អភិបាលខេត្ត​ព្រៃវែង​ នាំយកអំណោយផ្តល់ជូន ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៦០គ្រួសារ ក្នុងស្រុកពារាំង

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋចំណាកស្រុកដែលបានវិលត្រឡប់មកពីប្រទេសថៃ មានជីវភាពខ្វះខាតចំនួន ៦០គ្រួសារ នៅបរិវេណសាលាឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត​ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី​ កែ សួនសុភី ស សុខា ដែលសម្តេច និងលោក តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ ដោយមិនប្រកាន់ពូជសាស បក្សពួកនិយមអ្វើឡើយ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា ការធ្វើការងារនៅក្នុងប្រទេស គឺមានអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋ គ្រប់ៗគ្នា។ ដោយការងារនៅក្នុងស្រុកផ្ដល់ប្រាក់បៀវត្សសមរម្យ មានកន្លែងស្នាក់នៅ មានប្រាក់សោធននិវត្តន៍ និងមានប្រាក់សម្រាប់ពេលលំហែមាតុភាព ដល់កម្មការិនីនៅតាមរោងចក្រសហគ្រាស ដែលបម្រើការងារនៅក្នុងប្រទេសកម្ពុជា។ ហើយមួយទៀតនោះគឺប្រជាពលរដ្ឋដែលធ្វើការងារនៅក្នុងប្រទេស ក៏ទទួលបាននូវឱកាស យ៉ាងច្រើនដោយមិនប្រឈមនឹងហានិភ័យផ្សេងៗដូចដែលយើងទៅធ្វើការនៅឯក្រៅប្រទេសនោះទេ។

លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា អំណោយដែលផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបការខ្វះខាតនេះទោះបីជាមិនបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រចាំថ្ងៃក៏ពិតមែនក៏វាអាចជួយសម្រួលជីវភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតធំនោះផងដែរ។ អំណោយ ដែលផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង ៦០ គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបានអង្ករ,មី, ទឹកត្រី,ទឹកស៊ីវ, និងថវិកាចំនួន ១០ ម៉ឺនរៀលផងដែរ។

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ​ លោកអភិបាលខេត្តក៏បានអញ្ជើញដឹកនាំក្រុមការងារមន្ទីរពាក់ព័ន្ធបន្តចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅក្នុងស្រុកស៊ីធរកណ្ដាល ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ទឹកភ្លៀងលិចស្រូវរបស់ប្រជាពលរដ្ឋចំណុចវាលលៀច ភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ចំនួន ៥៣ ហិចតាផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print