ខេត្តកណ្តាល÷ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ករណីក្មេងស្រីជាសិស្សម្នាក់អាយុត្រឹមតែ ១០ឆ្នាំ បានលង់ទឹកស្លាប់យ៉ាងអណោចអធ័ម ក្រោយនាងបានលោតចូលទៅហែលលេងក្នុងរណ្តៅទឹកជ្រៅម្នាក់ឯង។
ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ដាឡា ស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។
លោកអនុសេនីយ៍ឯក ឈា សុវណ្ណរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកឃ្លាំងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យី សុខលាង ភេទស្រី អាយុ១០ឆ្នាំ ជាសិស្ស សាលា រស់នៅក្នុងភូមិឃុំកើតហេតុ។
លោកនាយប៉ុស្តិ៍បានបន្តថា តាមការបំភ្លឺរបស់ឈ្មោះ ពិសិដ្ឋ (ប្រុស) ដែលត្រូវជាបងជីដូនមួយរបស់ជនរង គ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា ៤-៥នាក់បានបបួលគ្នាទៅបេះស្វាយញ៉ាំ។ ពេលកំពុងអង្គុយញ៉ាំស្វាយ ក្មេងស្រីរងគ្រោះបានលោតចូលទៅក្នុងរណ្តៅដីដែលមានទឹកជ្រៅហែលលេងតែម្នាក់ឯង។ មួយ សន្ទុះក្រោយមក នាងក៏ស្រែកហៅឲ្យជួយ តែបងជីដូន មួយរបស់នាងលោតទៅជួយមិនបាន ព្រោះមានមាឌ តូចជាង ទើបហែលមកវិញដើម្បីរត់ទៅប្រាប់ជីដូនឲ្យទៅជួយ។ ពេលជីដូននិងបងប្អូនទៅដល់ ជនរងគ្រោះបានលិចបាត់ទៅហើយ។
ក្រោយពេលស្រង់បាន សពរបស់នាងត្រូវបានដឹកទៅមន្ទីរពេទ្យ តែគ្រូពេទ្យបានប្រាប់ថាបានស្លាប់បាត់ទៅហើយ។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយការពិនិត្យធ្វើកោសល្យវិច័យ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕