ទាហានឈុតខ្មៅថៃរងការចោទប្រកាន់យកគ្រាប់បែកមកដាក់បង្កៃក្នុងចម្ការដំឡូងមីនៃទឹកដីកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទាហានឈុតខ្មៅថៃ ក្នុងកងរយ៥៤១រងការចោទប្រកាន់ពីកម្លាំង ការពារព្រំដែនកម្ពុជាថា បានចូលក្នុងទឹកដី កម្ពុជា ហើយយកគ្រាប់បែក១គ្រាប់ដាក់ បង្កៃក្នុងចម្ការដំឡូងក្នុងគោលបំណងបង្កហេតុធ្វើឱ្យពលរដ្ឋខ្មែររងគ្រោះពេលនោះសមត្ថកិច្ចកម្ពុជាបានកោះហៅមេទាហានឈុតខ្មៅកងរយ៥៤១ដែលឈរជើងទល់ មុខភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង មកធ្វើការព្រមាន ។

ការប្រទះឃើញគ្រាប់បែកនេះគឺនៅ ពេលដែលសមត្ថកិច្ចកម្ពុជាក្នុងអង្គភាពនគរបាលការពារព្រំដែនគោកលេខ៨១៩ដើរល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង នៅខាងត្បូងបង្គោលសីមាលេខ៥៩ ប្រហែល១០០ ម៉ែត្រកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ ។ បន្ទាប់ពីសមត្ថកិច្ច កម្ពុជាបានឃ្លាំមើលឃើញទាហានឈុតខ្មៅថៃចូលមកដាក់គ្រាប់បែកជាក់ស្តែងយ៉ាងដូច្នេះខាងសមត្ថកិច្ចកម្ពុជាក៏បានជួបប្រជុំជាមួយមេទាហានឈុតខ្មៅកងរយ៥៤១ភ្លាមៗ ។

សេចក្តីរាយការណ៍ឱ្យដឹងថា គ្រាប់បែកនោះត្រូវបានទាហានឈុតខ្មៅមកដោះ យកទៅវិញក្រោយពីកងកម្លាំងកម្ពុជាជួបប្រជុំជាមួយមេទាហានឈុតខ្មៅនៅល្ងាចថ្ងៃដដែល ។ លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការ រងទទួលការងារព្រំដែននៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា គ្រាប់ បែកដែលទាហានឈុតខ្មៅយកមកដាក់ បង្កៃនោះជាប្រភេទគ្រាប់បែកផាវអាចបង្កឱ្យ មនុស្សគ្រោះថ្នាក់។ ទាហានឈុតខ្មៅ និយាយយកលេសថាដាក់ដើម្បីទប់ស្កាត់ការនាំចេញម៉ូតូតាមច្រករបៀងនោះ។ ប៉ុន្តែលោកស្នងការរងបដិសេធថា ច្រក នោះគ្មានការនាំម៉ូតូចូលនោះទេ ។

លោកស្នងការរងប្រាប់ឱ្យដឹងទៀតថា ក្នុងកិច្ចប្រជុំជាមួយមេទាហានឈុតខ្មៅថៃ ខាងកម្លាំងកម្ពុជាបានព្រមានធ្ងន់ៗបើសិន ទាហានថៃថ្ងៃក្រោយចូលមកធ្វើសកម្មភាព ផ្តេសផ្តាសក្នុងទឹកដីកម្ពុជាគ្មានការអនុញ្ញាត នឹងត្រូវបាញ់ចោលតែម្តង។ ករណីខាងលើមេទាហានឈុតខ្មៅថៃបានសារភាព ទទួលកំហុសនោះហើយ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កន្លងមកភាគីកម្ពុជា-ថៃនៅគ្រប់នៃកិច្ចប្រជុំ តែងតែនិយាយអំពីកិច្ចសហប្រតិបត្តិការយោគយល់គ្នាទៅវិញមក បើសិនមានបញ្ហាអ្វីកើតឡើងភាគីទាំង២ត្រូវជូនដំណឹង និងដោះស្រាយបញ្ហានិយាយជជែកគ្នាលើតុ ប៉ុន្តែគេសង្កេតឃើញថាភាគីថៃកន្លងមកការអនុវត្តមិនគោរពតាមខ្លឹមសារនៃកិច្ចប្រជុំនោះឡើយ ។

សកម្មភាពចូលមកដាក់គ្រាប់បែកក្នុងទឹកដីកម្ពុជាពីសំណាក់ទាហានឈុតខ្មៅបែបនេះត្រូវគេមើលឃើញថា ជាការ រំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយគ្មានការកោតខ្លាចញញើតសូម្បីតែបន្តិចនោះឡើយ ៕

img_3976 img_3971 img_3974 img_3973

ដោយ៖ សំ វិច្ឆិកា 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print