ទេសរដ្ឋមន្ត្រី​ គន់ គីម ចុះពិនិត្យការសាងសង់ផ្ទះសមាគមអតីតយុទ្ធជន និងនិវត្តជន ស្ថាបនាស្រះទឹក និងប្រព័ន្ធប្រឡាយទឹក នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះ, ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹកសម្រាប់ជាប្រភពប្រើប្រាស់ជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។​ ការចុះពិនិត្យនេះ មានការចូលរួមពី ប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត, លោក អភិបាលស្រុក, អធិការស្រុក, និងអាជ្ញាធរមូលដ្ឋាន។

ក្នុងពេលចុះពិនិត្យ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម បានណែនាំឱ្យបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និងដោះស្រាយជូនអតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលជួបការលំបាក ដើម្បីផ្តល់ដី និងផ្ទះសម្រាប់កសាងជីវភាពរស់នៅប្រចាំថ្ងៃ។

ទេសរដ្ឋមន្ត្រី គន់ គីម​ បានមានប្រសាសន៍បន្តថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តបំពេញបន្ថែមដែលមានដូចជា ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹកនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃជូនអតីតយុទ្ធជន និងនិវត្តជន ក៏ដូចជាក្រុមគ្រួសារ។ 

អំឡុងចុះពិនិត្យ ទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រធានលេខាធិការដ្ឋានខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាអនុវត្តកិច្ចការឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការសាងសង់ផ្ទះ ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹក នឹងប្រើប្រាស់ប្រកបដោយគុណភាព។ 

ទេសរដ្ឋមន្ត្រី គន់ គីម​ បានថ្លែងថា អស់រយៈពេលជាង១៨ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។

លោកទេសរដ្ឋមន្រ្តី បន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដោយការចុះជួបផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ដើម្បីឈ្វែងយល់ពីសុខទុក្ខ និងការលំបាក, ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើងស្របតាមការវិវឌ្ឍនៃសេដ្ឋកិច្ចជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print