ខេត្តកំពង់ចាម÷ ដោយអនុវត្តតាមបទបញ្ជារបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព ក្នុងការពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាកម្លាំងសមត្ថកិច្ចនគរបាលក្រោមឱវាទ ចេញប្រត្តិបត្តិការបង្ក្រាបក្រុមជនសង្ស័យ ៤នាក់ នៅក្នុងភូមិសាស្ត្រ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋលោកបានចាត់បញ្ជាកម្លាំងចេញប្រតិបត្តិការ ដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនជនសង្ស័យបាន ៤ នាក់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន ២គ្រឿង ម៉ាកហុងដាពណ៌ខ្មៅសេរី ឆ្នាំ2024 ជារបស់ជនរងគ្រោះ, ម៉ាកហុងដាពណ៌ខ្មៅសេរី.២០១៨ និងកាំបិតខ្វែវ១ដើម វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលស្រុកបាធាយ តាមបញ្ជា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕