ធនៅទីក្រុងម៉ូស៊ុល កំពុងដំណើរការទៅយ៉ាងក្ដៅគគុក ហេតុដូចនេះជនស៊ីវិល ត្រូវតែជម្លៀសចេញទាំងអស់ ដើម្បីមានសុវត្ថិភាព ៕

boom-2 boom-1 boom-3

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print