វិចារណកថា៖ សម រង្ស៊ីត្រូវដើរឆ្លងវិញ្ញាសារដ៏លំបាកមួយ

ចែករំលែក៖

ថ្វីបើលោកសម រង្ស៊ីធ្លាប់អះអាងជាញយថា លោកនឹងត្រឡប់ចូលស្រុកដោយមិនខ្លាចគុកច្រវាក់យ៉ាងណាក្តី ក៏សម្តីនោះ មិនឃើញលេចចេញជាការពិតនោះឡើយ ។ ម្តងនេះ វាជាការលំបាកបំផុតសម្រាប់ឆាកជីវិតនយោបាយរបស់លោកសម រង្ស៊ី នៅគ្រាដែលម្តាយក្មេករបស់លោកទទួលមរណភាពនៅឯរាជធានីភ្នំពេញ ដែលបានលេចចេញជាសំណួរថា តើមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសនេះ ហ៊ានប្រថុយប្រថានចូលស្រុកដើម្បីគោរពសពម្តាយក្មេកលាគ្នាជាចុងក្រោយបានដែរឬទេ? គ្រានេះ មន្ត្រីអ្នកអនុវត្តច្បាប់អះអាងថា វត្តមានរបស់លោកសម រង្ស៊ីក្នុងប្រទេសមិនអាចគេចផុតពីសំណាញ់ច្បាប់ ពោលគឺត្រូវចាប់ដាក់គុកមិនខានឡើយ ។

មរណភាពរបស់ឧបាសិកាញឹក ជូឡុងមាសកេត សមភ័ក្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ផ្ញើលិខិតរំលែកទុក្ខជូនជំពោះលោកស្រី ជូឡុង ស៊ូមួរ៉ា ភរិយាលោកសម រង្ស៊ី ។ នៅក្នុងលិខិតរបស់សម្តេចតេជោ គឺបានបញ្ជាក់អំពីការផ្ញើសាររំលែកទុក្ខក្នុងនាមខ្មែរដូចគ្នា ។ ប៉ុន្តែលិខិតនោះមិនបានបញ្ចេញឈ្មោះលោកសម រង្ស៊ីនោះឡើយ ចំពេលដែលមន្ត្រីគណបក្សសង្គ្រោះជាតិអះអាងថា មេដឹកនាំរបស់ពួកខ្លួនមានបំណងវិលត្រឡប់ចូលស្រុកដើម្បីគោរពសពម្តាយក្មេកជាលើកចុងក្រោយ ។ វាជាវិញ្ញាសារដ៏តឹងតែង ប្រសិនបើលោកសម រង្ស៊ីមានវត្តមានក្នុងឱកាសបុណ្យសពម្តាយក្មេករបស់ខ្លួន ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួននោះ វាហាក់ដូចជាមិនយល់ចំពោះវិញ្ញាណក្ខន្ធនៃសពឧបាសិកាញឹក ជូឡុងមាសកេត សមភ័ក្រ ។

អ្វីដែលគួរឲ្យកត់សម្គាល់ក្រៅពីសារលិខិតចូលរួមរំលែកទុក្ខជាមួយលោកស្រីជូឡុង ស៊ូមួរ៉ា ហើយនោះ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបញ្ជូនបុត្រាទី២ គឺលោកហ៊ុន ម៉ានី ឲ្យទៅគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោកស្រីជូឡុង ស៊ូមួរ៉ា ផងដែរ ។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅជាធម្មតា នៅគ្រាដែលមេដឹកនាំគណបក្សសង្គ្រោះបានចូលរួមក្នុងពិធីបុណ្យនេះហើយស្វាគមន៍លោកហ៊ុន ម៉ានី ដោយរាក់ទាក់ និងកក់ក្តៅ ។ អាចនិយាយបានថា នេះជាវិញ្ញាសារមួយធូរស្រាលបន្តិចសម្រាប់លោកសម រង្ស៊ី ។ ធូរស្រាលត្រង់ថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលមុននេះមើលទៅហាក់ដូចជាចាត់ទុកខ្មែរ ជាពិសេសចាត់ទុកក្រុមគ្រួសារសម្តេចតេជោជាសត្រូវនោះ ពេលនេះហាក់ដូចជាបានយល់អំពីជីវិត និងជីវភាពរស់នៅរបស់ខ្មែរ ដែលត្រូវអត់ឱន អភ័យទោសចំពោះអ្នកដែលបានស្លាប់ទៅនោះ ។ កាយវិការរបស់ប្រមុខដឹកនាំកម្ពុជាបានបង្ហាញច្បាស់ថា គ្មាននរណាម្នាក់ រាប់ទាំងមេដឹកនាំគណបក្សប្រឆាំង, ក្រុមគ្រួសារ, សមាជិកគ្រួសារមេដឹកនាំគណបក្សប្រឆាំង មិនមែនជាសត្រូវរបស់សម្តេចនោះឡើយ ។ ប៉ុន្តែមេដឹកនាំគណបក្សប្រឆាំងខ្លួនឯង ចេះតែយល់ច្រឡំ ហើយក៏តាំងខ្លួនជាសត្រូវ… ។

សម្រាប់លោកសម រង្ស៊ី តើអាចវិលត្រឡប់មកគោរពវិញ្ញាណក្ខន្ធ(ដុតធូប) សុំខមាលទោសសពម្តាយក្មេកបានដែរឬទេ? ។ គ្មាននរណាហាមឃាត់ឡើយ! ប៉ុន្តែច្បាប់នៅតែជាច្បាប់ ដែលមិនអាចលើកលែងឲ្យបានឡើយ ។ មន្ត្រីអ្នកអនុវត្តច្បាប់មិនអាចលើកលែងចំពោះបុគ្គលណាម្នាក់ ដោយលើកហេតុផលចំពោះមរណភាពសមាជិកក្រុមគ្រួសារនោះបានទេ ។ មន្ត្រីអ្នកអនុវត្តច្បាប់និយាយថា ច្បាប់មិនអាចលើកលែងចំពោះបុគ្គលណាម្នាក់បានឡើយ ។ តាមផ្លូវច្បាប់លោកសម រង្ស៊ី បើហ៊ានមកប្រទេសកម្ពុជាគឺត្រូវតែចាប់យកទៅផ្តន្ទាទោស ។ ពីព្រោះបច្ចុប្បន្ន លោកសម រង្ស៊ីជាទណ្ឌិតមួយយ៉ាងពិតប្រាកដ ហើយរង់ចាំតែការអនុវត្តទោស ។ យ៉ាងណាក៏ដោយ គេយល់ថា មិនមែនចុះពីយន្តហោះចាប់លោកសម រង្ស៊ីយកទៅដាក់គុកនោះទេ យ៉ាងហោចណាស់ ក៏ត្រូវទុកឱកាសឲ្យលោកបានទៅដុតធូបគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេក ឬក៏ធ្វើបុណ្យ៧ថ្ងៃហើយដែរ ។ នេះជាការយោគយល់មួយ ។

ឧបាសិកាញឹក ជូឡុងមាសកេត សមភ័ក្រ ម្តាយបង្កើតលោកស្រីជូឡុង ស៊ូមួរ៉ា ត្រូវជាម្តាយក្មេកលោកសម រង្ស៊ី បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ៩៧ឆ្នាំ នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សពឧបាសិកាញឹក ជូឡុងមាសកេត សមភ័ក្រ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានលោកសម រង្ស៊ី ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គេមិនទាន់ប្រាកដថា តើលោកសម រង្ស៊ី អាចនឹងវិលត្រឡប់មកចូលរួមគោរពវិញ្ញាណក្ខន្ធម្តាយក្មេករបស់លោក ឬយ៉ាងណានោះទេ ។ ជួនកាលលោកគ្រាន់តែអុជធូបបួងសួងសុំខមាលទោសពីក្រៅប្រទេសតាមវីដេអូខនហ្វេរិន ក៏ថាបាន ។ ជាទម្លាប់ មេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ មិនសូវខ្វល់ខ្វាយបញ្ហាជីវិតមនុស្សបែបមានមនុស្សធម៌ គុណធម៌ ប៉ុន្មានទេ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិព្រលយថា យ៉ាងណាក៏ដោយ លោកសម រង្ស៊ី នឹងចូលរួមក្នុងពិធីបុណ្យសពម្តាយក្មេកដោយខានមិនបាននោះឡើយ ។ សម្រាប់ក្រុមអ្នកវិភាគ ក៏រំពឹងដែរថា មេដឹកនាំគណបក្សប្រឆាំងរូបនេះអាចឆ្លៀតឱកាសដើម្បីស្ទង់មើលទម្ងន់ទោសរបស់ខ្លួនតាមរយៈការចូលស្រុក ពេលខ្លួនមកបុណ្យសពម្តាយក្មេកនេះឯង ។ វានៅតែជាវិញ្ញាសារដ៏តឹងតែងសម្រាប់បុគ្គលដ៏កំសាកសម រង្ស៊ី ៕

fe

...

ដោយ៖ នួន នរិន្ទ្រន៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print