ខេត្តកំពង់ស្ពឺ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន និងបងប្អូនកម្មករនិយោជិត នៃរោងចក្រ តារាល អ៊ិនធើណេសិនណល ជ្រាបថា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ កម្មករនិយោជិតនៃ ក្រុមហ៊ុន តារាល អ៊ិនធើណេសិនណល ឯ.ក ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ៣ ភូមិព្រៃតាមួច និង ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាននាំគ្នាផ្អាកការងារ និងប្រមូលផ្តុំធ្វើការតវ៉ា រហូត ឈានដល់ការបិទផ្លូវជាតិលេខ៣ ដោយទាមទារឱ្យក្រុមហ៊ុនរក្សាប្រាក់ឈ្នួលអំឡុងពេលធ្វើកូដកម្ម និងលក្ខខណ្ឌ ការងារផ្សេងៗទៀតចំនួន ១៨ចំណុច។
ក្រោយពីទទួលបានព័ត៌មាននេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងក្រុមហ៊ុនភ្លាម ដើម្បីសម្របសម្រួលនិងស្វែងរកដំណោះស្រាយ។ ជាលទ្ធផល ភាគីទាំងពីរគឺតំណាងបងប្អូនកម្មករនិយោជិត ដែលបានរើសដោយបងប្អូនផ្ទាល់ និងតំណាងនិយោជកបាន ទទួលយកដំណោះស្រាយដោយឯកភាពសះជានឹងគ្នា រហូតដល់ទៅ ១៦ចំណុច។
ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ ទទួលយកនូវដំណោះស្រាយដែលក្រុមហ៊ុន បានយល់ព្រម និងត្រូវសហការអនុវត្តតាម បទប្បញ្ញត្តិច្បាប់និងចៀសវាងធ្វើសកម្មភាពប៉ះពាល់ ដល់សណ្តាប់ធ្នាប់ សាធារណៈ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន និងផលប្រយោជន៍រួមរបស់កម្មករនិយោជិតភាគច្រើនផ្សេងទៀត ដែលបាននិងកំពុងខិតខំធ្វើការនៅក្នុងរោងចក្រ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនកម្មករនិយោជិត នៃក្រុមហ៊ុន តារាល អ៊ិនធើ ណេសិនណល ឯ.ក ជ្រាបជាព័ត៌មាន៕ដោយ៖តារា