ខេត្តកំពង់ឆ្នាំង៖ ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញពីលោករដ្ឋមន្រ្តី ថោ ជេដ្ឋា ប្រធានអាជ្ញាធរទន្លេសាប លោក ជា សុខនី អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ដោយមានការចូលរួមសហការពីលោកអភិបាលរងខេត្ត ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សា និងធ្វើបច្ចុប្បន្នភាពទិន្នន័យ ករណីប្រជាពលរដ្ឋរស់នៅស្រុកកំពង់លែង ស្នើសុំកាត់ឆ្វៀល និងអាស្រ័យផលលើទីតាំងដីតំបន់៣ នៃតំបន់ទន្លេសាប ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្នុងកិច្ចប្រជុំនេះដែរ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុកកំពង់លែង ឃុំ និងភូមិពាក់ព័ន្ធ។
សូមជម្រាបជូនជ្រាបថា កិច្ចប្រជុំនេះ យោងលើស្មារតីនៃលិខិតលេខ ២៦ សជណ ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លិខិតលេខ៩២០៦ សហវ.លសអទច ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ និងលិខិតលេខ១៤៣៤ ដនស/អសដក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើបច្ចុប្បន្នភាពនៃការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ស្របតាមនីតិវិធីជាធរមាន៕
ដោយ៖តារា