អាមេរិក ប្រកាសសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសសង្រ្គាមជាមួយពួកឧក្រិដ្ឋជនគ្រឿងញៀន នៅក្នុងឯកសារមួយជូនដំណឹងទៅកាន់សភាអាមេរិកអំពីភាពស្របច្បាប់ក្នុងការវាយប្រហារលើទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅក្នុងដែនទឹកក្បែរប្រទេសវ៉េណេហ្ស៊ុយអេឡា។

ឯកសារខាងលើដែល Reuters បានឃើញកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ត្រូវបានធ្វើបទបង្ហាញត្រួសៗទៅកាន់សភាអាមេរិកដោយក្រុមអ្នកច្បាប់របស់មន្ទីរបញ្ចកោណក្នុងសប្ដាហ៍នេះ ខណៈដែលក្រុមអ្នកជំនាញនាំគ្នាចោទសួរពីភាពស្របច្បាប់ក្នុងការវាយប្រហាររបស់រដ្ឋបាលលោក ត្រាំ លើទូកដែលសង្ស័យថាជាកម្មសិទ្ធិរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀននៅតំបន់សមុទ្រ Caribbean។
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ យោធាអាមេរិកបានបើកការវាយប្រហារលើទូកចំនួន៣គ្រឿងដែលសង្ស័យថាដឹកគ្រឿងញៀនដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏១៧នាក់ដែរ ខណៈក្រុមអ្នករិះគន់ ចាត់ទុកការវាយប្រហារនេះជាកិច្ចប្រឹងប្រែងមួយរបស់លោក ត្រាំ ដើម្បីធ្វើតេស្ដលើវិសាលភាពនៃអំណាចជាប្រធានាធិបតីអាមេរិករបស់លោក។ ឯកសារខាងលើដដែលមិនបានផ្ដល់ហេតុផល ស្របច្បាប់ថ្មីណាមួយទេ ក្រៅតែនិយាយការពារសកម្មភាពរបស់រដ្ឋបាលលោក ត្រាំ ហើយក៏មិនបានបញ្ជាក់ផងដែរថាតើឯកសារនេះមានចេតនាបញ្ជាក់ពីភាពស្របច្បាប់ដើម្បីបន្តបើកការវាយប្រហារបន្ថែមទៀត ឬក៏គ្រាន់តែជាការពន្យល់ពីសកម្មភាពកន្លងមក ឬយ៉ាងណានោះទេ? ឯកសារនេះបានឱ្យដឹងថា លោក ត្រាំ បានសម្រេចថាសហ
រដ្ឋអាមេរិកកំពុងស្ថិតក្នុងជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិជាមួយក្រុមប្រដាប់អាវុធមិនមែនរដ្ឋកំពុងធ្វើសកម្មភាពដែលត្រូវបានចាត់ទុកថាជាការវាយប្រហារដោយប្រដាប់អាវុធប្រឆាំងសហរដ្ឋអាមេរិក។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារកន្លងទៅនេះបាននិយាយថា រដ្ឋបាលរបស់លោកកំពុងពិចារណាលើការវាយប្រហារប្រឆាំងពួកឧក្រិដ្ឋជនគ្រឿងញៀននៅលើទឹកដី វ៉េណេហ្ស៊ុយអេឡា ជាសកម្មភាពមួយប្រសិនបើកើតឡើងមែននោះវាអាចនឹងបង្កហានិភ័យផ្ទុះជម្លោះជាមួយវ៉េណេហ្ស៊ុយអេឡា និងបង្កើនការចោទសួរពីភាពស្របច្បាប់៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print