ភ្នំពេញ ៖ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥ សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ហៅកាត់ថា NASLA បានបន្តរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីចំនួន២៩វគ្គ ដោយមានសិក្ខាកាមចូលរួមសិក្សាសរុប២.៣២៩រូប ក្នុងនោះស្ត្រីមាន៧០៥រូប។ វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើតាមឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន។
វគ្គបណ្ដុះបណ្ដាលដែល NASLA រៀបចំ ត្រូវបានឯកឧត្តមនាយក ឱ្យដឹងថាមានជាអាទិ៍ វគ្គបណ្ដុះបណ្ដាលស្ដីពីនវានុវត្តន៍សម្រាប់រដ្ឋបាលមូលដ្ឋាន និងមូលដ្ឋាននីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ចំនួន១០៥សង្កាត់របស់រដ្ឋបាលរាជធានីភ្នំពេញវគ្គទី៣ និងវគ្គទី៤ សេវាសាធារណៈឆ្លើយតបនឹងយេនឌ័រផ្សារភ្ជាប់ជាមួយថវិកា ឃុំ សង្កាត់ ការរៀបចំនិងការអនុវត្តផែនការ និងថវិការដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធការងារអត្រានុកូលដ្ឋាន ការគ្រប់គ្រងរដ្ឋបាលខណ្ឌសម្រាប់ក្រុមប្រឹក្សាខណ្ឌចំនួន១៤ របស់រដ្ឋបាលរាជធានីភ្នំពេញ ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តតាមបែបវិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត វគ្គទី២ និងវគ្គទី៣។
បន្ថែមពីនេះ NASLA បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការសម្រុះសម្រួលវិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ កិច្ចការស្មៀននៅរដ្ឋបាលរាជធានីភ្នំពេញ កម្មវិធីអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់ខេត្តកណ្ដាល កំពង់ស្ពឺ និងកំពង់ឆ្នាំង កម្មវិធីវិក្រឹតការមូលដ្ឋានជំនាន់៩ វិធីសាស្រ្តលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន វគ្គអន្តរាគមន៍អភិវឌ្ឍសមត្ថភាព កម្មវិធីការអប់រំភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត និងអនាម័យសម្រាប់គ្រូបង្គោល ប្រព័ន្ធតាមដានការអនុវត្តគម្រោងកម្មវិធីវាយតម្លៃវគ្គបណ្ដុះបណ្ដាលនិងរៀបចំផែនការ និងគ្រប់គ្រងផ្អែកលើលទ្ធផលសម្រាប់ផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់សាជាតិរដ្ឋបាលមូលដ្ឋាន និងវិធិសាស្ត្រលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋសម្រាប់គ្រូបង្គោល។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តម សូមុនីរក្សា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ខែដូចគ្នានេះ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានចាត់មន្ត្រីចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលវែង និងខ្លី ក្នុងនិងក្រៅប្រទេសចំនួន៧វគ្គ ដោយមានសិក្ខាកាមចូលរួមសរុប ៤៨រូប ស្រី១៥រូប និងបានរៀបចំផ្សព្វផ្សាយអាហារូបករណ៍ចំនួន៦ ដល់មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មួយចំនួនទៀត រួមមាន ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ ចំនួន២ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ចំនួន១ វគ្គសិក្សារយៈពេលខ្លីនៅអង្គការយូនីសេហ្វ ចំនួន១ ថ្នាក់ឧត្តមសិក្សាប្រទេសនូវែលសេឡង់ ចំនួន១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី ចំនួន១។
បន្ថែមលើការបណ្ដុះបណ្ដាលមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការបញ្ជូនមន្ត្រីទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេស សាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏បានពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលដោយបាននិងកំពុងរៀបចំកម្មវិធីសិក្សា រៀបចំសៀវភៅគោល និងសៀវភៅណែនាំ បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្គោល រៀបចំបរិស្ថានលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍសមត្ថភាព និងគាំទ្រ តាមដានត្រួតពិនិត្យ និងវាយតម្លៃការអភិវឌ្ឍសមត្ថភាពមន្រ្តី ព្រមទាំងបណ្ដុះបណ្ដាលគ្រូបង្គោលបានចំនួន៥វគ្គ ដោយមានសិក្ខាកាម១៣៨រូប សម្រាប់គ្រូបង្គោលរបស់សាលាជាតិរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ផងដែរ។
សូមបញ្ជាក់ថា សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ មានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ រចនាសម្ព័ន្ធរបស់សាលាជាតិរដ្ឋបាលមូលដ្ឋានមានចំនួន៤ រួមមាន ១.នាយកដ្ឋានកិច្ចការទូទៅ ២.នាយកដ្ឋានបណ្ដុះបណ្ដាល ៣.នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ ៤.នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ