ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល អនុវត្តការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គឺកំពង់ផែទេសចរណ៍កំពង់ចាម។
កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលមានវានាដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិពីប្រទសវៀតណាម ចូលចតទៅតាមកាលវិភាគដែលបានគ្រោងទុក។
ការដាក់ដំណើរប្រតិបត្តិការកំពង់ផែនេះនៅពេលអនាគត ពិតជាផ្តល់ឱកាសដ៏វិសេស ដើម្បីអភិវឌ្ឍតំបន់ក្រុងកំពង់ចាម ឲ្យមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស។ម្យ៉ាងវិញទៀត ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រជាប់នឹងគម្រោងពង្រីកផ្លូវនាវាចរណ៍ពីភ្នំពេញមកកំពង់ចាម និងផ្លូវនាវាចរណ៍ព្រែកជីកហ្វូណនតេជោ កំពង់ផែទេសចរណ៍នេះ នឹងបន្តទទួលភ្ញៀវទេសចរកាន់តែច្រើនថែមទៀតនៅពេលអនាគត។
នៅពេលសាងសង់ចប់រួចរាល់ កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម នឹងត្រូវប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាមជាអ្នកគ្រប់គ្រង និងប្រតិបត្តិការ។
ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ ខែ។ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមាន អគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦។
ជារួមក្រសួងសាធារណការ និងដឹកជញ្ជូន នឹងខិតខំបញ្ចប់ការសាសង់គម្រោងដ៏សំខាន់នេះឲ្យរួចរាល់តាមការគ្រោងទុក។
សូមអរគុណ🙏🙏🙏 ៕
ដោយ ៖ សិលា