ខ្សឹបដាក់ត្រចៀក៖ អតិថិជនទិញដីក្រុមហ៊ុនលោករ៉ាឌីនកំពុងជ្រួល

ចែករំលែក៖

ក្រុមអាជីវករដែលទិញដីក្រុមហ៊ុន SP Development របស់លោក រ៉ាឌីន ដែលជាថៅកែរណ្តៅដីដ៏ធំក្នុងភូមិសាស្ត្រខណ្ឌដង្កោបានខ្សឹបតៗគ្នាអំពីការដែលក្រុមហ៊ុនគ្មានដីពិតប្រាកដ ពោលគឺមានតែរណ្តៅដីដែលមិនទាន់ចាក់បំពេញរួច។ នៅពេលដែល អាជីវករសួរនាំអំពីការអនុវត្តកិច្ចសន្យាដូចជាគម្រោងសាងសង់ផ្លូវ និងបណ្តាញទឹក អគ្គិសនីជាដើមនោះបែរជាមេធាវីខាងក្រុមហ៊ុនជំរុញឲ្យអតិថិជនបង់លុយផ្តាច់ទៅវិញ។ ចំណុចទាំងនេះធ្វើឲ្យអតិថិជនជាច្រើនកំពុងមានមន្ទិល ហើយថា ក្រុមហ៊ុនរបស់លោក រ៉ាឌីន លក់ដីលើប្លង់ខ្យល់ ។

ក្រុមអ្នកទិញបានខ្សឹបខ្សៀវគ្នាថា ក្រុមហ៊ុនបានសន្យាធ្វើផ្លូវនិងរៀបចំប្រព័ន្ធទឹកភ្លើង ឲ្យបានរួចរាល់នៅអំឡុងខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែវេលានេះ គឺជិតដាច់ខែវិច្ឆិកាទៅ ហើយមិនត្រឹមតែមិនទាន់ឃើញមានការអភិវឌ្ឍនៅលើប្លង់ក្រដាសប៉ុណ្ណោះទេ សូម្បី តែទីតាំងដីពិតប្រាកដក៏មិនទាន់ឃើញដែរ។ មេធាវីតំណាងក្រុមហ៊ុនរបស់លោក រ៉ាឌីន បានត្រឹមតែជំរុញឲ្យអតិថិជនបង់លុយឲ្យឆាប់ៗឬបង់លុយផ្តាច់ ប៉ុន្តែមិនព្រម បង្ហាញទីតាំងដី និងអ្វីដែលជាការសន្យានោះទេ។ ប្រការនេះធ្វើឲ្យអតិថិជនកាន់តែ ជ្រួលច្របល់ ពីព្រោះថាម្នាក់ៗបង់លុយច្រើនណាស់ទៅហើយ។ គេខ្សឹបខ្សៀវថា ក្រុមហ៊ុននេះលក់ដីលើប្លង់ទទេបានលុយជាង២លានដុល្លារទៅហើយ ។

លោក រ៉ាឌីន ត្រូវគេអះអាងថា ជាអ្នកមានរណ្តៅដីធំៗនៅក្នុងភូមិសាស្ត្រខណ្ឌ ដង្កោ។ រីឯដីដែលប្រកាសពុះឡូត៍លក់នោះស្ថិតនៅក្នុងសង្កាត់ស្ពានថ្មប្រមាណជិត១ពាន់ឡូត៍។ គេខ្សឹបថា រឿងដីនោះមានហើយ ប៉ុន្តែវាស្ថិតនៅជារណ្តៅដែលកន្លែងខ្លះជ្រៅរហូតដល់៥០ម៉ែត្រ។ មិនដឹងថា គេត្រូវដឹកជញ្ជូនដីពីទីណាយកមកចាក់បំពេញ រណ្តៅដីនោះទេ។ ដោយសារតែដូច្នេះហើយបានជាការសន្យាក្នុងការអភិវឌ្ឍដីឡូត៍ ដែលលក់ឲ្យអតិថិជននោះមិនចេញជារូបរាងហើយ ព្រោះតែការមិនចេញជារូបរាងនេះ ហើយទើបអតិថិជនយល់ថាក្រុមហ៊ុនរបស់លោក រ៉ាឌីន លក់ដីខ្យល់ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print