សិស្សប៊ែលធី ភាសាអង់គ្លេស Level 6 ចំនួន ៨១៩នាក់ ទទួលវិញ្ញាបនបត្រ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៨១៩នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពរបស់ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ។

តាមរបាយការណ៍របស់លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បានឲ្យដឹងថា៖ សាលា ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាជាភាសាអង់គ្លេស 12 Level ហើយបានចែកចេញជាពីរកម្រិត៖ ១. Level 1-6 សម្រាប់កុមារ (Young Learner) និង ២. Level 7-12 សម្រាប់មនុស្សពេញវ័យ (Adult Learner)។

បច្ចុប្បន្ននេះ សិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង៤០ជំនាន់ មានចំនួន ១០.១៥១នាក់។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនាច្បាប់ចរាចរណ៍ផ្លូវគោក និងការយល់ដឹងពីគ្រឿងញៀន) ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេសនិងវេទិកាជជែកពិភាក្សាជាសាធារណៈ) ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះប្ររមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា) ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ)ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។

ឯកឧត្តម បានមានប្រសាសន៍ថា សមិទ្ធិផល និងការរីកដុះដាលរបស់ប៊ែលធី គ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាល សិស្សានុសិស្ស និស្សិត ស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ ឯកឧត្តម បានបន្ថែមទៀតថា បច្ចុប្បន្ននេះ ប៊ែលធី បានបង្កើត ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ដើម្បីធ្វើការទំនាក់ទំនងជាមួយបណ្តាសាកលវិទ្យាល័យល្បីៗនានាទូទាំងពិភពលោក និងមានទទួលបម្រើសេវាកម្មធំៗចំនួន ៥ ដូចខាងក្រោម៖

១.បញ្ជូនសិស្ស-និស្សិត ប៊ែលធី ដែលពូកែ ឬសិស្សនិទ្ទេសA ទៅសិក្សាក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង ២.បញ្ជូនសិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេស ដែលមានលទ្ធភាពបង់ថ្លៃទៅសិក្សានៅក្រៅប្រទេស
៣.បញ្ជូនបុគ្គលិក និងសិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទ ទូទាំងប្រទេសទៅទស្សនកិច្ចសិក្សាក្រៅប្រទេស
៤.កម្មវិធីផ្លាស់ប្ដូរសិស្ស-និស្សិត ទៅក្រៅប្រទេស
៥.បញ្ជូនសិស្ស-និស្សិត ចុះកម្មសិក្សានៅក្រៅប្រទេស
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level 12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬIELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5 ឡើងទៅសម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សីដ៏ល្អក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទប់មក ឯកឧត្តម ប្រធានគណៈអធិបតី និងលោកជំទាវ ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨១៩នាក់ នាពេលនោះផងដែរ៕   ដោយ ៖ សហការី

...

unnamed-4 unnamed-3 unnamed-3 unnamed-2 unnamed-1 unnamed-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print