សម្តេចតេជោនាយករដ្ឋមន្ត្រីរិះគន់មហាអំណាចបង្កឲ្យមានអសន្តិសុខ

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ ក្នុងពិធីបើកមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩បានថ្កោលទោសចំពោះទង្វើរបស់ប្រទេសមហាអំណាចមួយចំនួនដែលបានបង្កឲ្យមាន អសន្តិសុខនៅក្នុងពិភពលោកតាមរយៈ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការធ្វើបដិវត្តន៍ពណ៌ដែលចង់ផ្តួលរំលំមនុស្សម្នាក់ ឬរបបមួយបានធ្វើឲ្យមនុស្សស្លាប់រាប់លាននាក់ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា តើដល់ពេលដែលយើងត្រូវវាយតម្លៃ អំពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ ពេលនេះអ្នកដែលធ្លាប់ផ្តួចផ្តើមធ្វើបដិវត្តន៍ពណ៌ ហើយអ្នកដែលធ្លាប់អបអរសាទរបដិវត្តន៍ពណ៌ តើពួកគេទៅពួនសំងំនៅទីណា? តំបន់ដែលទទួលរងដោយសង្រ្គាមបដិវត្តន៍ ពណ៌កំពុងតែរងវិនាសកម្មយ៉ាងធ្ងន់ធ្ងរ ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យសិទ្ធិ មនុស្ស ការផ្តួលរំលំរបប សាដាម ហូ៊សេន។ តើបានផ្តល់ប្រយោជន៍អ្វីខ្លះទៅសម្រាប់ ប្រជាជនអុីរ៉ាក់ ការផ្តួលរំលំបេន ណាលី នៅទុយនេស៊ី ការផ្តួលរំលំកាដាហ្វុី នៅ លីប៊ី ការផ្តួលរំលំ មូស្លី ម៉ូបារ៉ាក់ នៅ អេហ្សុីប ការប្រឆាំងនឹងរបបដែលដឹកនាំដោយប្រធានាធិបតី អាសាដ ក៏ដូចជា សង្រ្គាមដែលកំពុងផ្ទុះឡើងនៅយេមែន។ តើទាំងអស់នេះអ្នកណាជាអ្នកទទួលខុសត្រូវដើម្បីប្តូរមនុស្សម្នាក់និងប្តូរបុគ្គលម្នាក់ ឬ ក៏រដ្ឋាភិបាលមួយនាំទៅដល់ការស្លាប់ មនុស្សរាប់ម៉ឺន រាប់សែន រាប់លានបែប នេះ? តើល្មមដល់ពេលដែលយើងវាយ តម្លៃអំពីសភាពការណ៍នេះហើយ ឬនៅតើ បដិវត្តន៍ពណ៌វាជាការគួរឲ្យស្រឡាញ់ ឬ ក៏ជាការគួរឲ្យស្អប់ខ្ពើម? ហើយតើតុលាការឧក្រិដ្ឋកម្មអន្តរជាតិគួរកាត់ទោសពួកមេខ្លោងដែលធ្វើឲ្យប្រជាជនអុីរ៉ាក់និង ប្រជាជនបណ្តាប្រទេសនៅមជ្ឈិមបូព៌ាយកទៅកាត់ទោស ឬត្រូវបំពាក់មេដាយណូ បែលសន្តិភាពឲ្យពួកទាំងនេះ?

សម្តេចតេជោក៏បានថ្លែងថា ក្រៅពីការស្លាប់មនុស្សតើនៅមានមនុស្សប៉ុន្មាននាក់ទៀតដែលកំពុងតែឆ្លងមហាសាគរ មេឌីទែរ៉ាណេដើម្បីភៀសខ្លួនទៅកាន់អឺរ៉ុប។ ឥឡូវ អឺរ៉ុបកំពុងធ្វើការតឹងតែងជាមួយអ្នកទាំង អស់នោះទៀត តើអឺរ៉ុបគួរមានការទទួល ខុសត្រូវ ឬយ៉ាងណា? ចំណុចនេះយើង ត្រូវពិភាក្សា និងដើម្បីទប់ស្កាត់ទង្វើរបស់ជន ទាំងឡាយណា ឬប្រទេសណាក៏ដោយដែល បានបង្កើតឡើងនូវស្ថានភាពទទឹងទិស ស្អប់ខ្ពើមមនុស្សម្នាក់ ឬរដ្ឋាភិបាលមួយតែបាននាំមកនូវការជំនួសដោយការស្លាប់ មនុស្សរាប់លាននាក់ ។

សម្តេចតេជោបានបន្តថា ដូចជាកម្ពុជាខ្លួនឯងផ្ទាល់តែម្តងស្អប់សម្តេចព្រះ នរោត្តម សីហនុ បែរជាបង្កើតរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ បង្កើតឡើងសង្រ្គាម វិនាសសកម្ម ស្លាប់មនុស្សពីឆ្នាំ១៩៧០ដល់ ១៩៧៥ អស់រាប់សិបម៉ឺននាក់ ពីឆ្នាំ១៩៧៥ ដល់១៩៧៩ ស្លាប់មនុស្សអស់ជាង៣ លាននាក់បន្តសង្រ្គាមពីឆ្នាំ១៩៧៩ មក បញ្ចប់នៅឆ្នាំ១៩៩៨ ។ យើងស្គាល់រស ជាតិនៃសង្រ្គាមយើងខ្ញុំត្រូវការពារសន្តិភាព តែយើងមិនមែនជាអ្នកជាតិនិយមចង្អៀត ចង្អល់នោះទេ ៕

smp

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print