សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយ លោកបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្ដេចធិបតី និងលោកបណ្ឌិត Mohd Hatta បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាននយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត និងគណៈប្រតិភូសភាម៉ាឡេស៊ីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយថែមទៀត។

នៅក្នុងឱកាសនៃជំនួបនេះដែរ លោកបណ្ឌិតមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងឱកាសនោះ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print