ពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពិធីបុណ្យអុំទូក នៅខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះមានទូកអុំចំនួន២២ទូក ដែលមាកីឡាករអុំទូកចូលរួមសរុបជាង១ពាន់នាក់ ក្នុងការប្រកួតប្រជែងប្រឡងប្រណាំង ដណ្តើមយកជ័យលាភីលេខ១ លេខ២ បានដំណើរការទៅជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ ដែលមានប្រជាពលរដ្ឋមកលេងកំសាន្តច្រើនម៉ឺននាក់ ។

ពិធីបុណ្យអុំទូក ត្រូវបានរៀបចំបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមាត់ស្ទឹងសិរី សោភ័ណ ក្រោយសាកលវិទ្យាល័យមានជ័យ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ។

ពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យ ក៏ត្រូវបានអាជ្ញាធរខេត្តប្រើប្រាស់កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថសរុបជិត២០០នាក់ ក្នុងការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាសុវត្ថិភាពជូនដល់ពលរដ្ឋដែលបាននាំគ្នាមកលេងកំសាន្ត។

ពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ គេក៏សង្កេតឃើញពុំមានកើតហេតុការណ៍អ្វីគួរឱ្យកត់សំគាល់ធ្ងន់ធ្ងរនោះទេ សមត្ថកិច្ចបានការពារសន្តិសុខសុវត្ថិភាពបានល្អ ។ កីឡាករកអ៊ុំទូកគ្មានគ្រោះបាត់បង់ជីវិតអ្វីនោះឡើយ គ្រាន់តែមានកីឡា១នាក់កើតខ្យល់គនៅថ្ងៃដំបូង ត្រូវបានគ្រូពេទ្យជួយសង្រ្គោះគេចផុពីគ្រោះថ្នាក់អាយុជីវិត ។

ក្នុងនោះមានការតវ៉ារវាងកីឡាករអុំទូក១ករណី មានកើតឡើងគ្រោះថ្នាក់ចរាចរណ៍៤លើក បណ្តាលឱ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ ស្រាល៧នាក់ និងកើតឡើងនូវអំពើហិង្សា១ករណីរបស់ក្រុមក្មេងទំនើងវាយគ្នាតែក្រុមបង្ករងការចាប់ខ្លួនបានពីសមត្ថកិច្ច។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ បានធ្វើការកោតសើរសើរចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ដែលបានរៀបចំពិធីបុណ្យអុំទូកទទួលបានជោគជ័យសម្រាប់ឆ្នាំ២០១៦ ក្រោមបរិយាកាសសប្បាយរីករាយក្នុងតំណាក់កាលប្រទេសកម្ពុជា យើងមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ដែលមានប្រជាពលរដ្ឋច្រើនកុះករមក លេងកំសាន្តរយៈពេល៣ថ្ងៃនោះមក។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរដល់កីឡាករអុំទូកទាំងអស់ ដែលមានឆន្ទៈមុះមុតរួមសាមគ្គឺគ្នាបានល្អ ស្តាប់តាមការណែនាំពីគណៈកម្មាការបច្ចេកទេសរៀបចំអុំទូកធ្វើឱ្យការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ នៅឆ្នាំនេះ ទទួលបានជោគជ័យ ។ កីឡានាំមកនូវសុខភាពល្អ និងសាមគ្គឺភាព។

ចុងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់កីឡាករអុំទូកនិងប្រជាពលរដ្ឋដែលមិនទាន់ទៅចុះឈ្មោះបោះឆ្នោតត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា ពីព្រោះថ្ងៃចុះឈ្មោះបោះឆ្នោតសល់មិនដល់មួយសប្តាហ៍នោះទេ ត្រូវបានបិទនោះហើយ ។ បើសិនបងប្អូនមិនទៅចុះឈ្មោះបោះឆ្នោតនោះទេ មានន័យបងប្អូនបោះបង់ចោលសិទ្ធិបោះឆ្នោត ៕

img_3177-768x573 img_3176-768x576 img_3184-768x512 img_3178-768x510

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print