ប្រធានាធិបតីអាមេរិកចេញបញ្ជាតឹងរ៉ឹងថា វាយប្រហារកាតារគឺវាយប្រហារអាមេរិក

ចែករំលែក៖

ប្រធានាធិបតីអាមេរិកបានសន្យាចាត់ទុកការវាយប្រហារដោយប្រដាប់អាវុធណាមួយលើប្រទេសកាតារថាជាការគំរាមកំហែងដល់សន្តិសុខអាមេរិក។ វ៉ាស៊ីនតោនអាចនឹងធ្វើអន្តរាគមន៍ដើម្បីការពារទីក្រុងដូហា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tass ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី 1 ខែតុលា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិកក្នុងការការពារសន្តិសុខនិងបូរណភាពទឹកដីនៃប្រទេសកាតារ។
ក្រឹត្យនោះបានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកនឹងចាត់ទុកការវាយប្រហារដោយប្រដាប់អាវុធណាមួយលើទឹកដី អធិបតេយ្យភាព ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់រដ្ឋកាតារថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់សហរដ្ឋអាមេរិក»។
«ប្រសិនបើការវាយប្រហារបែបនេះកើតឡើង សហរដ្ឋអាមេរិកនឹងចាត់វិធានការតាមច្បាប់ និងសមស្របទាំងអស់ រួមទាំងការទូត សេដ្ឋកិច្ច ហើយបើចាំបាច់ យោធា ដើម្បីការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងកាតារ និងស្ដារសន្តិភាព និងស្ថិរភាពឡើងវិញ»។
ឯកសារនេះក៏បាននិយាយផងដែរថា មន្ត្រីការពារជាតិនិងចារកម្មកំពូលរបស់អាមេរិកនឹងរក្សាផែនការបន្ទាន់ជាមួយកាតារ ដើម្បីធានានូវសមត្ថភាពក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការវាយប្រហារណាមួយ។

ទន្ទឹមនឹងនោះ ឯកសារនេះបានបញ្ជាក់ថា អាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកាតារ ដើម្បីដោះស្រាយជម្លោះ ដោយ “កត់សម្គាល់ពីបទពិសោធន៍ការទូត និងការសម្របសម្រួលដ៏ទូលំទូលាយរបស់កាតារ”។
នៅថ្ងៃដដែលនោះ ប្រទេសកាតារបានស្វាគមន៍ចំពោះក្រឹត្យរបស់លោក Donald Trump ដោយបានហៅវាថាជាព្រឹត្តិការណ៍សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
កាសែត The Times of Israel បានផ្សាយថា បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក ត្រូវបានចេញជាផ្នែកនៃផែនការដ៏ទូលំទូលាយមួយ ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។ ប្រទេសកាតារដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចចរចាសន្តិភាពរវាងអុីស្រាអែល នឹងកងកម្លាំងហាម៉ាសនៅក្នុងតំបន់៕ ដោយធីរីណា

...

រូបថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print