ប្អូនប្រុសម្នាក់ឆ្លងសាឡាងជាមួយឪពុកទៅផ្ទះធ្លាក់ទឹកទន្លេលិចបាត់រកសពមិនឃើញ

ចែករំលែក៖

ភ្នំពេញ ៖ ឪពុកឈររៀបរាប់ប្រាប់អ្នកព័ត៌មាន បន្ទាប់ពីកូនប្រុសរបស់ខ្លួនធ្លាក់ពីលើសាឡាងចូលក្នុងទឹកទន្លេបាត់ដំណឹងសូន្យឈឹងរកមិនឃើញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។
ទីតាំងកើតហេតុ ស្ថិតនៅកំពង់ចម្លងព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសជាឪពុកបានឲ្យដឹងថា គាត់ជាជាងជួសជុលម៉ូតូនិងប៉ះកង់ ដែលមានទីលំនៅបច្ចុប្បន្ននៅខាងកោះដាច់ តែមករកស៊ីនៅជ្រោយចង្វា។ មុនពេលកើតហេតុ ម៉ោងជាង៦ល្ងាច គាត់និងកូនរបស់គាត់ (ជនរងគ្រោះ) បានត្រឡប់ទៅផ្ទះវិញ ដោយគាត់ជិះម៉ូតូ ចំណែកកូនប្រុសរបស់គាត់ជិះកង់ ធ្វើដំណើរមកកាន់កំពង់ចម្លងព្រែកលៀប គោលបំណងទៅផ្ទះនៅកោះដាច់ ។
បុរសជាឪពុកបានបន្តថា សាឡាងក៏មកដល់ ពួកគាត់ទាំងពីក៏ឡើងជិះសាឡាងដូចសព្វដង លុះពេលសាឡាងចេញពីកំពង់បានពាក់កណ្តាលទន្លេ កូនប្រុសរបស់គាត់ ក៏បានយកដៃទៅច្រត់កែបកង់ តែមិនប្រយ័ត្នក៏របូតដៃដាំក្បាលចុះទៅក្រោម បណ្តាលឲ្យធ្លាក់ពីលើសាឡាងចូលទៅក្នុងទឹកទន្លេលិចបាត់ភ្លាមៗតែម្តង ។ ភ្លាមៗនោះគាត់បានគាំងភ័យ មិនបានស្រែកអោយគេជួយទាន់ពេលវេលា ដោយឃើញសភាពកូនរបស់គាត់ធ្លាក់ទឹកស្តែងៗពេក ។

បញ្ជាក់ យុវជនរងគ្រោះដែលត្រូវជាកូនបុរសជាងជួសជុលម៉ូតូខាងលើ មានអាយុប្រមាណ១៩ឆ្នាំ ។ ក្រោយធ្លាក់ទឹក បុរសជាឪពុកបានពឹងពាក់អោយអ្នកនេសាទ នាំគ្នាជួយជិះទូកស្វែងរកតាមច្រាំង និងតាមដងទន្លេ ជុំវិញទីតាំងដែលធ្លាក់ទឹក ប៉ុន្តែរកមិនឃើញនោះទេ ទាំងដែលទឹកទន្លេមានសភាពហក់ឡើងខ្លាំង និងទឹកហូរខ្លាំងផងដែរ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំបុរសជាឪពុកទៅប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរនាំអំពីហេតុការណ៍ ព្រមទាំងចាត់វិធានការ ដើម្បីស្វែងរកមនុស្សនៅពេលក្រោយ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print