អាជ្ញាធររាជធានី គ្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើងមួយខ្សែទៀតប្របដងទន្លេសាបក្រើយខាងលិច

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវថ្មើរជើង១ខ្សែ ទៀតប្របតាមមាត់ទន្លេ សាបនិងចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វាក្នុងគោលដៅបង្កើតសោភ័ណភាពថ្មីរបស់រាជធានីភ្នំពេញសំដៅទាក់ទាញភ្ញៀវទេសចរណ៍។

ក្នុងឱកាសចុះត្រួតពិនិត្យច្រាំងទន្លេសាបដោយផ្ទាល់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យក្រុមការងារជំនាញទំាងអស់ ពន្លឿនការសិក្សា គំរូប្លង់ឲ្យបានច្បាស់លាស់ ដើម្បីឈានទៅអភិវឌ្ឍន៍ផ្លូវថ្មើរជើងតាមមាត់ទន្លេសាបចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វានៅឆ្នាំក្រោយនេះ។ ពន្លឿនការស្ថាបនាផ្លូវថ្មើរជើងថ្មីនេះ ខណៈដែរបច្ចុប្បន្នតំបន់ទេសចរណ៍ចាប់ពីសួនច្បារផ្សារត្រីដល់គល់ស្ពានជ្រោយចង្វានេះមានភាពរញេរញៃបរិស្ថានមិនល្អរួមទាំងទីតំាងបម្រើសេវាកម្មទេសចរណ៍មានលក្ខណៈដាច់ដោយដុំមិនបម្រើឲ្យសាធារណៈទំាងមូល។

លោកបន្តថា ក្រុមការងារកំពុងតែសម្របសម្រួលជាមួយអ្នករងផលប៉ះពាល់ជិតរួចរាល់ហើយ ដោយប្រើយុទ្ធសាស្រ្តឈ្នះៗទំាងអស់គ្នា ក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈ។

លោកបន្ដថា ៖ ការស្ថាបនាផ្លូវថ្មើរជើងប្របតាមមាត់ទន្លេនៅតំបន់នេះ មានសារៈសំខាន់ណាស់ដោយវាមិនត្រឹមតែការពារបានច្រាំងទន្លេធ្វើឲ្យមានសោភណ័ភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋបានស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ និងការហាត់ប្រាណតាមមាត់ទន្លេផងដែរ។

លោកបន្តថា៖ សម្រាប់គម្រោងផ្លូវថ្មើរជើងចាប់ពីសួនច្បារមុខផ្សារចាស់ប្របតាមមាត់ទន្លេសាបដល់គល់ស្ពានជ្រោយចង្វាអាជ្ញាធរនឹងធ្វើការកែ លម្អយ៉ាងម៉ត់ចត់ជាទីបំផុតឲ្យស័ក្តិសមទៅនឹងកញ្ចប់ផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅរាជធានីភ្នំពេញដែលមានភោជ្ជនីយដ្ឋាន ហាងកាហ្វេ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងកំពង់ផែទូកទេសចរណ៍ ហើយផ្សារភ្ជាប់ទៅនឹងតំបន់រម្មណីយដ្ឋានវត្តភ្នំដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញ។

លោកយុំ យីង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានសាទរចំពោះគម្រោងស្ថាបនាផ្លូវថ្មើរជើងនេះ ថានឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សាធារណៈ ព្រោះវាបានធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានកន្លែងធំទូលាយក្នុងការដើរកម្សាន្ត ហាត់ប្រាណ ប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ៖ ការឈានទៅអភិវឌ្ឍផ្លូវថ្មើរជើង និងការស្ថាបនាច្រាំងទន្លេចាប់ពីផ្សាររាត្រីដល់គល់ ស្ពានជ្រោយចង្វាដែលមានប្រវែងប្រវែងជាង១៦៤០ម៉ែត្រនេះបានធ្វើឡើង បន្ទាប់ពីគម្រោងស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេសាបចាប់ពីបញ្ជាព័ត៌មានទេសចរណ៍មុខព្រះ បរមរាជវំាងដល់កំពង់ចម្លងអរិយក្សត្រចប់រួចរាល់ ហើយទទួលការគាំទ្រយ៉ាងខ្លំាងពីសំណាក់ប្រជាពលរដ្ឋទំាងក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត៕

pa1 pa2 pa3 pa4 pa5 pa6 pa7 pa8 pa9 pa10

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print