នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនមេអាប៉ោងម្នាក់ និងអ្នកលេងម្នាក់

ចែករំលែក៖

ភ្នំពេញ៖ អ្នកញៀនអាប៉ោង២នាក់ដែលម្នាក់ជាមេបាញ់អាប៉ោង និងម្នាក់តៀតជាអ្នកចាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ឫស្សីកែវ បានចុះបង្ក្រាបភ្លាមៗរួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ឫស្សីកែវចាត់ការតាមច្បាប់ ។

ការបង្រ្កាបល្បែងអាប៉ោងខាងលើនេះបានប្រព្រឹត្រ្តទៅកាលពីវេលាម៉ោង១១ និង២០នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវរថភ្លើង ក្រុម៦ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួននោះ ឈ្មោះ បាន ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃងវែង(មេបាញ់អាប៉ោង) និងទី២ឈ្មោះ កែវ ផល្លិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើឆាខ្វៃលក់ មានទីលំនៅផ្ទះជួលក្បែរផ្សារ៧មករា ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិជីបះ ឃុំពពេល ស្រុកគីរីវង្ស ខេត្តតាកែវ(អ្នកចាក់)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យកម្លាំងសមត្ថកិច្ចទាំង១២ ខណ្ឌចុះអនុវត្តតាមបទបញ្ជា និងបង្ក្រាបបទល្មើសដូចជា ឆក់ ប្លន់ លួច និងល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានឲ្យបាននោះ ទើបកម្លាំងនគរបាលខណ្ឌឫស្សីកែវ បាន ចុះបង្ក្រាបទីតាំងបាញ់អាប៉ោងមួយកន្លែង ស្ថិតនៅផ្លូវរថភ្លើង ហើយបានឃាត់ខ្លួនមនុស្ស២នាក់ ដោយនៅក្នុងនោះម្នាក់ជាមេអាប៉ោង ម្នាក់ទៀតជាអ្នកលេង និងបានដកហូតសម្ភារមួយចំនួនរួមមាន៖ មេអាប៉ោង ១, ចាន ១, ការធុនជ័រ ១, កម្រាលមួយផ្ទាំង និងទឹកប្រាក់ចំនួន ៣ម៉ឺនរៀល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យពីរនាក់ខាងលើរួមជាមួយសម្ភារៈមួយជាវត្ថុតាងរួចមក ជនទាំងនេះត្រូវបាននាំទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីចាត់តាមច្បាប់៕

keo-2 keo-1

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print