ស្វែងយល់ពីលទ្ធផលការងារសំខាន់៣ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ!

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានសម្រេចលទ្ធផលការងារជាច្រើន ក្នុងនោះក៏មានការងារសំខាន់ៗចំនួន៣ផងដែរ រួមមាន ការងារបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពមន្ត្រី ការងារសវនកម្ម និងការងារពង្រឹងសុចរិតភាពនិងអភិបាលកិច្ច។ នេះបើតាមការថ្លែងរបស់លោកអគ្គនាយក ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥។

សម្រាប់ការងារបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាព លោកអគ្គនាយក បានមានប្រសាសន៍ថា អគ្គនាយកដ្ឋាន បានរៀបចំបណ្ដុះបណ្ដាលមន្ត្រីដោយបែងចែកជា២ ទី១គឺការងារបណ្ដុះបណ្ដាលផ្ទៃក្នុង និងទី២ការងារបណ្ដុះបណ្ដាលក្រៅអង្គភាព។ ចំពោះការងារបណ្ដុះបណ្ដាលផ្ទៃក្នុង អគ្គនាយកដ្ឋានបានរៀបចំវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុង ដោយមានគ្រូឧទ្ទេសនាមក្នុងអង្គភាពដែលមានបទពិសោធន៍ និងជំនាញ សម្រាប់ចែករំលែក និងបង្កើនសមត្ថភាពដល់មន្ត្រី។ ការងារនេះ អគ្គនាយកដ្ឋាន បានរៀបចំវគ្គបណ្ដុះបណ្ដាលចំនួន២វគ្គ សម្រាប់វគ្គទី១ ស្ដីពី ការអភិវឌ្ឍសមត្ថភាពលើការងារសវនកម្មផ្ទៃក្នុង និងអភិបាលកិច្ច និងវគ្គទី២ ស្ដីពី ក្រមសីលធម៌មន្ត្រីសាធារណៈ និងសុចរិតភាព ដោយមានគ្រូឧទ្ទេសផ្ទៃក្នុង៦រូប និងសិក្ខាកាមចូលរួម ២៨៤រូប ស្រី៣៦រូប។
លោក ងួន ស្រេង បានបន្ថែមទៀតថា វគ្គបណ្ដុះបណ្ដាលដែលអគ្គនាយកដ្ឋានរៀបចំកន្លងមកនេះ មានប្រធានបទចំនួន៦ រួមមានទស្សនទានអភិបាលកិច្ចល្អ ក្រមសីលធម៌មន្ត្រីសាធារណៈ និងសុចរិតភាព ទិដ្ឋភាពទូទៅនៃការចុះធ្វើសវនកម្មផ្ទៃក្នុង និងរបាយការណ៍ កិច្ចលទ្ធកម្មសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ កិច្ចសវនកម្មលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងបុគ្គលិក។ លោក បន្តថា ក្រៅពីការងារបណ្ដុះបណ្ដាលនៅក្នុងអង្គភាព អគ្គនាយកដ្ឋានក៏បានចាត់បញ្ជូនមន្ត្រីចូលរួមបណ្ដុះបណ្ដាលតាមក្រសួង ស្ថាប័ន និងអង្គភាពចំណុះក្រសួងមហាផ្ទៃចំនួន៧វគ្គ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់មន្ត្រី និងទទួលបានគុណវុឌ្ឍិគ្រប់គ្រាន់ឆ្លើយតបទៅតាមតួនាទី ភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្រាប់ការងារសវនកម្ម ក្នុងរយៈពេលដូចគ្នានេះ អគ្គនាយកដ្ឋាន បានចុះធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុបចំនួន២៧៧គោលដៅនៃផែនការប្រចាំឆ្នាំ។ ក្នុងនោះ ផ្នែករដ្ឋបាលស៊ីវិល សម្រេចបាន ១០៥គោលដៅ ផ្នែកសន្តិសុខសាធារណៈ ១៥៩គោលដៅ ផ្នែកពន្ធនាគារ សម្រេចបាន១៣គោលដៅ ។ ក្រៅពីការងារសវនកម្មតាមផែនការប្រចាំឆ្នាំ អគ្គនាយកដ្ឋានក៏បានបញ្ចប់ការងារតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ១ករណីផងដែរ។

ដោយឡែកការងារពង្រឹងសុចរិតភាព និងអភិបាលកិច្ច ឯកឧត្តមអគ្គនាយ បានមានប្រសាសន៍ថាមានជាអាទិ៍ បានកែសម្រួលគោលការណ៍ស្នើសុំ និងនីតិវិធីក្នុងការចុះវាយតម្លៃការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ បានរៀបចំប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការងារចុះសិក្សាតាមដានវាយតម្លៃលើការផ្ដល់សេវារដ្ឋបាល នៅការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ចំនួន២៥ ចំណុះរដ្ឋបាលខេត្ត ចំនួន១២ សម្រាប់ឆ្នាំ២០២៥ ចំនួន៥លើក។

ក្រៅពីនេះ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក៏បានស្រាវជ្រាវ និងប្រមូលចងក្រងឯកសារពាក់ព័ន្ធនានាដូចជា បែបបទ នីតិវិធី អនុក្រឹត្យ សៀវភៅណែនាំ និងបានផ្ដល់បទឧទ្ទេសនាមស្ដីពីគោលការណ៍អភិបាលកិច្ចល្អ ក្នុងកម្មវិធីវិក្រឹត្យការមូលដ្ឋាន ជំនាន់ទី៩ ឆ្នាំ២០២៥ សម្រាប់ក្រុមគោលដៅមានមុខតំណែងចាប់ពីអនុប្រធានការិយាល័យ នៅទីស្ដីការក្រសួងមហាផ្ទៃ និងប្រធានការិយាល័យក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ មានរចនាសម្ព័ន្ធ៤ មានជាអាទិ៍ ១.នាយកដ្ឋានរដ្ឋបាលសរុប ២.នាយកដ្ឋានសវនកម្មទី១ ៣.នាយកដ្ឋានសវនកម្មទី២ និង៤.នាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print