ភ្ញាក់ផ្អើលនិងព្រឺព្រួច ព្រោះតួខ្មោចនាងនាថបង្ហាញខ្លួនក្នុងរោងកុន(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ សំឡេងស្រែកហ៊ោកញ្ជ្រៀវភ្ញាក់ផ្អើលនិងព្រឺព្រួចបានកើតមានឡើងក្នុងរោងភាពយន្តទំនើបMajor Cineplex នាផ្សារទំនើបអ៊ីអន ក្រោយពីខ្សែភាពយន្តខ្មោចបែបកំប្លែងរឿង”កំណត់ហេតុនាងនាថ” វគ្គចុងក្រោយបានបញ្ចប់ ព្រោះតែលេចចេញវត្តមានតួអង្គខ្មោចនាងនាថជាមួយនឹងការតុបតែងខ្លួនដូចគ្នានឹងឈុតក្នុងរឿងពិតៗ។

វគ្គបញ្ចប់នៃរឿង”កំណត់ហេតុនាងនាថ”ជិតនឹងបញ្ចប់ទៅហើយស្រាប់តែផ្ទាំងទស្សនីយភាពត្រូវបានបិទ ងងឹតឈឹង សំឡេងស្រែកថ្ងូររបស់នាងនាថត្រូវបានបន្លឺល្វើយៗធ្វើឲ្យអ្នកទស្សនាពេញរោងកុនស្រែកហ៊ោរ ជ្រួលច្របល់ជាមួយនឹងភាពភ័យខ្លាច ភ្លើងចាប់ផ្តើមបើកកាន់តែធ្វើឲ្យអ្នកទស្សនាក្នុងរោងកុនស្រែកបន្ថែមទៀតព្រោះតែគេឃើញវត្តមានតួអង្គខ្មោចនាងនាថបង្ហាញខ្លួននៅចំកណ្តាលរោងកុន។ ក្រៅពីវត្តមានខ្មោចនាងនាថ គឺមានវត្តមានតារាសម្តែងសំខាន់ៗក្នុងរឿងនេះជាច្រើនទៀតដែលធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនិងផ្ទុះចេញសំឡេងហ៊ោកញ្ជៀវជាថ្មី។

ព្រឹត្តិការណ៍ចូលទៅបង្ហាញខ្លួនធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្សែភាពយន្តខ្មែរនេះត្រូវបានធ្វើឡើងជាលើកដំបូងកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកានេះ បន្ទាប់ពីខ្សែភាពយន្តខាងលើទទួលបានការគាំទ្រច្រើនលើសលប់។

អ្នកនិពន្ធ និងដឹកនាំរឿង”កំណត់ហេតុនាងនាថ” លោក ចាន់ណា រ៉ូណាន់ បានបញ្ជាក់ថា កម្មវិធីចូលមកធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលនេះគឺជាគំនិតច្នៃប្រឌិតដើម្បីបង្កើតឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីទស្សនិកជន ពិសេសតបតាមការចង់បានរបស់ទស្សនិកជនគឺការចង់ជួបថតរូបផ្ទាល់ជាមួយនឹងតារាសម្តែងក្នុងខ្សែភាពយន្តនេះ។ លោកបន្តថា វាក៏ជាយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយមួយដែរ បន្ទាប់ពីខ្សែភាពយន្តនេះចាក់បញ្ចាំងបានមួយសប្តាហ៍មកហើយ ប៉ុន្តែអ្នកទស្សនានៅតែបន្តចូលទស្សនាពេញរោងកុនដដែល។ លោកថា ព្រឹត្តិការណ៍បែបនេះក៏នឹងត្រូវធ្វើជាថ្មីសម្រាប់អ្នកទស្សនានៅរោងភាពយន្ត២ទៀតនៅខេត្តសៀមរាបនៅថ្ងៃទី៣០ខែវិច្ឆិកានេះ។ លោកបញ្ជាក់ដែរថា ខ្សែភាពយន្តដែលទទួលបានអ្នកចូលទស្សនារាប់ម៉ឺននាក់រួចមកហើយនេះនឹងបន្តចាក់បញ្ចាំងនៅរោងភាពយន្តទំនើបនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបបន្តរហូតដល់អ្នកទស្សនាថយចុះ។ លោកថា ខ្សែភាពយន្តនេះក៏នឹងបន្តចេញទៅចាក់បញ្ចាំងនៅតាមបណ្តាខេត្តមួយចំនួនទៀតដែលមានរោងភាពយន្តដូចជាខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ជាដើម។

លោកបញ្ជាក់ដែរថា បើទោះបីជាទទួលបានការគាំទ្រច្រើនលើសលប់ពីទស្សនិកជនក៏លោកនៅតែទទួលយកនូវការរិះគន់ និងមតិកែលម្អសម្រាប់ខ្សែភាពយន្តលើកក្រោយទៀត។ លោកថា ក្រោយបញ្ចប់ការចាក់បញ្ចាំងខ្សែភាពយន្តនេះផលិតកម្ម ឥន្ទ្រានិម្មិត នឹងចាប់ផ្តើមបន្តផលិតកខ្សែភាពយន្តថ្មីមួយទៀតគឺរឿង”សសរកណ្លោង”ក្នុងពេលដ៏ខ្លីខាងមុខ។

តួអង្គខ្មោចដែលតុបតែងខ្លួនគឺជាតារាសម្តែងស្រីខ្មែរអ៊ីស្លាម កញ្ញា ណាតាហ្សា ផ្ទាល់ដែលនាងបានលះបង់ទាំងការសម្តែងក្នុងខ្សែភាពយន្ត និងការតុបតែងពិតៗមកជួបអ្នកគាំទ្រ។ ក្រៅពីនាងមានតារាសម្តែងក្នុងខ្សែភាពយន្តនេះបានបង្ហាញវត្តមានជួបជាមួយអ្នកគាំទ្រផងដែរ៕

neangneat-3 neangneat-13 neangneat-2 neangneat-8 neangneat-9 neangneat-14 neangneat-4 neangneat-11 neangneat-1 neangneat-15 neangneat-12 neangneat-5

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print