ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល ចេញល្បាតតាមផ្លូវប្រទះឃើញក្មេងទំនើង៣នាក់ឃាត់មកសាកសួរនិងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីពួកគេបង្ហោះម៉ូតូនៅក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា នៅថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៥ វេលាម៉ោង៥និង១៦នាទីល្ងាច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់បានចេញល្បាតប្រទះឃើញក្មេងទំនើងមួយក្រុមកំពុងជិះម៉ូតូធំបង្ហោះនៅលើផ្លូវបេតុង ស្ថិតក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មានម៉ូតូចំនួន០៣គ្រឿងមនុស្ស០៣នាក់(ប្រុស) មានអ្នកជិះម៉ូតូបង្ហោះមានអ្នកតាមថតវីដេអូ។
ប្រភពដដែលបន្តថា ក្មេងទំនើងទាំងនោះមានឈ្មោះទី១.ភាព សៀកឡេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិក្រូចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ២.ឈ្មោះវុធ សុវណ្ណយុទ្ធ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅខណ្ឌដង្កោ រាជធានីភ្នំពេញ
និងទី៣.ឈ្មោះចន កក្កដា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត និងធ្វើកិច្ចសន្យាអប់រំអោយត្រឡប់ទៅគេហដ្ឋានវិញ។
ក្រោយមក ដោយមានការអនុញ្ញាតពីលោកអធិការ វត្ថុតាងទាំង០៣គ្រឿងសមត្ថកិច្ចបានធ្វើការដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់រយៈពេល១៥ថ្ងៃផងដែរ៕